គ្រោះរញ្ជួយដីកម្រិត ៦.៣ រ៉ិចទ័រ បានវាយប្រហារភាគខាងត្បូងនៃប្រទេសទួរគី សម្លាប់មនុស្ស ៣ នាក់ និងរបួសរាប់រយនាក់ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងមួយបានសម្លាប់មនុស្សរាប់ម៉ឺននាក់កាលពីពេលថ្មីៗនេះ
ប្រទេសតួកគី៖ យោងតាមមន្ត្រីតួកគី និងស៊ីរី បានឱ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៦.៣ រ៉ិចទ័រ បានវាយប្រហារភាគ ខាងត្បូងប្រទេសតួកគី កាលពីថ្ងៃច័ន្ទម្សិលមិញនេះ ដោយបានសម្លាប់មនុស្សយ៉ាងហោច ណាស់ ៣ នាក់ និងរបួសរាប់រយនាក់ បន្ទាប់ពីការរញ្ជួយដីដ៏ធំមួយ បានសម្លាប់មនុស្សរាប់ម៉ឺននាក់ នៅក្នុងប្រទេសទាំងពីរ កាលពីពេលកន្លងទៅថ្មីៗនេះ។
ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ និងគ្រាអាសន្នរបស់ប្រទេសទួរគី (AFAD) បាននិយាយកាលពីថ្ងៃចន្ទថា គ្រោះរញ្ជួយដីបានវាយប្រហារខេត្ត ហាតៃ (Hatay) ភាគខាងត្បូងនៃប្រទេសតួកគី នៅជិតព្រំដែនស៊ីរី។
ក្រុមជួយសង្គ្រោះស្ម័គ្រចិត្ត White Helmets បាននិយាយថា នៅភាគពាយព្យនៃប្រទេសស៊ីរី បណ្តាលឱ្យអគារមួយចំនួនផ្សេងទៀតដួលរលំ និងមនុស្សជាង ១៣០ នាក់ បានរងរបួសនៅក្នុងការរញ្ជួយដី កាលពីថ្ងៃម្សិលមិញនេះ។ ក្រុម White Helmets បាននិយាយបន្ថែមថា “ក្រុមរបស់យើងកំពុងធ្វើការដើម្បីបញ្ជូនអ្នករបួសទៅកាន់មន្ទីរពេទ្យ ពិនិត្យភូមិ និងទីប្រជុំជនដែលរងផលប៉ះពាល់ ហើយយកកម្ទេចថ្មដើម្បីបើកផ្លូវសម្រាប់រថយន្តសង្គ្រោះ” ។
អនុប្រធានាធិបតីទួរគី ហ្វូត អូតាយ (Fuat Oktay) កាលព្រឹកថ្ងៃចន្ទបានស្នើសុំសាធារណជន “កុំឱ្យចូលទៅក្នុងអគារដែលខូចខាត”។
ដោយឡែករដ្ឋមន្ត្រីក្រសួងសុខាភិបាលទួរគីលោក ហ្វារ៉េតទីន កូកា Fahrettin Koca បាននិយាយនៅលើ Twitter ថាអ្នករបួស ១៨ នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយត្រូវបានបញ្ជូនទៅកាន់ អាដាណា (Adana) និងឌ័រទីយ៉ូល (Dörtyol)។ លោកបន្តថា ពេលនេះខាងមន្ទីរពេទ្យកំពុងសង្គ្រោះអ្នកផ្សេងៗទៀត។
គួររំឭកថាៈ ការរញ្ជួយដីកម្រិត ៧.៨ រ៉ិចទ័រ កាលពីថ្ងៃទី៦ ខែកុម្ភៈកន្លងទៅដែលបានបណ្តាលឱ្យមនុស្សជាង ៤៦.០០០ នាក់ បានស្លាប់នៅក្នុងប្រទេសទួរគីនិង ស៊ីរី៕