គណៈគ្រូពេទ្យខេត្តត្បូងឃ្មុំ រៀបចំទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្របន្តខេត្តត្បូងឃ្មុំលើកទី១០ ដើម្បីបន្តពង្រឹងក្រមសីលធម៌ និងវិជ្ជាជីវៈសុខាភិបាល
( ត្បូងឃ្មុំ ): គណៈក្រុមគ្រូពេទ្យខេត្តត្បូងឃ្មុំ បានរៀបចំទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្របន្តខេត្តត្បូងឃ្មុំលើកទី ១០ បានបង្ហាញពីរបៀបចូលរួមឆ្លើយ MCQ តាមរយៈប្រព័ន្ធZoom ។
ពិធីនេះធ្វើឡើងនាព្រឹកថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២៣ នេះ ក្រោមអធិបតីភាពឯកឧត្តមវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្ត ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមវេជ្ជបណ្ឌិត ឆន មុនី អនុប្រធានមន្ទីរសុខាភិបាលខេត្ត និងជាប្រធានគណៈគ្រូពេទ្យខេត្តត្បូងឃ្មុំ គណៈក្រុមគ្រូពេទ្យថ្នាក់ជាតិ-ខេត្ត សាស្ត្រាចារ្យមកពីមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យព្រះកេតុមាលា មន្ទីរពេទ្យជ័យជំនះ ក្រុមគ្រូពេទ្យមកពីតាមបណ្តាក្រុង/ស្រុកទាំង៧ក្នុងខេត្តត្បូងឃ្មុំ តំណាងក្រុមហ៊ុនជាដៃគូ និងអ្នកពាក់ព័ន្ធជាច្រើនរូប ។
បើតាមឯកឧត្តមវេជ្ជបណ្ឌិត ឆន មុនី អនុប្រធានមន្ទីរសុខាភិបាលខេត្ត និងជាប្រធានគណៈគ្រូពេទ្យខេត្តត្បូងឃ្មុំ បានមានប្រសាសន៏បញ្ជាក់ថា នៅក្នុងខេត្តត្បូងឃ្មុំ គណៈគ្រូពេទ្យ និងការប្រកបវិជ្ជាជីវៈវេជ្ជសាស្ត្រ មានគ្រូពេទ្យសរុប២៣៥នាក់ គ្រូពេទ្យបានចុះបញ្ជីការសរុប ២២៩នាក់ (ស្រី៣៥នាក់) គ្រូពេទ្យបានចុះបញ្ជីការនិងស្នើសុំអាជ្ញាបណ្ណ មានសរុបចំនួន១៤៣នាក់ ។
ឯកឧត្តមវេជ្ជបណ្ឌិត ឆន មុនី បានបន្តលើកឡើងថា កន្លងមកមន្ទីរសុខាភិបាលខេត្តបានពង្រឹងក្រមសីលធម៌វិជ្ជាជីវៈរបស់មន្ត្រីរាជការសុខាភិបាល ក្រុមគ្រូពេទ្យ នៅគ្រប់អង្គភាពសុខាភិបាលក្រោមឱវាទ គ្រប់ថ្នាក់ ទាំងរដ្ឋ និងឯកជន ជាពិសេសអង្គភាពផ្ដល់សេវា មានមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ដើម្បីលើកកម្ពស់ទំនុកចិត្តដល់ប្រជាពលរដ្ឋ ចំពោះមូលដ្ឋានសុខាភិបាលសាធារណៈ ។
ឆ្លៀតក្នុងឳកាសនោះ ឯកឧត្តមវេជ្ជបណ្ឌិត ឆន មុនី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីសុខាភិបាលខេត្ត ពិសេសក្រុមគណៈគ្រូពេទ្យខេត្តត្បូងឃ្មុំ ក្នុងអនុវត្តការងារប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ ក្នុងការបំរើ និងផ្តល់សេវា សុខាភិបាល ជូនបងប្អូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ។ ជាពិសេសត្រូវខិតខំយកចិត្តទុកដាក់បន្ថែមទៀតក្នុងការពិនិត្យព្យាបាលដល់ប្រជាពលរដ្ឋ ដែលគាត់មានបញ្ហាឈឺជំងឺផ្សេងៗ នៅគ្រប់ទីតាំងបម្រើសេវាសុខាភិបាលទាំងអស់ ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ជាគ្រូពេទ្យ សំដៅធ្វើយ៉ាងណាដើម្បីពិនិត្យ ព្យាបាល ពួកគាត់ឲ្យបានទាន់ពេលវេលា និងប្រកបដោយសុវត្ថិភាពខ្ពស់ ក៏ដូចជាសូមបន្តចូលរួមបង្ការទប់ស្កាត់ការឆ្លងនៃជំងឺកូវីដ-១៩ ។
នាឱកាសនោះ ឯកឧត្តមវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានលើកឡើងផងដែរថា ទាំងមន្ទីរសុខាភិបាលខេត្ត រួមទាំងគណៈវិជ្ជាជីវៈទាំងអស់ ត្រូវបន្តខិតខំ ណែនាំក្រើនរំលឹកដល់វេជ្ជបណ្ឌិត គ្រូពេទ្យ ទន្តបណ្ឌិត ទន្តពេទ្យ ឱសថការី គិលានុបដ្ឋាក ឆ្មប ត្រូវតែប្រតិបត្តិឲ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ និងយកចិត្តទុកដាក់ក្នុងការផ្ដល់សេវា ជូនប្រជាពលរដ្ឋប្រកបដោយក្រមសីលធម៌ ប្រកបដោយគុណភាព និងសមធម៌ ។
សូមជម្រាបថា ទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្របន្តខេត្តត្បូងឃ្មុំលើកទី ១០ នេះ ប្រព្រឹត្តទៅដោយមានការធ្វើបទបង្ហាញពីសំណាក់វាលគ្មិន ជាគណៈក្រុមគ្រូពេទ្យថ្នាក់ជាតិ សាស្ត្រាចារ្យពីមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យព្រះកេតុមាលា មន្ទីរពេទ្យជ័យជំនះ ក្រុមគ្រូពេទ្យមកពីតាមបណ្តាក្រុង/ស្រុក និងក្រុមហ៊ុនដៃគូ បានចែករំលែក បទពិសោធន៏ ដោយទទួលធាតុចូលជាច្រើនសម្រាប់សិក្ខាកាមដែលបានចូលរួម និងមានការតាំងពិពរណ៍បង្ហាញឳសថ និងសម្ភារៈសុខាភិបាលផងដែរ ៕