ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា អញ្ជើញជាអធិបតីពិធីសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តបទុមកេសរ ហៅវត្តខ្ពបរកាលើ ក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ
( ត្បូងឃ្មុំ ): ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជាអធិបតីពិធីសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តបទុមកេសរ ហៅវត្តខ្ពបរកាលើ ។
ឯកឧត្តមអញ្ជើញសម្ភលធកាលពីថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៣ នៅក្នុងវត្តបទុមកេសរ ហៅវត្តខ្ពបរកាលើ ស្ថិតនៅក្នុងភូមិទី ១ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។
ឯកឧត្តម ហុក ពេជ្រហោះ អភិបាលរងខេត្តត្បូងឃ្មុំ បានមានប្រសាសន៏ស្វាគមន៍ និងលើឡើងថា បច្ចុប្បន្ន ព្រះគ្រូ ឧត្តរប្បញ្ញោ ផេង ម៉េងលឿន ព្រះគ្រូចៅអធិការ វត្តបទុមកេសរ ហៅវត្តខ្ពបរកាលើ បានបន្តដឹកនាំកសាងបានសមិទ្ធផលជាច្រើន ដែលត្រូវដាក់ឱ្យសម្ពោធរួមមាន ឧបដ្ឋានសាលាឈើប្រក់ក្បឿង ទំហំ ១៤ ម គុណ១៧ ម,សំយាបខាងមុខឧបដា្ឋនសាលាទំហំ ១៩ម គុណ ៣០ ម , កុដិថ្មតទៅខាងក្រោយឧបដ្ឋានសាលាទំហំ ៧ ម គុណ ២២ ម, ចាក់សាបបេតុងក្នុងបរិវេណវត្ត, បន្ទប់ទឹកចំនួន១៤, ព្រះពុទ្ធបដិមាអំពីឈើ និងថ្មកែវ ចំនួន ១៤អង្គ, លាបថ្នាំព្រះវិហារ, រៀបសួនច្បារ, ឈាបនដ្ឋានទំហំ ៨ម គុណ ១២ ម, ខ្លោងទ្វារជុំវិញវិហារ ៤ ទិស, របងខាងមុខវត្ត, កញ្ចុះថ្ម, បង្គោលភ្លើង និងអំពូលភ្លើងសូឡា, សូនរូបដំរីមុខខ្លោងទ្វារ ចំនួន៤, និងសមិទ្ធិផលនានាជាច្រើន សរុបថវិកា ២៩៧,១៣០ដុល្លារ និង៧៨,២២០,០០០រៀល ដែលកើតចេញពីសទ្ធាជ្រះថ្លារបស់ ឯកឧត្តម ជា សុផារ៉ា, ឯកឧត្តម ឆាន់ សុផល ប្រធានក្រុមករងារចុះជួយឃុំស្វាយឃ្លាំង, ឯកឧត្តម លោកជំទាវ លោក លោកស្រី និងសប្បុរសជននានា ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយទាំងអស់ ។
នាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានថ្លែងនាំនូវបណ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ នាយករដ្ឋមន្រ្ដី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះបងប្អូនប្រជាពលរដ្ឋស្រុកក្រូចឆ្មារ ក៏ដូចជាបងប្អូននៅទូទាំងខេត្តត្បូងឃ្មុំ និងបានជម្រាបជូនអំពីសភាពការណ៍ក្នុង និងក្រៅប្រទេស ជាពិសេសគឺសមិទ្ធផលដ៏ធំធេងជាច្រើន និងជ័យជំនះជាប្រវត្តិសាស្រ្ដ របស់គណបក្សប្រជាជនកម្ពុជា នាំមកនូវសុខសន្តិភាព ។ ទន្ទឹមនេះការវិវត្តប្រែប្រួលស្មុគស្មាញនៃសភាពការណ៍តំបន់ និងអន្តរជាតិ នោះ នៅកម្ពុជា ក្រុមប្រឆាំង និងជនអគិមួយចំនួន នៅតែបន្តរិះរកវិធី បង្កភាពចលាចលក្នុងសង្គម ដើម្បីឈានទៅផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត និងតែងប្រើកលល្បិច ដើម្បីរារាំង ដល់ដំណើរការ នៃការអភិវឌ្ឍសង្គមជាតិ ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបន្តថា ក្នុងរបបប្រល័យពូជសាន៍ ហេដ្ឋារចនាសម្ព័ន្ធត្រូវបានបំផ្លាញ រួមទាំងព្រះវិហារ វត្តអារាម ត្រូវបានកំទេច ធ្វើឱ្យវិស័យព្រះពុទ្ឋសាសនា ត្រូវបានរលាយទាំងស្រុង។ ប៉ុន្តែ ក្រោយថ្ងៃរំដោះ៧មករា ១៩៧៩ វិស័យព្រះពុទ្ធសាសនាបានរស់ឡើងវិញហើយត្រូវបានចាត់ទុកថា ព្រះពុទ្ធសានាជាសានារបស់រដ្ឋ។ បច្ចុប្បន្ននេះរាជរដ្ឋាភិបាលបាននឹងកំពុងខិតខំអភិវឌ្ឍប្រទេសបន្តទៀត ជាក់ស្ដែង ផ្លូវថ្នល់ វត្តអារាម ជាពិសេសព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏អស្ចារ្យ នៃកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើទី៣២ ដែលកម្ពុជាយើងបានធ្វើជាម្ចាស់ផ្ទះ ដោយបានបិទបញ្ចប់ដោយជោគជ័យ ។ ទាំងនេះ គឺស្ថិតក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដោយបានដាក់ចេញនូវគោលនយោបាយ និងវិធានការនានាដោយមានការគាំទ្រ និងការចូលរួមយ៉ាងសកម្មពីមន្ត្រីរាជការកងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងប្រទេស ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋានត្រូបន្តអនុវត្តចលនាភូមិ ឃុំ មានសុវត្តិភាព រក្សាសន្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋរស់នៅក្នុងភាពសុខដុម និងបានថ្លែងអំណរគុណចំសប្បុរសជនដែលបានរួមគ្នាកសាងសមិទ្ធផលនេះឡើងផងដែរ ៕