ស្ពានបេតុងមួយដែលជាជំនួយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែនជាចំណងដៃថ្មីមួយទៀតជូនប្រជាពលរដ្ឋស្រុកកោះសូទិន

កំពង់ចាម ព្រឹកថ្ងៃ ទី១៨ ខែមេសា ឆ្នាំ២០២៣ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំអភិបាលរងខេត្ត នាយករដ្ឋបាល មន្ទីរអង្គភាពជំនាញ អាជ្ញាធរមូលដ្ឋាន និងដោយមានការចូលរួមពីប្រធានមន្ទីរធនធានទឹកខេត្ត បានចុះពិនិត្យការដ្ឋានស្ដារអាចម៍ដីដែលបានចាក់លុបទន្លេតូច ឲ្យទៅតាមធម្មជាតិវិញ។

ឯកឧត្តម អភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍ថា នេះជាដំណោះស្រាយឈ្នះទាំងអស់គ្នា គឺប្រជាពលរដ្ឋនៅផ្នែកខាងក្រោមទន្លេតូចបានទឹកប្រើប្រាស់ ហើយប្រជាពលរដ្ឋទាំងអស់ទទួលបានស្ពានបេតុងសង់ថ្មីនៅចំទីតាំងគ្រឿងចក្រកំពុងកាយយកអាចម៍ដីចេញនេះ បានធ្វើដំណើរឆ្លងកាត់ ដែលជាជំនួយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

លោក​ យី​ វណ្ណៈ​ អភិបាល​ស្រុក​កោះសូទិន​ បានឱ្យដឹងថា​ បេីតាម​ការ​​សិក្សា​របស់​មន្ត្រី​បច្ចេកទេស​ គឺ​ក្នុង​ស្រុក​កោះសូទិន​ទាំង​មូល​ មាន​គម្រោង​សាងសង់​ស្ពាន​បេតុង​ចំនួន​ ៤កន្លែង​បន្ថែម​ទៀត​ នាពេល​ខាង​មុខ​ ប៉ុន្តែ​ដោយ​ស្ថានភាព​ចាំបាច់​ យើង​ត្រូវ​ប្រេីប្រាស់​គម្រោង​ឆ្នាំ​២០២៣នេះ​ សម្រាប់​សាងសង់​ស្ពាន​បេតុង​ ១កន្លែង​ឆ្លង​កាត់​ទន្លេ​តូច​ ត្រង់​ចំណុចមុខវត្តពាមប្រធ្នោះ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ដែល​អាច​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ ខេត្តត្បូងឃ្មុំ ឬ​តំបន់​ផ្សេងៗ​ទៀត​។

បើតាមកាលដឹងពីលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានឲ្យដឹងថា គ្រឿងចក្រដែលបានចុះការដ្ឋានខាងលើ រួមមាន៖ អេស្កាវ៉ាទ័រ ១គ្រឿង និងឡានបែន ៣គ្រឿង ប៊ុលដូហ្សែ ១គ្រឿង ដែលចាប់អនុវត្តតាំងពីថ្ងៃទី១៦ ខែមេសា ហើយនឹងអាចចំណាយរយៈពេល ៤ថ្ងៃក្នុងការស្តារឲ្យរួចរាល់។

ក្រោយការពិនិត្យ សិក្សាយ៉ាងល្អិតល្អន់ និងយោងតាមសំណើរបស់បងប្អូនប្រជាពលរដ្ឋ ឯកឧត្តមអភិបាលខេត្ត បានសម្រេចលើកគម្រោងក្នុងការសាងសង់ស្ពានបេតុង ១កន្លែង ឆ្លងកាត់ទន្លេតូច ចំណុចខាងមុខវត្តពាមប្រធ្នោះ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន តភ្ជាប់ទៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដែលជាចំណង ដៃដ៏ថ្លៃថ្លា និងថ្មីស្រឡាងមួយទៀត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ប្រជាពលរដ្ឋ​​ក្នុង​ឃុំ​ពាម​ប្រធ្នោះ​ បាន​ទះដៃ​ ស្រែក​ហ៊ោ​ សម្តែង​នូវ​អារម្មណ៍​សប្បាយ​រីករាយ​ជា​ខ្លាំង​ ខណៈឯកឧត្តម​ អ៊ុន​ ចាន់ដា​ បាន​ប្រកាស​ថា​ សម្តេចតេជោ​ ហ៊ុន​ សែន​ និង​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ បាន​ផ្តល់​ជូន​ស្ពាន​បេតុង​មួយ​កន្លែង​ ឆ្លងកាត់​ទន្លេ​តូច​នេះ​ ដេីម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ និង​ជា​ចំណង​ដៃ​ជូន​បងប្អូន​អ្នក​ស្រុក​កោះសូទិន​។ លោក​យាយ​ លោកតា​ បងប្អូន​ប្រជាពលរដ្ឋ​ បានប្តេជ្ញាបោះឆ្នោតគាំទ្រ សម្ដេចតេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រីគ្រប់អាណត្តិ និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគតផងដែរ៕

អត្ថបទដែលជាប់ទាក់ទង