កូរ៉េខាងជើងបានសម្ញែងពិភពលោក ជាមួយវត្តមានមីស៊ីលអន្តរទ្វីបជាច្រើនគ្រាប់ មិនធ្លាប់មានពីមុនមក
កាំជ្រួចអន្តរទ្វីប ប្រភេទ ICBMs រាប់សិបគ្រឿងត្រូវបានបង្ហាញនៅឯក្បួនដង្ហែរយោធាកាលពីថ្ងៃពុធ កន្លងទៅនេះ។ ហើយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ត្រូវបានគេឃើញមានវត្តមាន ក្នុងក្បួនដង្ហែកណ្តាលអធ្រាត្រនោះដែរ ជាមួយនឹងកូនស្រីរបស់គាត់ ឈ្មោះ Kim Ju-ae ដែលគេរំពឹងថា នាងកំពុងត្រូវបានតែងតាំងជាអ្នកស្នងតំណែង។
ចំនួនកាំជ្រួចរយៈចម្ងាយឆ្ងាយដែលបង្ហាញក្នុងក្បួនដង្ហែបានជំរុញឲ្យមានការព្រួយបារម្ភ។ ក្រុមអ្នកវិភាគនិយាយថា កាំជ្រួចជាច្រើនប្រភេទនេះ ដែលតាមទ្រឹស្តីអាចបាញ់បានឆ្ងាយដល់ដីគោករបស់អាមេរិក អាចគ្របដណ្ដប់លើប្រព័ន្ធការពារនុយក្លេអ៊ែររបស់អាមេរិកថែមទៀតផង។
ប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងជើងមិនបានផ្តល់ព័ត៌មានលម្អិតទេ ប៉ុន្តែបាននិយាយថា “ ឃ្លាំងអាវុធបែបនេះ បានបង្ហាញពីការទប់ស្កាត់សង្គ្រាមដ៏ខ្លាំងក្លា និងសមត្ថភាពវាយប្រហារតបត របស់ប្រទេស ”។
តាមរូបភាពដែលត្រូវបានផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ហាក់ដូចជាបង្ហាញនូវកាំជ្រួច ICBMs ជាងរាប់សិបគ្រឿងដែលកំពុងវិលជុំវិញទីលានកណ្តាល នៃទីក្រុងព្យុងយ៉ាង ដែលអមដោយទាហានជើងខ្លាំង។
អ្នកវិភាគកូរ៉េខាងជើងមួយចំនួនបាននិយាយថា ការបង្ហាញនេះក៏រួមបញ្ចូលនូវកាំជ្រួច ICBM ថ្មីផងដែរ ដែលមើលទៅដូចជាការរចនាដើម្បីបំពាក់កាំជ្រួចឥន្ធនៈរឹង។ កាំជ្រួចឥន្ធនៈរឹងអាចបាញ់បានលឿនជាងកាំជ្រួចឥន្ធនៈរាវ ដែលពិបាកនឹងការពារ។
បើទោះជាយ៉ាងនេះក្តី របបរបស់លោក Kim មិនដែលទទួលបានជោគជ័យក្នុងការសាកល្បងកាំជ្រួចឥន្ធនៈរឹងរយៈចម្ងាយឆ្ងាយនោះទេ នេះបើតាមការចេញផ្សាយរបស់ CNN។
លោក Ankit Panda អ្នកឯកទេសគោលនយោបាយនុយក្លេអ៊ែរនៅ Carnegie Endowment for International Peace បាននិយាយថា “នេះគឺជាគោលដៅទំនើបកម្មនុយក្លេអ៊ែរដ៏សំខាន់មួយរបស់កូរ៉េខាងជើង”។ គាត់បន្ថែមថា “យើងគួរតែរំពឹងថានឹងឃើញការធ្វើតេស្តហោះហើរលើកដំបូងនៃមីស៊ីលឥន្ធនៈរឹងរយៈចម្ងាយឆ្ងាយនៅក្នុងប៉ុន្មានខែខាងមុខនេះ” ។ លោកបានបញ្ជាក់ទៀតថា ការពង្រីកឃ្លាំងអាវុធ ICBM របស់កូរ៉េខាងជើង បង្ហាញពី “បញ្ហាប្រឈមផែនការយោធាដ៏ធ្ងន់ធ្ងរ” សម្រាប់សហរដ្ឋអាមេរិក នៅក្នុងជម្លោះមួយ ព្រោះវាពិបាកសម្រាប់សហរដ្ឋអាមេរិកក្នុងការស្វែងរក និងបំផ្លាញ ICBMs ចល័តរបស់កូរ៉េខាងជើងទាំងអស់។
គួរបញ្ជាក់ថាៈ ក្បួនព្យុហយាត្រានេះ ធ្វើឡើងបន្ទាប់ពីការសាកល្បងកាំជ្រួចមីស៊ីលរយៈពេលមួយឆ្នាំ ដោយប្រទេសកូរ៉េខាងជើង រំលោភលើទណ្ឌកម្មសេដ្ឋកិច្ចរបស់អង្គការសហប្រជាជាតិ។ នោះបាននាំឲ្យមានភាពតានតឹងឡើងជាច្រើននៅឧបទ្វីបកូរ៉េ៕