លោក ហ្សេលេនស្គី សុំឱ្យបារាំង និងអាឡឺម៉ង់ ផ្តល់យន្តហោះចម្បាំងឲ្យបានឆាប់បំផុត
ប្រធានាធិបតី Volodymyr Zelensky បានជួបមេដឹកនាំប្រទេសបារាំង និងអាឡឺម៉ង់ នៅទីក្រុងប៉ារីសកាលពីល្ងាច ថ្ងៃពុធម្សិលមិញនេះ ជាកន្លែងដែលពួកគេបានសន្យាថានឹងបន្តគាំទ្រដល់ អ៊ុយក្រែន។ លោក Emmanuel Macron របស់បារាំង និងលោក Olaf Scholz របស់អាល្លឺម៉ង់ បានរំលឹកឡើងវិញនូវជំនឿរបស់ពួកគេថា រុស្ស៊ីមិនត្រូវឈ្នះសង្រ្គាមនោះទេ។
ក្នុងជំនួបនោះដែរ លោក Zelensky បានធ្វើសំណើបន្ថែមទៀតដល់មេដឹកនាំនៃប្រទេសទាំងពីរសម្រាប់ យន្តហោះចម្បាំង ដោយលោកជឿជាក់ថា យន្តហោះចម្បាំង និងកាំជ្រួចរយៈចម្ងាយឆ្ងាយមានសារៈសំខាន់បន្ថែមលើរថក្រោះ Leopard 2 ដែលប្រទេសលោកខាងលិចបានប្តេជ្ញាក្នុងការផ្គត់ផ្គង់នាពេលថ្មីៗនេះ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយកាលពីល្ងាចថ្ងៃពុធជាមួយលោក Macron និងលោក Scholz លោក Zelensky បាននិយាយថា ប្រទេសបារាំង និងអាល្លឺម៉ង់មានសក្តានុពលក្នុងការក្លាយជា ” អ្នកផ្លាស់ប្តូរហ្គេម ” ក្នុងការប្រយុទ្ធជាមួយរុស្ស៊ី ដោយផ្តល់ឱ្យអ៊ុយក្រែននូវរថក្រោះប្រយុទ្ធ យន្តហោះចម្បាំងទំនើប និងកាំជ្រួចរយៈចម្ងាយឆ្ងាយ។
លោក Macron បាននិយាយថា អ៊ុយក្រែនអាចពឹងផ្អែកលើការគាំទ្ររបស់បារាំង ហើយថាប្រទេសនេះបាន “ប្តេជ្ញាចិត្តជួយអ៊ុយក្រែនឱ្យទទួលបានជ័យជម្នះ និងការបង្កើតឡើងវិញនូវសិទ្ធិស្របច្បាប់របស់ខ្លួន” ។ ដោយឡែកលោក Scholz ក៏បាននិយាយផងដែរថា “ជំហរមិនផ្លាស់ប្តូរទេ! រុស្ស៊ីមិនត្រូវឈ្នះសង្គ្រាមនេះទេ” ។
ទោះជាយ៉ាងនេះក្តី គេមិនទាន់អាចសន្និដ្ឋានបានទេថា តើប្រទេសទាំងពីរអាចប្តេជ្ញាផ្គត់ផ្គង់យន្តហោះចម្បាំង ឬអត់នោះ មិនច្បាស់លាស់នៅឡើយទេសម្រាប់ពេលនេះ។
គួរឲ្យដឹងផងដែរថា ជុំវិញសង្គ្រាមនៅអ៊ុយក្រែន ទាំងប្រធានាធិបតីបារាំង និងអធិការបតីអាល្លឺម៉ង់ ពេលខ្លះប្រឈមមុខនឹងការរិះគន់ចំពោះការយឺតយ៉ាវក្នុងការគាំទ្រអ៊ុយក្រែន។ ដោយកន្លងមកលោក Zelensky ក៏ធ្លាប់បានសម្តែងការខកចិត្តចំពោះលោក Macron ដែលបានបន្តសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បន្ទាប់ពីការលុកលុយអ៊ុយក្រែន។
គួរបញ្ជាក់ថាៈ ពាក់ព័ន្ធនឹងសង្គ្រាមអូសបន្លាយនេះ រុស្ស៊ីបានព្រមានថានឹងមាន “ការឆ្លើយតប” ពីទីក្រុងម៉ូស្គូ ប្រសិនបើនរណាម្នាក់បានផ្តល់យន្តហោះដល់អ៊ុយក្រែន៕