ព្រឹកស្អែក សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធិផលនានា នៃកងពលតូចលេខ៧០
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធិផលនានា នៃកងពលតូចលេខ៧០
នៅព្រឹកថ្ងៃចន្ទ ៩រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធិផលនានា នៃកងពលតូចលេខ៧០។
កងពលតូចលេខ៧០ បានកើតចេញពីវរសេនាតូចលេខ៧១ ក្រោយមកកែសម្រួលទៅជាវរសេនាធំលេខ៧០ ដែលមានភារកិច្ច ការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ និងអន្តរជាតិ គោលដៅសំខាន់ៗ និងការពារក្បួនដឹកសម្ភារៈរបស់ក្រសួងការពារជាតិ ហើយក៏ជាតម្រួតយោធា ដែលមានតួនាទីត្រួតពិនិត្យរាល់វិន័យសណ្តាប់ធ្នាប់របស់យោធិន និងសហការជាមួយកម្លាំងមានសមត្ថកិច្ច ដើម្បីការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម នៅក្នុងទីក្រុងភ្នំពេញ។ ឆ្លងកាត់បទពិសោធន៍ និងស្នាដៃដែលសម្រេចបាន វរសេនាធំលេខ៧០ត្រូវបានកែសម្រួលជាកងពលតូចថ្មើរជើងលេខ៧០ ស្ថិតក្រោមបញ្ជាផ្ទាល់របស់អគ្គសេនាធិការ តាមអនុក្រិត្យលេខ៥១ ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៩៤ របស់រាជរដ្ឋាភិបាលកម្ពុជា។ កងពលតូចថ្មើរជើងលេខ៧០ ត្រូវបានផ្ទេរក្របខណ្ឌពីអគ្គបញ្ជាការដ្ឋាន មកក្រោមចំណុះផ្ទាល់បញ្ជាការដ្ឋានកងទ័ពជើងគោក តាមប្រកាសលេខ២៥៤ក.រ/៩១៨ ចុះថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ របស់ក្រសួងការពារជាតិ ដើម្បីចាប់ផ្តើមកំណែទម្រង់កងយោធពលខេមរភូមិន្ទ ហើយបានកែសម្រួលឈ្មោះពីកងពលតូចថ្មើរជើងលេខ៧០ មកកងពលតូចលេខ៧០ តាមប្រកាសលេខ ៥៤២ម.ឈ/០៥១៩ ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ របស់ក្រសួងការពារជាតិ។
អំពីសមិទ្ធផលដែលដាក់សម្ពោធឲ្យប្រើប្រាស់ដែលជាចំណងដៃដ៏ថ្លែថ្លារបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ជូនដល់កងពលតូចលេខ៧០ ដែលត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់នៅថ្ងៃស្អែកនេះមានដូចតទៅ៖
១-អគារន្ទីរពេទ្យមរតកតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចោមចៅមានទំហំ១៥.១០ម៉ែត្រ x ៤៣.៨០ម៉ែត្រ នឹង ជម្រៅ២៣.៥០ម៉ែត្រ មានរាងជាអក្សរ (L) កម្ពស់០៤ជាន់ ដែលតាមជាន់នីមួយៗមានដូចខាងក្រោម៖
– ជាន់ផ្ទាល់ដីមានផ្នែកសង្គ្រោះបន្ទាន់ ផ្នែកពិនិត្យជំងឺទូទៅ បន្ទប់ពិសោធន៍ បន្ទប់អេកូ និងបន្ទប់ឆ្លុះ X-Ray។
– ជាន់ទី១ មានបន្ទប់សំរាកព្យាបាល ចំនួន១១បន្ទប់ និងបន្ទប់ផ្ទុកសម្ភារៈពេទ្យនិងឪសថមាន ចំនួន០២បន្ទប់ សរុប ១៣បន្ទប់
-ជាន់ទី២ មានបន្ទប់សំរាកព្យាបាល ចំនួន០៨បន្ទប់ បន្ទប់វះកាត់ ចំនួន០១បន្ទប់ បន្ទប់សន្តំមាន ចំនួន០១បន្ទប់ សរុប១០បន្ទប់
-ជាន់ទី៣ មានបន្ទប់សំរាកព្យាបាលជំងឺចំនួន០៦បន្ទប់ ក្នុងនោះបន្ទប់ VVIP ចំនួន០១បន្ទប់ និងបន្ទប់ VIP ចំនួន០៥បន្ទប់
២-អគារស្នាក់នៅទ័ពពិសេស សាលប្រជុំ ចំណតរថក្រោះ ចំណតឡាន មានទំហំ១៩ម៉ែត្រ x ៧១.៥០ម៉ែត្រ កម្ពស់៤ជាន់ ដែលជាន់ផ្ទាល់ដីជាចំណតរថក្រោះ , ជាន់ទី១ ជាចំណតរថយន្ត, ជាន់ទី២ជាបន្ទប់ស្នាក់នៅសម្រាប់កងទ័ពពិសេស, ជាន់ទី៣ ជាសាលប្រជុំធំ ដែលមានបំពាក់ផ្ទាំង LED និងប្រព័ន្ធសម្លេងទំនើប។
៣-អគារប្រពៃណីកងពលតូចលេខ៧០ មានទំហំ ១២,៦ម៉ែត្រ x ៤៥ម៉ែត្រ មាន១ជាន់ផ្ទាល់ដី ដែលមានតាំងបង្ហាញប្រវត្តិ និងស្នាដៃរួមរបស់កងពលតូចលេខ៧០។
៤-អគារស្នាក់នៅទ័ពនារី មានទំហំ ១៤ម៉ែត្រ x ៤៦ម៉ែត្រ កម្ពស់ ៣ជាន់ ស្មើនិងចំនួន ២០បន្ទប់។
គេហទំព័រ Facebook , បណ្តាញ Telegram និង YouTube សម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងផ្សាយផ្ទាល់(Live)ពិធីនេះ នៅម៉ោង៨ ព្រឹក៕