នូវែលសេឡង់ប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ដោយសារតែព្យុះស៊ីក្លូន Gabrielle ដែលនេះជាលើកទី៣ហើយនៃការប្រកាសអាសន្នក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន

រដ្ឋមន្ត្រីគ្រប់គ្រងគ្រោះអាសន្ន លោក Kieran McAnulty បានចុះហត្ថលេខាលើសេចក្តីប្រកាសដាក់ប្រទេស ក្នុងភាពអាសន្ននៅព្រឹកថ្ងៃអង្គារនេះ  ដោយអនុវត្តចំពោះតំបន់ Northland, Auckland, Tairawhiti, Bay of Plenty, Waikato និង Hawkes Bay និងសម្រួលការឆ្លើយតបរបស់រដ្ឋាភិបាលចំពោះគ្រោះមហន្តរាយនេះ។

យោងតាមការចេញផ្សាយរបស់ BBC បានឲ្យដឹងថាៈ យ៉ាងហោចណាស់ផ្ទះចំនួន ៣៨,០០០ ខ្នង ត្រូវបានដាច់​ចរន្តអគ្គិសនី ដែលគំរាមកំហែងដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។ ប្រព័ន្ធផ្សព្វ ផ្សាយក្នុងស្រុកបានរាយការណ៍ថា នៅទីក្រុង Auckland ដែលជាទីក្រុងធំបំផុតរបស់ប្រទេសនូវែលសេឡង់ អាជ្ញាធរបានជម្លៀសមនុស្សចេញពីផ្ទះចំនួន ៥០ នៅជុំវិញប៉មកម្ពស់ ៣០ ម៉ែត្រដែលស្ថិតក្នុងគ្រោះថ្នាក់នៃការដួលរលំ។ មជ្ឈមណ្ឌលជម្លៀសរាប់សិបកន្លែងក៏ត្រូវបានបង្កើតឡើងនៅក្នុងទីក្រុងផងដែរ។

លោក McAnulty បានពណ៌នាព្យុះនេះថា ជា “ព្រឹត្តិការណ៍អាកាសធាតុដែលមិនធ្លាប់មានពីមុនមក” ។ លោក​បាន​បន្ត​ថា ភាព​អាសន្ន​នឹង​អនុញ្ញាត​ឱ្យ​មាន​ការ​សម្រប​សម្រួល ​ផ្តល់​ធនធាន​បន្ថែម​ដល់​អ្នក​ដែល​រង​ផល​ប៉ះពាល់។ វាក៏ផ្តល់អំណាចបន្ថែមផងដែរដល់រដ្ឋាភិបាលក្នុងការឆ្លើយតបទៅនឹងស្ថានភាពគ្រោះថ្នាក់ រួមទាំងការរឹតបន្តឹងការធ្វើដំណើរផងដែរ។

នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោក Chris Hipkins បានប្រកាសកញ្ចប់ជំនួយជាច្រើនលានដុល្លារកាលពីថ្ងៃចន្ទ។

គួរបញ្ជក់ថាៈ ព្យុះស៊ីក្លូន Gabrielle កំពុងវាយប្រហារភាគខាងជើងនៃប្រទេសនូវែលសេឡង់ ត្រឹមតែប៉ុន្មានសប្តាហ៍បន្ទាប់ពីទីក្រុង Auckland និងតំបន់ជុំវិញ បានស៊ូទ្រាំនឹងការធ្លាក់ភ្លៀងនិងទឹកជំនន់ដែលបាន សម្លាប់មនុស្ស៤នាក់ ទន្ទឹមនឹងអ្នកពន្លត់អគ្គីភ័យម្នាក់កំពុងបាត់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង