អ៊ុយក្រែនប្រឈមមុខនឹងសត្រូវពីរគឺ រុស្ស៊ី និងអំពើពុករលួយ
ជិតមួយឆ្នាំក្នុង សង្រ្គាមរុស្ស៊ី-អ៊ុយក្រែន មនុស្សរាប់សែននាក់បានស្លាប់ ហើយជិត ១៧.៦ លាននាក់ត្រូវបានទុកចោល ក្នុងតម្រូវការជំនួយមនុស្សធម៌យ៉ាងខ្លាំង ស្របពេលដែលរដ្ឋាភិបាលអ៊ុយក្រែននៅ តែប្រកាន់យ៉ាងខ្ជាប់ខ្ជួនក្នុងការ ប្រយុទ្ធប្រឆាំងនឹងរុស្ស៊ី ទីក្រុង Kyiv ក៏កំពុងប្រឈមមុខនឹងសត្រូវមួយទៀតដែលបានវាយលុកក្នុងប្រទេស អស់រយៈពេលជាច្រើនឆ្នាំគឺអំពើពុករលួយ។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ អាជ្ញាធរអ៊ុយក្រែនបានឆ្មក់ចូលផ្ទះ របស់អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ របស់ប្រទេសនេះ ហើយបានបណ្តេញមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ជាច្រើននាក់ដែលត្រូវ បានចោទប្រកាន់ពីបទស៊ីសំណូក។ លោក Oleksii Reznikov ដែលជារដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសនេះ ក៏នឹង ត្រូវជំនួសតំណែង ផងដែរ បន្ទាប់ពីអ្នកកាសែត និងសកម្មជនបានរកឃើញថា ក្រសួងការពារជាតិបានទិញ អាហារសម្រាប់ទាហានក្នុងតម្លៃ ដ៏ច្រើនសន្ធឹកសន្ធាប់។
ខណៈពេលដែលសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងអង្គការណាតូបានសន្យាថានឹងបន្តជួយអ៊ុយក្រែន អ្នកនយោបាយ និងមន្ត្រីយោធាមួយចំនួននៅលោកខាងលិចបានចង្អុលទៅ អំពើពុករលួយនៅក្នុងប្រទេសនេះ ហើយបានចោទសួរថា តើអ៊ុយក្រែនគឺជាអ្នកបម្រើដ៏ល្អ នៃជំនួយដែលខ្លួនបានទទួលដែរឬទេ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy យល់ដឹងខ្ពស់ទាំងការរិះគន់ពីលោកខាងលិច និងសារៈសំខាន់នៃការរក្សាលំហូរជំនួយ ដោយលោកបានដោះស្រាយអំពើពុករលួយក្នុងអំឡុងពេល ថ្លែងសុន្ទរកថាក្នុងខែមករា។ លោកបានថ្លែងថា៖ «ខ្ញុំចង់ឲ្យរឿងនេះច្បាស់លាស់! នឹងមិនមានការ ត្រឡប់ទៅកាន់អ្វីដែលធ្លាប់មានពីអតីតកាលនោះទេ»។
លោក Volodymyr Dubovyk សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យជាតិ Mechnikov ក្នុងទីក្រុង Odesa ប្រទេសអ៊ុយក្រែនបានប្រាប់ Al Jazeera ថា “ពិតជាមានទំនាក់ទំនងរវាង ចលនាប្រឆាំងអំពើពុករលួយ និងបំណងប្រាថ្នារបស់ Zelenskyy ក្នុងការរក្សាជំនួយផ្នែកយោធារបស់លោកខាងលិច។
លោក Dubovyk បាននិយាយថា “Zelenskyy យល់ថាគាត់គួរតែដោះស្រាយបញ្ហានេះឱ្យបានឆាប់រហ័ស និងដោយម៉ឺងម៉ាត់ដោយមិនបង្អង់យូរ ហើយគាត់យល់ថាមានមនុស្សនៅក្នុងសហរដ្ឋអាមេរិក និងលោកខាងលិចដែល ហៅអ៊ុយក្រែនថាពុករលួយពេក”។
លោកបានបន្ថែមថា “ការភ័យខ្លាចដ៏អាក្រក់បំផុតរបស់អ៊ុយក្រែនគឺថា សហរដ្ឋអាមេរិក និងលោកខាងលិចនឹងបោះបង់ចោលពួកគេ ហើយថាលំហូរនៃអាវុធនឹងលែងមានបន្តទៀត” ៕