ពិតជាព្រៃផ្សៃណាស់! បុរសចំណាស់ជាប្តីពុះពារឆ្លងទ្វីបរាប់សិបគីឡូម៉ែត្រ មកសម្លាប់ប្រពន្ធនៅស្រុកខ្មែរ ព្រោះតែភ្លើងប្រច័ណ្ឌឆេះរោលរាល
ភ្នំពេញ ៖ គ្មានភ្លើងអ្វីក្តៅរោលរាលជាងភ្លើងប្រច័ណ្ឌនោះទេ វាបានជម្រុញឲ្យបុរសជាប្តីវ័យចំណាស់ប្រថុយជិះយន្តហោះ ផ្សងគ្រោះថ្នាក់លើអាកាស រហូតមកដល់ស្រុកខ្មែរ បានយកខ្សែភ្លើងឆក់ស្ត្រីជា ប្រពន្ធបណ្តាលឱ្យស្លាប់ភ្លាមៗ។ បន្ទាប់ពីសម្លាប់ប្រពន្ធរួច ជនសង្ស័យជាប្តីបានបម្រុងដឹកសពចេញពីក្នុងផ្ទះទំនងយកទៅបោះចោល តែជាអកុសល្យត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ស្រាប់តែបុរសជាប្តីបើកម៉ូតូជិះគេចខ្លួនទៅបាត់ស្រមោល។
ហេតុការណ៍ដ៏សាហាវព្រៃផ្សៃនេះ បានកើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅផ្ទះលេខA11 ផ្លូវបេតុង ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ។
ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថាៈ ស្ត្រីរងគ្រោះជាប្រពន្ធមានឈ្មោះ កែវ ស្រីមុំ អាយុ៣៨ឆ្នាំ ជាអ្នកកែសម្ភស្សរស់នៅផ្ទះលេខ៥៧ ផ្លូវលំ ភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានកូនស្រី ១ នាក់ អាយុ៥ឆ្នាំ។ ដោយឡែកបុរសជាប្តីដែលជាជនដៃដល់មានឈ្មោះ មូល ណេត អាយុ៦៣ឆ្នាំ ជាអនិកជនខ្មែរ រស់នៅសហរដ្ឋអាមេរិក ។
តាមក្រុមគ្រួសារជនរងគ្រោះ បានឲ្យដឹងថា គ្រួសារនេះប្រពន្ធរស់នៅស្រុកខ្មែរ រីឯប្តីរស់នៅឯសហរដ្ឋអាមេរិក ប្តីតែងតែឈ្លោះរករឿងពេលមកស្រុកខ្មែរ ហើយជួនពេលខ្លះឈ្លោះគ្នាតាមអនឡាញក៏មាន ដោយសារតែភ្លើងប្រច័ណ្ឌ។ ស្រាប់តែនៅវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ភាគីខាងប្តីមិនបានផ្តល់ដំណឹងប្រាប់មុនឡើយ ស្រាប់តែឃើញមុខមកដល់ស្រុកខ្មែរ។
បើតាមអ្នកជិតខាងបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសជាប្តី គ្រាន់តែចូលដល់ផ្ទះ ទាញទ្វារបិទជិត ឈ្លោះរករឿងប្រពន្ធ តែគ្មានអ្នកណាចូលសួរនាំ ព្រោះស្មានតែប្តីប្រពន្ធឈ្លោះគ្នាតែពាក្យសម្តី ក៏ស្ងាត់បាត់ទៅវិញ គ្មានអ្នកណាចាប់អារម្មណ៍ រហូតដល់វេលាម៉ោង១០ព្រឹកថ្ងៃដដែល កូនស្រីរបស់ជនរងគ្រោះបើកទ្វារចេញក្រៅ បាននិយាយប្រាប់គេឯងពីសកម្មភាពរបស់ឪពុក ទើបនាំគ្នាផ្អើល ប្រាប់សាច់ញាតិក្បែរនោះ នាំគ្នាចូលទៅមើល ស្រាប់តែជនដៃដល់ជាប្តី សម្រុកឡើងជិះម៉ូតូស្កុបពី គេចចេញទៅបាត់ អ្នកជិតខាង នាំគ្នាចូលមើល ឃើញជនរងគ្រោះជាប្រពន្ធ ត្រូវបានជនសង្ស័យ ឆក់ខ្សែភ្លើង វាយ ច្រកដាក់ក្នុងថង់ សម្រាប់ដាក់អាវធំ ក៏នាំគ្នាស្រាយយកចេញ នឹងដឹកតាមម៉ូតូយកទៅពេទ្យ តែជាអកុសល ស្ត្រីរងគ្រោះបានស្លាប់បាត់ទៅហើយ ទើបដឹកត្រឡប់មកផ្ទះវិញ ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ និងតាមប្រមាញ់ចាប់បុរសជាប្តីយកមកសួរនាំ និងផ្តន្ទាទោសតាមនីតិវិធីច្បាប់៕