អភិបាលខេត្តត្បូងឃ្មុំ ប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រជន្ម សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋចំនួន១.៥០០ នាក់ នៅស្រុកពញាក្រែក

( ត្បូងឃ្មុំ ): នាព្រឹកថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២៣នេះ កាកបាទក្រហមកម្ពុជាខេត្ត សហការជាមួយ រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រជន្ម សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសិរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល និងជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋចំនួន១.៥០០នាក់ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិកាសាខាកាកបាទក្រហមកម្ពុជាខេត្ដត្បូងឃ្មុំ និងលោកជំទាវ ស្ថិតនៅវត្ដអង្គរក្នុង(ហ្លូងព្រះស្ដេចកន)ភូមិអង្គរក្នុង ឃុំដូនតី ស្រុកពញាក្រែក ខេត្ដត្បូងឃ្មុំ ។
នាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិកាសាខាកាកបាទក្រហមកម្ពុជាខេត្ដត្បូងឃ្មុំ បានលើកឡើងថា៖ ក្នុងឱកាសដ៏មហានក្ខត្តឬក្សថ្លៃថ្លានៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៧ យាងចូល ៨៨ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ តាងនាមថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់សម្តែងអំណរសាទរ និងសូមគោរពថ្វាយនូវព្រះរាជសព្ទសាធុការ ពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការថ្វាយ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតា ជាតិខ្មែរ សូមព្រះអង្គបានប្រកបតែនឹងព្រះបរមសុខគ្រប់ប្រការ ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ដើម្បីគង់ប្រថាប់ជា សម្ដេចព្រះមហាក្យត្រី ព្រះវររាជមាតាជាតិខ្មែរនៃព្រះរាជាណាចក្រកម្ពុជាដរាបតរៀងទៅ ។
ទូលព្រះបង្គំយើងខ្ញុំជាថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការទូទាំងខេត្ត ព្រមទាំងប្រជាពលរដ្ឋ  សូមព្រះបរមរាជានុញ្ញាតលើកហត្ថប្រណម្យ បួងសួងដល់ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា គុណបុណ្យព្រះរតនត្រៃ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ជាពិសេសបុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ សូមព្រះអង្គតាមជួយថែរក្សា ការពារ និងប្រោះព្រំ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈ ព្រមទាំង ព្រះរាជវង្សានុវង្ស សូមទ្រង់បានប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
មានប្រសាសន៍សំណេះសំណាលទៅកាន់ប្រជាពលរដ្ឋចំនួន១.៥០០នាក់នាឳកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងបន្តថា ប្រទេសជាតិមានការរីកដុះដាលគ្រប់ទីកន្លែង ជាពិសេសហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ សាលារៀន មន្ទីរពេទ្យ វត្តអារាម និងសមិទ្ធផលជាច្រើនទៀត ដែលនេះអាចបញ្ជាក់ឲ្យឃើញ ពីសុខសន្តិភាពពេញលេញ ក្រោមគោលនយោបាយដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋន្រ្ដីនៃកម្ពុជា បានធ្វើឲ្យប្រទេសជាតិ និងប្រជាជាតិមានភាពសម្បូរសប្បាយ ប៉ុន្តែបើប្រទេសមិនមានសុខសន្តិភាពនោះទេ ប្រជាពលរដ្ឋក៏មិនមានសិទ្ធសេរីភាព ហើយប្រទេសក៏គ្មានការអភិវឌ្ឍរីកចម្រើនដូចគ្នានោះដែរ ដូច្នេះសុខសន្តិភាព ជាកត្តាចម្បងក្នុងការអភិវឌ្ឍប្រទេស ។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត គូសបញ្ជាក់ថា ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមថែរក្សាសន្តិភាព អោយនៅស្ថិតស្ថេរគង់វង្សយូរអង្វែងតរៀងទៅ សម្រាប់អនាគតកូនៗចៅៗយើងទាំងអស់គ្នា ដើម្បីជាការតបស្នងសងគុណចំពោះប្រមុខរាជរដ្ឋាភិបាល ហើយបងប្អូនក៏ត្រូវបន្តបោះឆ្នោតគាំទ្រ និងជឿជាក់មកលើគោលនយោបាយដឹកនាំរបស់សម្តេច និងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោតនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នាពេលខាងមុខ ដោយបោះជូនគណបក្សប្រជាជនមានលេខរៀងទី១៨ ឱ្យបានគ្រប់ៗគ្នា ។
ចប់ប្រសាសន័សំណេះសំណាល់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និង លោកជំទាវ បាននាំយកអំណោយចែកជូនដល់អាជ្ញាធរម្នាក់២ម៉ឺនរៀល និងបងប្អូនប្រជាពលរដ្ឋចំនួន១៥០០នាក់ ក្នុងម្នាក់ៗទទួលបានសារ៉ុង១ និងថវិកា១ម៉ឺនរៀលផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង