អភិបាលខេត្តត្បូងឃ្មុំ បន្តជួបសំណេះសំណាលជាមួយកម្មករនិយោជិតនៅចំការកៅស៊ូតាប៉ាវ ខូ.អិលធីឌី ក្នុងស្រុកក្រូចឆ្មារ ប្រមាណជាង ៤៩៥ នាក់ ដើម្បីស្វែងយល់ និងដោះស្រាយបញ្ហាប្រឈមនានា របស់កម្មករ កម្មការីនី ដែលកំពុងបម្រើការងារតាមបណ្ដារោងចក្រ សហគ្រាស ក្រុមហ៊ុននានា នៅទូទាំងខេត្ត
អភិបាលខេត្តត្បូងឃ្មុំ បន្តជួបសំណេះសំណាលជាមួយកម្មករនិយោជិតនៅចំការកៅស៊ូតាប៉ាវ ខូ.អិលធីឌី
( ត្បីងឃ្មុំ ): ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បន្តអញ្ជើញជួបសំណេះសំណាលជាមួយកម្មករនិយោជិតនៅចំការកៅស៊ូតាប៉ាវ ខូ.អិលធីឌី ។
ពិធីជួបសំណេះសំណាលនេះ នាថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២៣ នៅចំការកៅស៊ូតាប៉ាវ ខូ.អិលធីឌី ក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។
ក្នុងពិធីជួបសំណេះសំណាលនាឱកាសនោះដែរ ធ្វើឡើងនៅបរិវេណក្រុមហ៊ុនចំការកៅស៊ូតាប៉ាវខូ.អិលធីឌី ស្ថិតនៅឃុំទួលស្នួល ស្រុកក្រូចឆ្មារ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ម្ចាស់ក្រុមហ៊ុន ប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុក កម្លាំងទាំង៣ប្រភេទ មន្រ្តីមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជិវៈ ខេត្ត កម្មករនិយោជិត និងអ្នកពាក់ព័ន្ធជាច្រើនរួបទៀត ។
បើតាមលោក អ៊ុំ វាសនា ប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជិវៈខេត្តត្បូងឃ្មុំ បានឲ្យដឹងថា សម្រាប់ខេត្តត្បូងឃ្មុំ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត ឃើញថាខេត្តត្បូងឃ្មុំទាំងមូលកំពុងទទួលបាននូវការរីកចម្រើនឥតឈប់ឈរទាំងវិស័យសង្គម សេដ្ឋកិច្ច ដែលតាមរយៈនេះយើងសង្កេតឃើញមានវិនិយោគិនថ្មីៗមកសិក្សា និងបណ្តាក់ទុនជាបន្តបន្ទាប់ អាចបង្កើតឱកាសការងារបន្ថែមទៀតជូនប្រជាពលក្នុងខេត្តរបស់យើង ។
លោក បន្តថា នេះជាលើកទី៤ហើយសម្រាប់ខែមិថុនា ឆ្នាំ២០២៣នេះ ក្នុងនោះ លើកទី១ ប្រព្រឹត្តទៅនៅរោងចក្រថបស៊ីលវើរ លីមីធីត សាខាទី១ ក្នុងស្រុកអូរាំងឪ ចំនួន៧៤៥នាក់ លើកទី២ នៅរោងចក្រសុហ្សេន អ៊ិបដាសស្ទ្រៀល ក្នុងក្រុងសួង ចំនួន៦៦១នាក់ លើកទី៣ នៅក្រុមហ៊ុន អាម៉ាឌី គ្រុបចំការកៅស៊ូពាមជាំង និងលើកទី៤ នៅចំការកៅស៊ូតាប៉ាវ ខូ.អិលធីឌី ក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ប្រមាណជាង ៤៩៥នាក់ផងដែរ ។
មានប្រសាសន៍សំណេះសំណាល នាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានគូសបញ្ជាក់ថា គោលដៅនៃជំនួបជាមួយកម្មករនិយោជិត គឺដើម្បីស្វែងយល់ពីសុខទុក្ខកម្មករ កម្មការីនី ដែលកំពុងបម្រើការងារតាមបណ្ដារោងចក្រ សហគ្រាស ក្រុមហ៊ុននានា នៅទូទាំងខេត្ត និងក៏ដើម្បីអោយរដ្ឋបាលខេត្ត មានឱកាសក្នុងការដោះស្រាយបញ្ហាប្រឈមនានា ជូនដល់កម្មករ កម្មការិនីផងដែរ ។
ឯកឧត្តមបណ្ឌិត បន្តថាការបន្តចុះជួបដោយផ្ទាល់នេះ គឺស្របនឹងគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដោយសម្តេចបានផ្ដួចផ្ដើមគំនិតចុះផ្ទាល់តាមរោងចក្រ ជួបផ្ទាល់ជាមួយកម្មករនិយោជិតជាបន្តបន្ទាប់ ទាំងកម្មករនិយោជិត និងទាំងម្ចាស់រោងចក្រ ដោយបានពិភាក្សាគ្នា និងដោះស្រាយដោយផ្ទាល់រាល់បញ្ហាប្រឈមនានា ដែលកើតមានឡើង ។
ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានអំពាវនាវដល់កម្មករនិយោជិត សូមរួមគ្នាថែរក្សាសន្តិភាព ពីព្រោះបើគ្មានសន្ដិភាពគឺគ្មានរោងចក្រ សហគ្រាស ក្រុមហ៊ុន គ្មានឱកាសការងារ និងការអភិវឌ្ឍនោះឡើយ។ ដូច្នេះនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខនេះ ជាព្រឹត្តិការណ៍ជាតិ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី ៧ នៃរដ្ឋសភា សូមបោះឆ្នោតជូនគណបក្សប្រជាជនប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស ដែលមានលេខរៀងទី១៨ ដើម្បីរក្សាសុខសន្ដិភាព និងស្ថិរភាពនយោបាយនៅក្នុងប្រទេសកម្ពុជាទាំងមូល និងគាំទ្របេក្ខភាព ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាអ្នកបន្តវេណ ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ក៏បានជូនពរដល់បងប្អូនកូនក្មួយ កម្មករ កម្មការិនីទាំងអស់ សូមជួបតែសេចក្តីសុខ សេចក្តីចម្រើន ជាពិសេសកម្មការិនីដែលមានផ្ទៃពោះសូមឲ្យទទួលបាននូវសុខភាពល្អ ទាំងម្ដាយ និងកូននៅពេលសម្រាល ដោយបានផ្ដល់ជូនថវិកាក្នុងម្នាក់ៗ ១ ម៉ឺនរៀល ក្រមាម្នាក់១ ចំពោះស្រ្តីមានផ្ទៃពោះ ជូនថវិកាក្នុងម្នាក់ ១០ ម៉ឺនរៀល និងក្រមាម្នាក់១ផងដែរ ៕