អ៊ុយក្រែន​ត្រៀម​ខ្លួន​រួចជាស្រេច ដើម្បីទប់ទល់នឹង​ការ​វាយលុក​ជាថ្មី​របស់​រុស្ស៊ី​ នៅ​​ក្នុង​ខែ​កុម្ភៈ នេះ

នៅក្នុងសន្និសីទសារព័ត៌មានមួយ លោក Oleksiy Reznikov អនុរដ្ឋមន្ត្រីការពារជាតិ អ៊ុយក្រែន បាននិយាយថា មិនមែនគ្រប់សព្វាវុធរបស់លោកខាងលិចនឹងមកដល់ក្នុងពេលឆាប់ៗនោះទេ ប៉ុន្តែអ៊ុយក្រែនមានទុនបម្រុងគ្រប់គ្រាន់ដើម្បីទប់ទល់នឹងកងកម្លាំងរុស្ស៊ី។

ការ​អត្ថាធិប្បាយ​របស់​លោក Reznikov បាន​កើត​ឡើង​ប៉ុន្មាន​ម៉ោង​មុន​ពេល​មាន​ការ​ប្រកាស​ថា​លោក​ត្រូវ​ជំនួស​តំណែង​រដ្ឋមន្ត្រី​ការពារជាតិ ហើយប្រធានចារកម្មយោធា Kyrylo Budanov ទំនងនឹងចូលកាន់តំណែងរបស់គាត់។

គួរឲ្យដឹងថាៈ ប្រធានាធិបតី Zelensky បានបណ្តេញមន្ត្រីជាន់ខ្ពស់មួយចំនួនរួចហើយ ដែលជាផ្នែកមួយនៃការជំរុញប្រឆាំងអំពើពុករលួយយ៉ាងទូលំទូលាយនៅទូទាំងរដ្ឋាភិបាលរបស់គាត់។ ការ​រង្គោះរង្គើនេះ​កើតឡើង​ចំ​ពេល​មាន​រឿងអាស្រូវ​ពុករលួយ​ជា​បន្តបន្ទាប់​ដែល​បាន​ញាំញី​ក្រសួង​ការពារជាតិ។

ពាក់ព័ន្ធសង្គ្រាមអូសបន្លាយរវាងរុស្សី និងអ៊ុយក្រែននេះដែរ លោក Reznikov បាននិយាយថា អ៊ុយក្រែនបានធានាសុវត្ថិភាពមីស៊ីលរយៈចម្ងាយឆ្ងាយថ្មីដែលមានរយៈចម្ងាយ ៩០ ម៉ាយ (១៥០ គីឡូម៉ែត្រ) ប៉ុន្តែពួកគេនឹងមិនត្រូវបានប្រើប្រាស់ប្រឆាំងនឹងទឹកដីរុស្ស៊ីទេ មានតែប្រឆាំងនឹងអង្គភាពរុស្ស៊ីនៅក្នុងតំបន់កាន់កាប់របស់អ៊ុយក្រែនប៉ុណ្ណោះ។ លោក Reznikov បានបន្ថែមថា “ ខ្ញុំប្រាកដថា យើងនឹងឈ្នះសង្គ្រាមនេះ ” ប៉ុន្តែលោកក៏បានលើកឡើងដែរថា បើគ្មានការបញ្ជូនយន្តហោះចម្បាំងលោកខាងលិចទេ វានឹងធ្វើឱ្យយើងបាត់បង់ជីវិតថែមទៀត។

ថ្វីបើមានលំហូរនៃសព្វាវុធរបស់លោកខាងលិចទៅកាន់ប្រទេសអ៊ុយក្រែនក៏ដោយ ក៏រុស្ស៊ីបានចំណេញជុំវិញតំបន់ Bakhmut ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ខណៈដែលកងទ័ពរុស្ស៊ីបានបោះទាហាន កាន់តែច្រើនឡើងចូលទៅក្នុងសមរភូមិ។ ក្រុមទាហានស៊ីឈ្នួលប៉ារ៉ាយោធារុស្ស៊ី Wagner បានដឹកនាំការប្រយុទ្ធជាច្រើននៅក្នុងតំបន់នោះ។

គួរបញ្ជាក់ថាៈ កងកម្លាំងរុស្ស៊ីបានព្យាយាមដណ្តើមកាន់កាប់ទីក្រុង Bakhmut អស់រយៈពេលជាច្រើនខែមកហើយ ដែលធ្វើឱ្យវាក្លាយជាសមរភូមិដ៏វែងបំផុតចាប់តាំងពីរុស្ស៊ី បានឈ្លានពានអ៊ុយក្រែនជិតមួយឆ្នាំមុន។

គួររំលឹកថាៈ អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Reznikov ធ្លាប់បាននិយាយថា ទីក្រុងម៉ូស្គូបានប្រមូលផ្តុំកងទ័ពរាប់ពាន់នាក់ ហើយគេអាចនឹង “សាកល្បងអ្វីមួយ” ដើម្បីប្រារព្ធខួបនៃការលុកលុយដំបូងកាលពីឆ្នាំមុនរបស់ខ្លួនមកលើអ៊ុយក្រែន ហើយការប្រារព្ធខួបនេះ រុស្ស៊ីទំនងនឹងធ្វើនៅថ្ងៃទី២៣ ខែកុម្ភៈខាងមុខនេះ។

ទោះជាយ៉ាងនេះក្តី លោក Reznikov បានសង្កាត់ធ្ងន់ថាៈ រុស្ស៊ីមិនមានធនធានគ្រប់គ្រាន់ក្នុងការបើកការវាយលុកនោះទេ ប៉ុន្តែការធ្វើដូច្នេះវាគ្រាន់តែជាកាយវិការនិមិត្តរូប គម្រប់ខួបមួយឆ្នាំនៃការលុកលុយមកលើអ៊ុយក្រែនតែប៉ុណ្ណោះ៕

 

អត្ថបទដែលជាប់ទាក់ទង