កំណើននៃការស្លាប់ឈានដល់ជិត ៤០០០ នាក់ ក្នុងឧបទ្ទវហេតុរញ្ជួយដីនៅប្រទេសទួរគី និងស៊ីរី ខណៈអង្គការសុខភាពពិភពលោកព្រមានថា ចំនួននៃការស្លាប់អាចនឹងកើនឡើងដល់ទៅប្រាំបីដង…
យ៉ាងហោចណាស់មនុស្ស ៣,៨៣០ នាក់បានស្លាប់ និងរាប់ពាន់នាក់ទៀតរងរបួស បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ធំមួយ បានកើតឡើងកក្រើកប្រទេសទួរគី និងស៊ីរី កាលពីព្រឹកថ្ងៃចន្ទម្សិលមិញនេះ។ការរញ្ជួយដីកម្រិត ៧.៨ រ៉ិចទ័រ គឺជាគ្រោះរញ្ជួយដីខ្លាំងបំផុតមួយ ដែលបានវាយប្រហារតំបន់នេះក្នុងរយៈពេល ជាងមួយសតវត្ស។
បើតាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃតួកគី លោក Suleymon Soylu បានឲ្យដឹងថាៈ ទីក្រុងជាច្រើនត្រូវបានរងផលប៉ះពាល់ ដោយការរញ្ជួយដីដំបូង រួមមាន Hatay, Osmaniye, Adiyaman, Malatya, Sanliurfa, Adana, Diyarbakir និង Kilis ។ ហើយប្រហែល ១២ ម៉ោងក្រោយមក ការរញ្ជួយដ៏ខ្លាំងទីពីរបានវាយប្រហារភាគខាងជើងបន្ថែមទៀត។
ជុំវិញសោកនាដកម្មដ៏សម្បើមនេះដែរ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ និងគ្រាអាសន្នរបស់តួកគី (AFAD) បានអំពាវនាវសុំជំនួយពីអន្តរជាតិ ខណៈក្រុមអ្នកជួយសង្រ្គោះបានកំពុងសស្រាក់សស្រាំ តាមគនរអគារបាក់បែកក្នុងស្ថានភាពត្រជាក់ និងមានព្រិលធ្លាក់ផងនោះ ដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិត។
សហព័ន្ធអន្តរជាតិ នៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (IFRC) និយាយថា ខ្លួនកំពុង “ចាប់ផ្តើមជំនួយជាសាច់ប្រាក់ភ្លាមៗ” ពី មូលនិធិសង្គ្រោះបន្ទាន់សម្រាប់ការឆ្លើយតបគ្រោះមហន្តរាយ ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះនៅក្នុងប្រទេសទាំងពីរ ទន្ទឹមនឹងនោះអង្គការផ្សេងៗជាច្រើនទៀត ក៏កំពុងឆ្លើយតបផងដែរ។
អង្គការសុខភាពពិភពលោកបានព្រមានថាៈ ចំនួនអ្នកស្លាប់ទំនងជាកើនឡើងដល់ទៅប្រាំបីដង ខណៈដែលអ្នកជួយសង្គ្រោះរកឃើញជនរងគ្រោះកាន់តែច្រើននៅក្នុងគំនរបាក់បែក។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវឱ្យមានការឆ្លើយតប ជាអន្តរជាតិចំពោះវិបត្តិនេះ ដោយនិយាយថា គ្រួសារជាច្រើនដែលរងគ្រោះ ដោយគ្រោះមហន្តរាយនេះ “កំពុងត្រូវការជំនួយមនុស្សធម៌យ៉ាងខ្លាំង ពិសេសគឺឈាមដើម្បីសង្គ្រោះជីវិត។
ងាកមសហភាពអឺរ៉ុបឯណ្ណេះវិញ កំពុងបញ្ជូនក្រុមស្វែងរក និងជួយសង្គ្រោះទៅកាន់ប្រទេសទួរគី ខណៈដែលក្រុមអ្នកជួយសង្គ្រោះមកពីហូឡង់ និងរ៉ូម៉ានីកំពុងធ្វើដំណើររួចរាល់ហើយ។ ដោយឡែក ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីស្រាអែល រុស្ស៊ី និងអាមេរិកក៏បានសន្យាបញ្ជូនអ្នកជំនាញ សម្ភារៈ និងសុនខ ក្នុងការជួយសង្គ្រោះនេះដែរ។
គួរឲ្យដឹងផងដែរថាៈ ប្រទេសទួរគីស្ថិតនៅក្នុងតំបន់រញ្ជួយដីដ៏សកម្មបំផុតមួយរបស់ពិភពលោកដោយនៅឆ្នាំ១៩៩៩ ការរញ្ជួយដីដ៏សាហាវបានសម្លាប់មនុស្សជាង ១៧,០០០ នៅភាគពាយព្យ។ ខណៈគ្រោះរញ្ជួយដីដ៏អាក្រក់បំផុតរបស់ប្រទេសនេះគឺនៅក្នុងឆ្នាំ១៩៣៩ បានបណ្តាលឲ្យមនុស្ស ៣៣,០០០ នាក់បានស្លាប់នៅក្នុងខេត្ត អឺហ្សីនកាន ភាគខាងកើតនៃប្រទេស៕