ប៉េងប៉ោងចារកម្មចិន ក្នុងយុគ្គសម័យ Trump មិនត្រូវបានរកឃើញ

(សហរដ្ឋអាមេរិក) មន្ត្រីការពារជាតិអាមេរិកបាននិយាយថា យ៉ាងហោចណាស់ ប៉េងប៉ោងចារកម្មចិនចំនួនបី ដែលសង្ស័យថាបានហោះពីលើសហរដ្ឋអាមេរិក មិនត្រូវបានរកឃើញក្នុងអំឡុងពេលលោក ដូណាល់ ត្រាំ កាន់តំណែងជាប្រធានាធិបតី។

បើតាមឧត្តមសេនីយ៍ Glen VanHerck មន្ត្រីយោធាទទួលបន្ទុកការពារដែនអាកាសអាមេរិក បានឲ្យដឹងថាៈ សហរដ្ឋអាមេរិកមិនបានរកឃើញប៉េងប៉ោងនោះទេនៅពេលនោះ ដោយសារ “គម្លាតនៃការយល់ដឹង អំពីដែនចារកម្មយោធានៅពេលនោះ”។

គួរំឮកថាៈ ប៉េងប៉ោង​ចារកម្ម​ចិន​ដែល​សង្ស័យនោះ ​ត្រូវ​បាន​បាញ់​ទម្លាក់​ដោយ​យោធា​អាមេរិក​កាលពី​ចុង​សប្តាហ៍​មុន បន្ទាប់ពី​វា​បាន​ចំណាយពេល​ជាច្រើន​ថ្ងៃ​ធ្វើ​ដំណើរ​ឆ្លងកាត់​ដែនអាកាសសហរដ្ឋ​អាមេរិក។ ហើយរហូតមកដល់ពេលនេះ កងទ័ពជើងទឹកអាមេរិកនៅតែកំពុងធ្វើការដើម្បីទាញយកកំទេចកំទីនៅឆ្នេរសមុទ្រនៃរដ្ឋ South Carolina ។

ឧប្បត្តិហេតុប៉េងប៉ោងនេះ បានធ្វើឱ្យទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន កាន់តែតានតឹងដោយរដ្ឋមន្ត្រី ការបរទេសអាមេរិកលោក Antony Blinken កាលពីសប្តាហ៍មុន បានលុបចោលការធ្វើដំណើរដែលបានគ្រោងទុកទៅកាន់ទីក្រុងប៉េកាំង នេះបើតាមការចេញផ្សាយរបស់ BBC។

ពាក់ព័ន្ធនិងករណីដ៏រសើបនេះ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើការច្រានចោលរបាយការណ៍នេះទាំងស្រុង ដោយលោកបានលើកឡើងថា“ជាព័ត៌មានមិនពិត”។

ងាកមកមន្ត្រីចិនឯណ្ណេះវិញបានបដិសេធយ៉ាងដាចអហិង្ការថា ប៉េងប៉ោងដែលឆ្លងទ្វីបអាមេរិកកាលពីសប្តាហ៍មុន មិនត្រូវបានប្រើប្រាស់សម្រាប់គោលបំណងចារកម្មនោះទេ វាគ្រាន់តែជាប៉េងប៉ោងអាកាសធាតុដែលបានហោះចេញពីគន្លងផ្លូវតែប៉ុណ្ណោះ៕

អត្ថបទដែលជាប់ទាក់ទង