អាមេរិកបានអនុម័តការលក់អាវុធ ដែលមានសក្តានុពល រួមទាំងមីស៊ីលបច្ចេកវិទ្យាខ្ពស់ ដល់កោះតៃវ៉ាន់ បើគិតជាទឹកប្រាក់សរុបប្រមាណ ៦១៩ លានដុល្លារ
ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថា យន្តហោះចម្បាំងចិនសរុបចំនួន ២១ គ្រឿង យន្តហោះចម្បាំងពហុមុខងារ Chengdu J-10 ចំនួន ១៧ គ្រឿង និងយន្តហោះចម្បាំង Shenyang J-16 កម្រិតខ្ពស់ចំនួន ៤ គ្រឿង បានហោះហើរទៅកាន់ជ្រុងភាគនិរតីនៃតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាស (ADIZ) របស់កោះតៃវ៉ាននៅថ្ងៃព្រហស្បតិ៍នេះ។
យន្តហោះចម្បាំង J-10s ដែលជាគំរូយន្តហោះចម្បាំងចាស់ ដែលធ្វើប្រតិបត្តិការណ៍ដំបូងកាលពី ២០ ឆ្នាំមុន បានហោះខិតទៅជិតឆ្នេរសមុទ្រចិន ជាងយន្តហោះរបស់តៃវ៉ាន់ ខណៈដែលយន្តហោះ J-16 ដែលជាយន្តហោះចម្បាំងទំនើប បានហោះហើរនៅតំបន់មួយនៅភាគឦសាននៃកោះតៃវ៉ាន់។ នេះបើយោងតាមផែនទីនៃឧប្បត្តិហេតុដែលចេញផ្សាយដោយក្រសួងការពារជាតិ។
មន្ត្រីជនខ្ពស់នៃក្រសួងនេះបាននិយាយថា យន្តហោះចិនចំនួន ៨ គ្រឿងបន្ថែមទៀត និងនាវាកងទ័ពជើងទឹកចិនចំនួន ៤ គ្រឿង ក៏ត្រូវបានរកឃើញផងដែរ ដែលកំពុងប្រតិបត្តិការនៅឆ្នេរសមុទ្រតៃវ៉ាន់ ប៉ុន្តែមិនបានចូលទៅក្នុង ADIZ នោះទេ។
គួរបញ្ជាក់ថាៈ កាលពីថ្ងៃពុធ តៃវ៉ាន់បានរាយការណ៍ថា យន្តហោះប្រយុទ្ធរបស់កងទ័ពអាកាសចិនចំនួន ១៩ គ្រឿងបានចូលក្នុងតំបន់ការពារដែនអាកាសក្នុងរយៈពេល ២៤ ម៉ោងមុន។ ដោយឡែកចិនមិនបានធ្វើអត្ថាធិប្បាយអំពីសកម្មភាពយោធាថ្មីៗរបស់ខ្លួននៅជិតកោះតៃវ៉ាន់ទេ។
គួររំឭកថា កាលពីខែមករា កន្លងទៅ ទីក្រុងប៉េកាំងបាននិយាយថា ខ្លួនបានធ្វើសមយុទ្ធប្រយុទ្ធនៅជុំវិញកោះនេះ ដើម្បី “ប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះសកម្មភាពបង្កហេតុរបស់កងកម្លាំងខាងក្រៅ និងកងកម្លាំងផ្តាច់ខ្លួនឯករាជ្យតៃវ៉ាន់”។
ងាកមកទីក្រុងវ៉ាស៊ីនតោនឯណ្ណេះវិញ សេចក្តីប្រកាសអំពីការលក់អាវុធបច្ចេកវិទ្យាទំនើបតម្លៃជិត ៦២០ដុល្លារ ទៅឱ្យតៃវ៉ាន់ ទំនងជានឹងធ្វើឱ្យមានភាពតានតឹងកាន់តែខ្លាំងឡើង រវាងសហរដ្ឋអាមេរិក និងទីក្រុងប៉េកាំង។ មន្ទីរបញ្ចកោណបាននិយាយកាលពីថ្ងៃពុធថា ក្រសួងការបរទេសសហរដ្ឋអាមេរិកបានអនុម័តការលក់សព្វាវុធ និងបរិក្ខារដ៏មានសក្តានុពលដល់កោះតៃវ៉ាន់ រួមទាំងមីស៊ីលប្រឆាំងយន្តហោះ២០០ដើម។
ក្រសួងការពារជាតិរបស់តៃវ៉ាន់បាននិយាយថា កាំជ្រួចទាំងនេះនឹងជួយ “ការពារដែនអាកាសប្រកបដោយប្រសិទ្ធភាព ដើម្បីដោះស្រាយជាមួយនឹងការគំរាមកំហែង និងការបង្កហេតុពីយោធាកុម្មុយនិស្តចិន៕