រុស្ស៊ី ប្ដឹងទៅអង្គការសហប្រជាជាតិ ពីរឿងអ៊ុយក្រែន រៀបចំប្រើប្រាស់គ្រាប់បែកកខ្វក់

រុស្ស៊ី ប្ដឹងទៅអង្គការសហប្រជាជាតិ ពីរឿងអ៊ុយក្រែន រៀបចំប្រើប្រាស់គ្រាប់បែកកខ្វក់

បុរីញូវយ៉ក៖ រុស្ស៊ី បានប្ដឹងទៅកាន់ក្រុមប្រឹក្សាសន្ដិសុខ អង្គការសហប្រជាជាតិ ស្ដីពីអ៊ុយក្រែន កំពុងតែរៀបចំគម្រោង ប្រើប្រាស់គ្រាប់បែកកខ្វក់ (Dirty Bomb) ដែលជាអាវុធមានផ្ទុកវិទ្យុសកម្ម ប៉ុនប៉ងវាយប្រហារ មកលើទឹកដីរបស់ខ្លួន ប៉ុន្ដែបារាំង ចក្រភពអង់គ្លេស និង សហរដ្ឋអាមេរិក បានចាត់ទុក ការលើកឡើងរបស់ក្រុងមូស្គូ ជាការបង្កើននូវជម្លោះ និង ជាលេសគំរាមកំហែង ប្រើប្រាស់អាវុធមហាប្រល័យលោក។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី២៥ ខែតុលា ថា រុស្ស៊ី បានប្រាប់ដល់ក្រុមប្រឹក្សាសន្ដសុខ អង្គការសហប្រជាជាតិ (UNSC) ថា អ៊ុយក្រែន កំពុងតែរៀបចំប្រើប្រាស់គ្រាប់បែកកខ្វក់ ដែលមានសារធាតុវិទ្យុសកម្ម វាយប្រហារមកលើដែនដីរបស់ខ្លួន។

ក្រុងមូស្គូ បានផ្ញើលិខិតមួយច្បាប់ រៀបរាប់លម្អិតពីការចោទប្រកាន់របស់ខ្លួន បញ្ជូនមកកាន់អង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទ ហើយបានលើកយកបញ្ហានេះ នៅក្នុងកិច្ចប្រជុំបិទទ្វាររបស់ក្រុមប្រឹក្សាសន្ដិសុខ អង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារ (វេលានៅសហរដ្ឋអាមេរិក)។

លោក តូប៊ៀស អែលវូដ (Tobias Ellwood) ប្រធានគណៈកម្មាធិការការពារជាតិ នៃរដ្ឋសភាចក្រភពអង់គ្លេស បានចេញការព្រមានចំៗ ថា បណ្ដាប្រទេសបស្ចិមលោក មិនត្រូវបិទភ្នែក ចំពេលមានហានិភ័យកាន់តែកើនឡើង ដោយសារតែក្ដីអស់សង្ឃឹមរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន អំពីការគំរាមកំហែង អាចនឹងបំផ្ទុះអាវុធនុយក្លេអ៊ែរ។

លោក អែលវូដ បានថ្លែងទៅកាន់សារព័ត៌មានរបស់ចក្រភពអង់គ្លេស Metro ក្រោយពេលចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និង បារាំង បានចេញនូវសេចក្ដីថ្លែងការណ៍រួមគ្នាដ៏កម្រមួយ ឆ្លើយតបទៅនឹងក្រុងមូស្គូ អះអាងដោយគ្មានភស្ដុតាង ថា អ៊ុយក្រែន កំពុងតែរៀបចំគម្រោងប្រើប្រាស់គ្រាប់បែកកខ្វិក (Dirty Bomb) ដែលជាគ្រាប់បែកមានផ្ទុកវិទ្យុសកម្ម។

លោក អែលវូដ បានសង្កត់ធ្ងន់ ថា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ដឹងច្បាស់ហើយ ថា គាត់កំពុងតែចាញ់សង្គ្រាមរបស់គាត់ នៅក្នុងប្រទេសអ៊ុយក្រែន។ ទាហានរបស់គាត់ កំពុងតែទទួលបរាជ័យយ៉ាងអាម៉ាស់ នៅលើសមរភូមិនានា ហើយគាត់ត្រូវតែបង្វែរសង្រ្គាមនេះ ទៅជាជម្រើសផ្សេងរបស់គាត់ឡើងវិញ ឬ អាចជាការចាប់ផ្តើមអត្ដឃាតរបស់គាត់។ ដូច្នេះ គាត់នឹងធ្វើអ្វីឲ្យខុសពីប្រក្រតី ដើម្បីប្រឌិតរឿងក្លែងក្លាយ ដើម្បីបន្ទោសដល់អ៊ុយក្រែន សម្រាប់ការប្រើប្រាស់អាវុធនុយក្លែរ ដែលនឹងកើតឡើង នាពេលខាងមុខ។

លោក ជែនស៍ ស្ដូលថែនប៊ឺក (Jens Stoltenberg) អគ្គលេខាធិការ អង្គការណាតូ បានច្រានចោលយ៉ាងដាច់អហង្ការ ជុំវិញការចោទប្រកាន់របស់រុស្ស៊ី ដែលបានលើកឡើង ថា អ៊ុយក្រែនអាចប្រើប្រាស់ជាតិផ្ទុះធម្មតា ដែលមានផ្ទុកសារធាតុវិទ្យុសកម្ម នៅលើទឹកដីរបស់ខ្លួន។

ការបដិសេធរបស់ប្រមុខអង្គការណាតូ (ឬអូតង់) បានកើតឡើង ក្រោយពេលលោក ស៊ើរហ្គេ សូអ៊ីហ្គូ (Sergei Shoigu) រដ្ឋមន្រ្ដីក្រសួងការពារជាតិរុស្ស៊ី បានលើកឡើង ដោយគ្មានភស្ដុតាង នៅក្នុងការហៅទូរស័ព្ទ ទៅកាន់សមភាគីចក្រភពអង់គ្លេស សហរដ្ឋអាមេរិក បារាំង និង តួកគី កាលពីថ្ងៃអាទិត្យមុននេះ។ ការចោទប្រកាន់ អំពីគ្រាប់បែកកខ្វក់ ឬ គ្រាប់បែកមានផ្ទុកវិទ្យុសកម្ម ជាសកម្មភាពជាបន្ដបន្ទាប់ បង្កើតឡើង ដោយវិមាក្រឹមឡាំង ដែលក្រុមអ្នកវិភាគមួយចំនួន ជឿ ថា វាជាការបង្ហាញ អំពីការបង្កើននូវការគំរាមកំហែង ពីការប្រើប្រាស់អាវុធមហាប្រល័យលោក ប្រឆាំងនឹងប្រទេសអ៊ុយក្រែន និង សម្ពន្ធមិត្តបស្ចិមលោកយ៉ាងពិតប្រាកដ។

ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និង បារាំង បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍រួមគ្នាមួយ ថា ប្រទេសមហាអំណាចបស្ចិម (បច្ឆិម) លោកទាំងនេះ បានទាត់ចោលការចោទប្រកាន់ទាំងអស់របស់រុស្ស៊ី។ ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និង បារាំង នៅតែបន្ដគាំទ្រដល់ប្រទេសអ៊ុយក្រែន នៅក្នុងការប្រឈមមុខជាមួយនឹងសង្គ្រាមឈ្លានពានដ៏សាហាវរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន៕

អត្ថបទដែលជាប់ទាក់ទង