សកម្មភាពបន្តដេញថ្លៃសាងសង់ផ្លូវបេតុងអាមេចំនួន ២ ខ្សែនៅក្នុងសាលាឃុំពពេលទទួលបានជោគជ័យ
( ត្បូងឃ្មុំ ): ផ្លូវបេតុងអាមេមូលនិធិឃុំ-សង្កាត់ដើម្បីអភិវឌ្ឍន៍មូលដ្ឋាននៅថ្នាក់ក្រោមជាតិ របស់ឃុំកោងកាង និងឃុំពពេល ចំនួន ២ ខ្សែទៀត ត្រូវបានដាក់ឲ្យដេញថ្លៃ ។
ពិធីដេញថ្លៃគម្រោងសាងសង់ផ្លូវនេះ ធ្វើឡើងកាលពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៣ នៅក្នុងសាលាឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក្រោមការសម្របសម្រួលរបស់លោក សុខ មករា អភិបាលរងនៃគណ:អភិបាលស្រុកពញាក្រែក លោក ថន សុខជា នាយករងទីចាត់ការផែនការវិនិយោគខេត្ត និងលោក ស៊ាម អេងស៊្រុន នាយករងសាលាខេត្តត្បូងឃ្មុំ ។
ដោយគម្រោងនៅក្នុងឃុំកោងកាង ផ្លូវបេតុងអាមេប្រវែង ១៥០ ម៉ែត្រ តម្លៃដាក់ឲ្យដេញ ១០៤.៥៣៦.០០៥ ៛ គម្រោងនៅក្នុងឃុំពពេល ផ្លូវបេតុងអាមេប្រវែង ២០០ ម៉ែត្រ តម្លៃដាក់ឲ្យដេញ ១៤២.៣៤០.៦០៨ ៛ ។
មុនដាក់សំណើរដេញថ្លៃ លោក សុខ មករា បានមានអនុសាសន៍ថា មកដល់ពេលនេះ ស្រុកពញាក្រែកដេញថ្លៃសាងសង់ផ្លូវបាន ៦ ឃុំហើយ ក្នុងឆ្នាំ ២០២៣ នេះ នៅសល់តែ ២ ឃុំទៀតទេ គឺឃុំវាលម្លូ និងឃុំត្រពាំងផ្លុង ។
លោកអភិបាលរងបន្តថា ហើយគម្រោងផ្លូវ និងធ្វើឲ្យហើយក្នុងពេលឆាប់ៗនេះ ព្រោះថាបន្តិចទៀត យើងនឹងជាប់រវល់មមាញឹកក្នុងកាបោះឆ្នោតថ្នាក់ជាតិបន្តទៀត យើងត្រូវធ្វើយ៉ាងណាកុំឲ្យប៉ះពាល់លើការងារបោះឆ្នោត ត្រូវធ្វើឲ្យហើយមុនគឺជាការល្អជាង ។
លោកអភិបាលបន្ថែមថា តាំងពីរាជរដ្ឋាភិបាល មានចក្ខុវិស័យ កាលពីមុនយើងឲ្យមានផ្លូវដីក្រាលគ្រួសក្រហម ហើយបែរឆ្ពោះទៅរកផ្លូវបេតុង យើងមានផ្លូវបេតុងកាន់តែច្រើនឡើងៗហើយ នៅក្នុងមូលដ្ឋានរបស់យើង ទោះជាខ្លីជាងផ្លូវដី ក៏យើងនៅតែខិតខំធ្វើទៅ មួយឆ្នាំបន្តិចៗទៅ តែបួនដប់ឆ្នាំទៀតទៅ យើងនឹងមានផ្លូវបេតុងច្រើនហើយ ងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋយើង ធ្វើដំណើរតាមយានយន្តផ្សេងៗក្ដី ដោយថ្មើជើងក្ដី ។
ការដេញថ្លៃនេះ មហាជនសង្កេតឃើញថា ដេញដោយសេរី និងយុតិធម៌ មានតម្លាភាព តាមទីផ្សារសេរី ហើយមានការចុះតម្លៃសំរម្យអាចទទួលយកបាននឹងធ្វើឲ្យសមិទ្ធិផលខាងលើ មានគុណភាព ប្រជាពលរដ្ឋអាស្រ័យផលបានយូរអង្វែង ។
ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំទាំង ២ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នឹងទទួលបាននូវសមិទ្ធិផលដ៏ថ្មីស្រឡាងទាំងពីរខាងលើនេះ មកអាស្រ័យផលនាពេលឆាប់ៗខាងមុខនេះហើយ ៕