សកម្មភាពដេញថ្លៃសាងសង់ផ្លូវដីចំនួន ២ ខ្សែនៅក្នុងសាលាឃុំដូនតី ស្រុកពញាក្រែក
( ត្បូងឃ្មុំ ):ប្រជាពលរដ្ឋនៅក្នុងឃុំកណ្ដោលជ្រុំ និងឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ សប្បាយរីករាយខណ:ពួកគាត់ទទួលបានសមិទ្ធិផលថ្មី ២ ទៀត គឺផ្លូវមូលនីធិអភិវឌ្ឍន៍ថ្នាក់ឃុំសង្កាត់ចំនួន ២ ខ្សែ ដែលបានដាក់ឲ្យដេញថ្លៃសាងសង់ហើយ ។
ពិធីដេញថ្លៃនេះ ធ្វើឡើងនាព្រឹកថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៣ នៅក្នុងសាលាឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក្រោមការសម្របសម្រួលរបស់លោក សុខ មករា អភិបាលរងស្រុកពញាក្រែក ។
មុនដាក់សំណើរដេញថ្លៃលោក សុខ មករា អភិបាលរងស្រុកពញាក្រែក បានមានអនុសាសន៍ថា សូមក្រុមហ៊ុនដេញថ្លៃនាពេលនេះ ត្រូវគឹតមើលថាដាក់ដេញថ្លៃក្នងតម្លៃណាមួយ ដែលធ្វើផ្លូវហើយអនុវត្តគម្រោងទៅ សមិទ្ធិផលទាំងនេះ មានគុណភាព អាចឲ្យប្រជាពលរដ្ឋអាស្រ័យផលបានយូរអង្វែង ហើយក្រុមហ៊ុនដែលទទួលការក៏មានផលចំណេញផងដែរ ក្នុងការចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ នៅក្នុងសហគមន៍ផងដែរ ។
លោក សុខ មករា អភិបាលរងស្រុកបានដាស់តឿនក្រើនរំលឹកដល់អាជ្ញាធរនៅមូលដ្ឋាន ត្រូវជួយដាស់តឿនណែនាំប្រជាពលរដ្ឋ ឲ្យពួកគាត់គោរពច្បាប់ចរ៉ាចរណ៍ឲ្យកាន់តែខ្ជាប់ខ្ជួន ខណ:យើងមានផ្លូវល្អៗ កុំភ្លេចគោរពច្បាប់ចរ៉ាចរណ៍ឲ្យសោះ ។
មហាជនសង្កេតឃើញថា ការដេញថ្លៃខាងលើនេះ មានតម្លាភាព ដោយសេរី និងយុតិធម៌ តាមទីផ្សារសេរី ហើយមានការចុះតម្លៃ ទាបយ៉ាងខ្លាំង ដោយគម្រោងនៅក្នុងឃុំកណ្ដោលជ្រុំ ផ្លូវដីក្រាលគ្រួសក្រហមប្រវែង ១.៥០០ ម៉ែត្រ តម្លៃដាក់ឲ្យដេញ ៧៩.៧៨៤.៤៧០ ៛ ក្រុមហ៊ុន ហ៊ន សោភា ដេញបានក្នុងតម្លៃ ៣៤.៩៥០.០០០ ៛ ឃុំដូនតីផ្លូវក្រាលគ្រួសក្រហមប្រវែង ៨៥០ ម៉ែត្រ តម្លៃដាក់ឲ្យដេញ ៦១.០៦៧.៣៩៤ ៛ ក្រុមហ៊ុន ហួត ឆៃលីម ដេញបានក្នុងតម្លៃ ៣៩.០០០.០០០ ៛ ។
លោកអភិបាលរងស្រុក បានជំរុញឲ្យអាជ្ញាធរណែនាំដល់ប្រជាពលរដ្ឋ ចូលរួមថែរក្សាបរិស្ថានឲ្យបានស្អាត និងកុំភ្លេចត្រូវទៅចាក់វ៉ាក់សាំងប្រឆាំងជំងឺឆ្លងកូវីដ-19 ឲ្យបានត្រឹមត្រូវតាមការណៃនាំរបស់ក្រសួងសុខាភិបាល ៕