ប្រធានក្រុមប្រឹក្សាគណៈឱសថការីកម្ពុជា ក្រើនរំលឹកឱសថការីទាំងអស់ ត្រូវពង្រឹងក្រមសីលធម៌ខ្លួនឯង សម្រាប់ដាស់តឿនការអនុវត្តតួនាទីវិជ្ជាជីវៈកុំឱ្យខុសច្បាប់

( ត្បូងឃ្មុំ ): ក្រុមប្រឹក្សាគណៈឱសថការីខេត្ដត្បូងឃ្មុំ បើកសន្តិបាតបូកសរុបការងារ អាណត្តិទី២​ នឹងលេីកទិសដៅបន្ត​ ព្រមទាំងបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាគណៈឱសថការីខេត្ដត្បូងឃ្មុំ​ អាណត្តិទី៣​ ក្រោមអធិបតីភាព​ ឯកឧត្តមឱសថការី​ បាន​ បុត្តា​ អនុរដ្ឋលេខាធិកាក្រសួងសុខាភិបាល​ និង ជាប្រធានក្រុមព្រឹក្សាគណៈឧសថការី​អាណត្តិទី២ និង លោកឱសថការី​ ផល ពន្លឺ អនុប្រធាមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ។
ក្នុងពិធីបើកសន្តិបាតបូកសរុបការងារនេះ ធ្វើឡងនាព្រឹកថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលអាហ្សូណា ស្ថិតនៅឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក៏មានការអញ្ជើញចូលរួមពី លោក អនុប្រធានមន្ទីរ លោក លោកស្រី សមាជិកក្រុមប្រឹក្សាគណៈឱសថការីខេត្ដត្បូងឃ្មុំ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត ។
ឯកឧត្តមឱសថការី​ បាន​ បុត្តា​ អនុរដ្ឋលេខាធិកាក្រសួងសុខាភិបាល​ និង ជាប្រធានក្រុមព្រឹក្សាគណៈឧសថការី​អាណត្តិទី២  បានធ្វើការកោតសរសើរ ដល់មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ពិសេសក្រុមប្រឹក្សាឱសថការី ដែលបានរួមសហការ ជាមួយអាជ្ញាធរដែនដីមូលដ្ឋាននានា នៅក្នុងខេត្តដើម្បីចូលបង្ក្រាប និងលុបបំបាត់ឱសថក្លែងក្លាយ នៅតាមឱសថស្ថាន ព្រមទាំងធ្វើការអប់រំផ្សព្វផ្សាយដល់ឱសថការី ក្នុងការធ្វើអាជីវកម្មវិស័យសុខាភិបាល ត្រូវមានអាជ្ញាប័ណ្ណច្បាស់លាស់ ។
ឯកឧត្តមឱសថការី បាន បុត្តា បានសង្កត់ធ្ងន់ថា អង្គសន្និបាតពេលនេះ ពិតជាមានសារសំខាន់ណាស់ ចំពោះសមាជិក សមាជិកា ដើម្បីបំពេញឲ្យបានពិន្ទុ សម្រាប់ទទួលបាននូវអាជ្ញាប័ណ្ណឱសថការីតាមលក្ខខណ្ឌតម្រូវ សំដៅធានាការអភិវឌ្ឍវិជ្ជាជីវៈបន្តបង្កើនចំណេះដឹង សមត្ថភាពវិជ្ជាជីវៈរបស់ខ្លួន ក្នុងការផ្តល់សេវាសុខាភិបាលដល់អ្នកជំងឺ ឬអតិថិជន ស្របតាមក្រមសីលធ៌ម បទដ្ឋានច្បាប់ ប្រកបដោយគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព ។
ឯកឧត្តម អនុរដ្ឋលេខាធិការ បានអំពាវនាវដល់ឱសថការី ត្រូវរួមគ្នាលុបបំបាត់ឱសថក្លែងក្លាយ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព អ្នកទិញឱសថយកទៅប្រើប្រាស់ ។
ឯកឧត្តម អនុរដ្ឋលេខាធិការ បានធ្វើការផ្ដាំផ្ញើដល់លោកឱសថការី ក្រៃ ច័ន្ទថន បានជាប់ឆ្នោតជាប្រធានថ្មី ក្នុងអាណត្តិទី៣ និងឱសថការី ដែលបានបើកឱសថស្ថាននានានៅគ្រប់ទីកន្លែងក្នុងខេត្តទាំងអស់ ត្រូវមានអាជ្ញាបណ្ណត្រឹមត្រូវ ហើយចំពោះឱសថការីណាពុំទាន់មានអាជ្ញាបណ្ណ ត្រូវធ្វើអាជ្ញាប័ណ្ណ ព្រមទាំងរួមគ្នាលុបបំបាត់នូវឱសថក្លែងក្លាយ ដែលធ្វើឱ្យប៉ះពាល់សុខភាពដល់អ្នកទិញឱសថយកទៅប្រើប្រាស់ ។
ជាមួយគ្នានោះ ឯកឧត្ដម បាន បុត្តា ប្រធានក្រុមប្រឹក្សាគណៈឱសថការីជាតិ ក៏បានរំលឹកឲ្យសមាជិក សមាជិកាគណៈឱសថការីខេត្តកំពង់ចាមទាំងអស់ឲ្យទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខឲ្យបានគ្រប់គ្នា ដើម្បីចូលរួមការពារ ថែរក្សាសន្តិភាព និងការអភិវឌ្ឍសំរាប់ទាំងអស់គ្នា ។
បើតាមលោកឱសថការី​ ផល ពន្លឺ អនុប្រធាមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា :  មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ មានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិចំនួន៧កន្លែង មន្ទីរពេទ្យបង្អែកថ្នាក់ស្រុកចំនួន៦កន្លែង មន្ទីរពេទ្យបង្អែកខេត្ត១កន្លែង មានមណ្ឌលសុខភាព៧១កន្លែង ប៉ុស្តិ៍សុខភាព១កន្លែង និងឱសថការីដែលជាមន្ត្រីរដ្ឋមាន២០រូប ។
ដោយឡែក រចនាសម្ព័ន្ធរបស់សេវាសុខាភិបាលឯកជន នៅខេត្តត្បូងឃ្មុំ មានគណៈកម្មការលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ខេត្ត និងអនុគណៈកម្មការលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ក្រុងស្រុក ក្នុងនោះ បច្ចុប្បន្នខេត្តត្បូងឃ្មុំ មានឱសថស្ថានស្របច្បាប់ ចំនួន៧១កន្លែង ឱសថស្ថានរង (ក)ស្របច្បាប់ចំនួន៩កន្លែង ឱសថស្ថានរង(ខ)ស្របច្បាប់ចំនួន ១៥កន្លែង ។
ម្យ៉ាងទៀត សមាជិកគណៈឱសថការី គិតត្រឹមឆ្នាំ២០២២ មានឧត្តម ៨៥នាក់ មធ្យម១២នាក់ ផ្ទេរចូល៣នាក់ ផ្ទេរចេញ៨នាក់ សរុប៩៧នាក់ផងដែរ ។
សូមបញ្ជាក់ថា ក្នុងការឈរឈ្មោះបោះឆ្នោតប្រធានក្រុមប្រឹក្សាគណៈឱសថការីខេត្តត្បូងឃ្មុំ មានបេក្ខភាព៦រូប  ក្រោយពីបោះឆ្នោតចប់ ជាលទ្ធផលបានទៅលើលោកឱសថការី ក្រៃ ច័ន្ទថន បានជាប់ឆ្នោតជាប្រធានថ្មី សម្រាប់អាណត្តិទី៣ ៕

អត្ថបទដែលជាប់ទាក់ទង