រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធធ្វើពិធីអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី គម្រប់ខួប៧០ យាងចូល ៧១ព្រះវស្សា

(ត្បូងឃ្មុំ): រដ្ឋបាលខេត្តត្បូងឃ្មុំប្រារព្ធធ្វើពិធីអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី គម្រប់ខួប ៧០ យាងចូល ៧១ ព្រះវស្សា ។
ពិធីនេះធ្វើឡើងកាលពីថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៣ នៅសាលប្រជុំធំសាលាខេត្តត្បូងឃ្មុំ ។
ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ជាមច័ន្ទសោភ័ណ និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងលោកជំទាវ ឡាក់ អ៊េងវន ស៊ាកឡេង បានដឹកនាំថ្នាក់ដឹកនាំសាលាខេត្ត ប្រធាន-អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្រ្តីរាជការនៃរដ្ឋបាលខេត្ត លោកតា លោកយាយ និងប្រជាពលរដ្ឋ ប្រារព្ធធ្វើពិធីអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី គម្រប់ខួប ៧០ យាងចូល ៧១ ព្រះវស្សា ។
នាឱកាសដ៏មហោឡារិកនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអានសារលិខិត ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់ ៧០ យាងចូល ៧១ ព្រះវស្សា ដែលប្រព្រឹត្តទៅនាថ្ងៃអាទិត្យ ១០រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៣ ។
ព្រះរាជពិធីចម្រើនព្រះជន្មនេះ បានប្រារព្ធទៅដោយមានពិធីបែបសាសនាមួយចំនួន ដូចជាពិធីនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងវេរប្រគេនទេយ្យទាន ចំពោះព្រសង្ឃ ជូនថវិកាដល់តាជី យាយជី ប្រជាពលរដ្ឋ ដើម្បីថ្វាយព្រះរាកុសល គោរពជូនដល់ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជា សូមព្រះអង្គចម្រើនព្រះជន្មាទីឃាយុយឺនយូរ ជាងរយព្រះវស្សា ដើម្បីស្តេចគង់ប្រថាប់ជាមហាម្លប់ដ៏ត្រជាក់ត្រជុំ សម្រាប់ប្រជានុរាស្រ្តជ្រកកោន ជាភិយ្យោភាពតរៀងទៅ ៕

អត្ថបទដែលជាប់ទាក់ទង