ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ដត្បូងឃ្មុំ ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាព ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាល ៧ នៃរដ្ឋសភា នាពេលដ៏ខ្លីខាងមុខនេះ

( ត្បូងឃ្មុំ ): ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណអភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំបើកកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ដ ។
កិច្ចប្រជុំនេះធ្វើឡើងនារសៀលថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៣ នៅក្នុងសាលប្រជុំធំសាលាខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត អភិបាលរងខេត្ត តុលាការ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការតំបន់ប្រតិបត្តការសឹករងខេត្ត នាយក-នាយករងរដ្ឋបាលខេត្ត ប្រធាន-អនុប្រធានមន្ទីរ/អង្គភាព ជុំវិញខេត្ត កម្លាំងទាំង បី ប្រភេទ អភិបាល-អភិបាលរងក្រុង-ស្រុកទាំង ៧ មេឃុំ ចៅសង្កាត់ មេប៉ុស្តិ៍រដ្ឋបាលអធិការក្រុង/ស្រុក នគរបាលអន្តោប្រវេសន៍ ប្រធានទីស្នាក់ការច្រកទ្វារតាមព្រំដែនទាំង ៧ និងអ្នកពាក់ព័ន្ធជាច្រើនរូប ។
ខណ:ឆ្លងតាមការស្តាប់នូវសេចក្តីរាយការណ៍ ពីសំណាក់ លោក សេង ជ័យវុធ នាយករដ្ឋបាលសាលាខេត្ត របស់ជំនួយការគណៈបញ្ជាការឯកភាពខេត្ត លើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពជូនប្រជាជននៅតាមបណ្តាមូលដ្ឋាន ក្រុង/ស្រុក រួចមក លោក ហ៊ាង សុផល ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំ បានអានសេចក្តីសម្រេច ស្តីពីការបង្កើតលេខាធិការដ្ឋាន និងសេចក្តីផ្សព្វផ្សាយ របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្តីពីការពង្រឹងលើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃខាងមុខនេះ ។
ថ្លែងនាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បាន ដាក់នូវបទបញ្ជា និងវិធានការយ៉ាងម៉ឺងម៉ាត់បំផុត ដល់គ្រប់សមត្ថកិច្ច នៃកងកម្លាំងប្រដាប់អាវុធ និងគណៈបញ្ជាការឯកភាពក្រុង/ស្រុក ត្រូវបង្រ្កាបឱ្យបាននូវល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ជាពិសេសល្បែងលេងតាម Online ឱ្យអស់ពីមូលដ្ឋានរបស់ខ្លួន និងគ្រប់គ្រងនូវរាល់សភាពការណ៍ ដែលកើតមានឡើងនៅតាមមូលដ្ឋានក្នុងខេត្តត្បូងឃ្មុំ ក្នុងការបញ្ជៀសនូវរាល់បាតុភាពផ្សេងៗ នៅតាមមូលដ្ឋានក្រុង/ស្រុក ឃុំ/សង្កាត់ ត្រូវធ្វើការជម្រុញលើការអនុវត្តនូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ក្នុងធានានូវសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ឲ្យរស់នៅប្រកបដោយសុខដុមរមនា ។
ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បន្តថា គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង/ស្រុក ត្រូវក្តាប់ឲ្យបាននូវរាល់សភាពការណ៍នៅក្នុងមូលដ្ឋាន និងស្វែករកមុខសញ្ញា អ្នកដើរធ្វើការញុះញង់ បង្កនូវភាពវឹកវរ ចលាចលនៅក្នុងសង្គម ដែលធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ និងបង្កអសន្តិសុខនានា ជាពិសេសចំពោះដំណើរការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៧ នៃរដ្ឋសភា នាពេលដ៏ខ្លីខាងមុខនេះ។
ជាមួយគ្នានោះ ឯកឧត្តម អភិបាលខេត្ត ក៏បានដាក់នូវវិធានការណ៍មួយចំនួនដល់កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងអាជ្ញាធរមូលដ្ឋាន ត្រូវបង្កើនការទប់ស្កាត់ និងបង្រ្កាបរាល់បទល្មើសលើវិស័យធនធានធម្មជាតិ ដូចជា ការរុករានទន្រ្ទានដីព្រៃខុសច្បាប់ ការកាប់បំផ្លាញព្រៃឈើ ព្រៃលិចទឹក បទល្មើសនេសាទ ពីសំណាក់ប្រជាពលរដ្ឋ និងក្រុមឈ្មួញនានា ជាដើម ។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានមានប្រសាសន៍សង្កត់ធ្ងន់ ដល់អាជ្ញាធរនៅគ្រប់មូលដ្ឋានត្រូវបង្កលក្ខណៈឱ្យគណបក្សនយោបាយនានាធ្វើសកម្មភាព ដើម្បីឱ្យបានចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ ឆ្នាំ ២០២៣ ផងដែរ ។
ទន្ទឹមនេះ ឯកឧត្តមបណ្ឌិត ក៏បានធ្វើសេចក្តីណែនាំឱ្យអាជ្ញាធរនៅគ្រប់មូលដ្ឋានធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យត្រៀមឯកសារនានាដែលពាក់ព័ន្ធការបោះឆ្នោត និងទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ នៃរដ្ឋសភា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឱ្យបានគ្រប់ៗគ្នា ៕

អត្ថបទដែលជាប់ទាក់ទង