ឯកឧត្តម ផារ៉ា មង្គល ប្រធានក្រុមការងារចុះមូលដ្ឋាន ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដឹកនាំសមាជិកសមាជិកាបក្ស ប្រមាណ ២.០០០ នាក់ ដង្ហែក្បួនឃោសនារកសម្លេងឆ្នោត ក្នុងមូលដ្ឋានឃុំជំនីក
( ត្បូងឃ្មុំ ): ឯកឧត្តម ផារ៉ា មង្គល អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកក្រូចឆ្មារ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំជំនីក នៅព្រឹកថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២៣ បានដឹកនាំសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ប្រមាណជិត ២,០០០ នាក់ ដង្ហែក្បួនឃោសនារកសម្លេងឆ្នោតក្នុងឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដោយមធ្យោបាយម៉ូតូប្រមណ ៥០០ គ្រឿង និងរថយន្តតូច ធំ ចំនួនជាង ៧០ គ្រឿង ។
សម្រាប់ថ្ងៃនេះ ជាថ្ងៃទី ៩ ហើយ បន្ទាប់ការបើកនូវយុទ្ធនាការឃោសនារកសម្លេងឆ្នោត កាលពីថ្ងៃទី ១ ខែកក្កដា កន្លងទៅ ក្នុងខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុផារ៉ា សមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្ស និងជាអនុប្រធានទី ១ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តត្បូងឃ្មុំ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ នៃរដ្ឋសភា ឆ្នាំ ២០២៣ ។
ឯកឧត្តម ផារ៉ា មង្គល បានបញ្ជាក់ថា ការជួបជុំគ្នាដង្ហែក្បួនឃោសនារកសម្លេងឆ្នោតនៅពេលនេះ គឺបានបង្ហាញអំពីការរួមគ្នាជាកម្លាំងសាមគ្គីធ្លុងមួយ ដែលកើតចេញពីក្តីស្រលាញ់ពេញក្រអៅបេះដូងរបស់សមាជិក សមាជិកាបក្ស និងស្ដែងឲ្យឃើញនូវឧត្ដមភាព កិត្យានុភាព និងទឹកចិត្តស្រឡាញ់គាំទ្រ ចំពោះគណបក្សប្រជាជនកម្ពុជារបស់សមាជិក សមាជិកាទាំងអស់ ម្យ៉ាងទៀត ការដង្ហែនេះ ក៏បង្ហាញដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកពាក់ព័ន្ធនានា ឲ្យបានឃើញច្បាស់អំពីកំលាំងមហាសាមគ្គីភាពរបស់គណបក្សប្រជាជនកម្ពុជា ទទួលបានជោគជ័យដ៏ត្រចះត្រចង់គ្រប់ៗអាណត្តិ គឺកើតចេញពីការគាំទ្រដោយឥតងាករេរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានរបស់យើងនៅក្នុងថ្ងៃនេះ ។
ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកក្រូចឆ្មារ ក៏បានប្រកាសគាំទ្រនូវគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងការដឹកនាំដ៏ត្រឹមត្រូវរបស់តេជោ ហ៊ុន សែន ដើម្បីសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ ។
ឯកឧត្តមបានសូមប្រកាសជាឱឡារិកនៅចំពោះមុខសមាជិក សមាជិកាគណបក្សជិត ២.០០០ នាក់ គាំទ្រសម្តេច ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា និងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគត ។
ជាមួយគ្នានោះ ឯកឧត្តម ផារ៉ា មង្គល ក៏បានអំពាវនាវដល់សមាជិក សមាជិកាទាំងអស់ ដែលចូលរួមដង្ហែក្បួន ចាំបាច់ត្រូវគោរពឱ្យបានសមស្របទៅតាមលក្ខន្តិកៈ របស់គណៈកម្មការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលបានណែនាំ ជាពិសេសសូមរក្សានូវភាពថ្លៃថ្នូរ និងការគោរពទៅតាមច្បាប់ដែលបានកំណត់ ជៀសវាងការកើតនូវអំពើហិង្សាណាមួយ ដែលធ្វើឲ្យប៉ះពាល់កិត្តិយសដល់គណបក្សប្រជាជនកម្ពុជា ៕