ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត៖ ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាក្រៅប្រទេស

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត៖ ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាក្រៅប្រទេស
តែងប្រកាន់ខ្ជាប់នូវគោលការណ៍សាមញ្ញ ៤ យ៉ាងគឺ សច្ចធម៌ អហិង្សា ស្មារតីខ្មែរតែមួយ និងការភ្ជាប់ទំនាក់ទំនងរវាងខ្មែរ និងខ្មែរ
នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងជួបជុំមហាគ្រួសារខ្មែររស់នៅសហរដ្ឋអាមេរិក និងប្រទេសកាណាដា ក្នុងឱកាសអបអរសាទរ មហាសង្រ្កាន្តឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦-២៥៦៧ ចំនួនប្រមាណជាង ១.២០០ នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ ក្នុងរាជធានីភ្នំពេញ។
ក្នុងបរិយាកាសជួបជុំប្រកបដោយភាពស្និទ្ធស្នាល និងសប្បាយរីករាយនោះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានសម្តែងនូវការអរគុណចំពោះប្រជាពលរដ្ឋខែ្មររស់សហរដ្ឋអាមេរិក និងប្រទេសកាណាដា ដែលតែងបានគាំទ្រចំពោះរាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចតេជោ នាយករដ្ឋមន្រ្តី ព្រមទាំងបានកោតសរសើរចំពោះទឹកចិត្តសប្បុរសក្នុងការចូលរួមចំណែកបំពេញកិច្ចការមនុស្សធម៌នានា រួមមានជាអាទិ៍៖ ការជួយឧបត្ថម្ភជនដល់រងគ្រោះក្នុងវិបត្តិនៃជំងឺកូវីដ-១៩, គ្រួសាររងផលប៉ះពាល់ដោយសារទឹកជំនន់, គ្រួសារមានជីវភាពលំបាកខ្វះខាត, មន្ទីរពេទ្យគន្ធបុប្ផា និងការផ្តល់អំណោយជាអណ្តូងទឹកនៅតាមសហគមន៍ជនបទ ជាដើម។ កត្តាទាំងនេះ គឺពិតជាបានបង្ហាញអំពីភាពខ្លាំងក្លា នៃកម្លាំងមហាសាមគ្គីប្រជាជាតិខ្មែរតាមរយៈការផ្សារភ្ជាប់ទំនាក់ទំនងគ្នារវាងអ្នករស់នៅក្រៅប្រទេស និងអ្នករស់នៅក្នុងប្រទេស ក្រោមស្មារតីខ្មែរតែមួយ ដែលតែងជួយយកអាសារគ្នាទៅវិញទៅមក ហើយកម្លាំងសាមគ្គីភាពដ៏រឹងមាំនេះនឹងនៅបន្តឋិតឋេរក្រោមបរិយាកាសសុខសន្តិភាពដែល សម្តេចតេជោ បេ្តជ្ញាការពារថែរក្សាឱ្យគង់វង្សយូរអង្វែងគ្រប់ជំនាន់តរៀងទៅ។
ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍បន្តទៀតថា ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាក្រៅប្រទេស តែងប្រកាន់ខ្ជាប់នូវគោលការណ៍សាមញ្ញ ៤ យ៉ាង រួមមាន៖ ទី១. ការប្រកាន់សច្ចៈធម៌ ដោយផ្សព្វផ្សាយតែអំពីការពិតដែលបានកើតមានទ្បើងនៅក្នុងដំណើរការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជា, ទី២. ការប្រកាន់នូវធម៌អហិង្សា ក្នុងការឆ្លើយតបទៅនឹងសកម្មបំពាននានា, ទី៣. ការប្រកាន់ខ្ជាប់នូវស្មារតីគ្រួសារខ្មែរតែមួយ ដោយឈរលើមូលដ្ឋានស្រលាញ់រាប់អានគ្នាជាបងប្អូន ហើយ សម្តេចតេជោ ដែលជាថ្នាក់ដឹកនាំ ក៏បានប្រកាន់យកនូវស្មារតីនេះ ដើម្បីបង្រួបបង្រួមជាតិ និងនាំមកនូវសន្តិភាពពេញលេញពាសពេញផ្ទៃប្រទេស ដែលមិនធ្លាប់កើតមានទ្បើយក្នុងប្រវត្តិសាស្រ្តជាង ៥០០ ឆ្នាំរបស់កម្ពុជា, និងទី៤. គឺការយកអស់កម្លាំងកាយចិត្តជួយផ្សារភ្ជាប់នូវទំនាក់ទំនងរវាងបងប្អូនខ្មែររស់នៅក្រៅស្រុក និងក្នុងស្រុក តាមរយៈការបើកឱកាសរួមគ្នាឱ្យមានការផ្លាស់ប្តូរបទពិសោធន៏ខាងផ្នែកសិល្បៈ វប្បធម៌ និងកីទ្បា ព្រមទាំងសកម្មភាពសង្គម និងសប្បុរសធម៌នានា ។ សកម្មភាពទាំងអស់នេះហើយ ដែលធ្វើឱ្យក្រុមការងារទទួលបានការគោរពស្រលាញ់ និងភាពកក់ក្តៅពីសំណាក់បងប្អូនពលរដ្ឋដែលរស់នៅក្រៅប្រទេសគ្រប់មជ្ឈដ្ឋានរហូតមក។
ជាចុងក្រោយ ឯកឧត្តម បណ្ឌិត ក៏បានថ្លែងអំណរគុណដល់ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំសហរដ្ឋអាមេរិក និងប្រទេសកាណាដា ចំពោះសមិទ្ធផលការងារទាំងទ្បាយដែលសម្រេចបានរួមគ្នាក្នុងរយៈកាលកន្លងមកនេះ ដែលជាការចូលរួមចំណែកមួយយ៉ាងសំខាន់ក្នុងការបន្តបុព្វហេតុបម្រើជាតិមាតុភូមិរបស់គណបក្សប្រជាជនកម្ពុជា។
អត្ថបទដែលជាប់ទាក់ទង