ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ដាក់វិធានការ ៥ ចំណុច ដើម្បីបង្ការ ទប់ស្កាត់ បង្រ្កាបបទល្មើសគ្រប់ប្រភេទក្នុងមូលដ្ឋានខេត្តត្បូងឃ្មុំ ឲ្យមានប្រសិទ្ធភាព
(ត្បូងឃ្មុំ): ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ បានអញ្ជើញបើកកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ ដើម្បីបង្ការ ទប់ស្កាត់ បង្រ្កាបបទល្មើសគ្រប់ប្រភេទក្នុងមូលដ្ឋាន ឲ្យមានប្រសិទ្ធភាព ។
កិច្ចប្រជុំនេះ ធ្វើឡើងនៅសាលប្រជុំ ( គ) សាលាខេត្តត្បូងឃ្មុំ នាថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៤ ។
ឯកឧត្តមបណ្ឌិតបានមានប្រសាសន៍ថា “គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក គឺជាសេនាធិការឱ្យគណៈបញ្ជាការរដ្ឋបាលខេត្ត ហើយមានតួនាទីភារកិច្ចដោះស្រាយបញ្ហាផ្សេងៗដែលកើតមានក្នុងតំបន់ក្រុងស្រុករបស់ខ្លួន ព្រមទាំងរាយការណ៍ជូនដល់គណៈបញ្ជាការរដ្ឋបាលខេត្ត ដើម្បីឱ្យគណៈបញ្ជាការរដ្ឋបាលខេត្ត ទទួលបាននៅព័ត៌មានព្រមទាំងរាយការណ៍ជូនទៅថ្នាក់ជាតិជាបន្ត ” ។
ឯកឧត្តមបណ្ឌិតបានមានប្រសាសន៍បន្តថា “កន្លងមកនេះ គណៈបញ្ជាការរដ្ឋបាលក្រុងស្រុកទាំងអស់ បានចូលរួមដោះស្រាយនៅបញ្ហាជាច្រើន ហើយទទួលបានលទ្ធផលល្អផងដែរ ប៉ុន្តែនៅមានបញ្ហាមួយចំនួន ដែលយើងត្រូវយកចិត្តទុកដាក់ ក្នុងការដោះស្រាយផងដែរ ដូចនេះខ្ញុំសូមដាក់ចេញនៅវិធានការ ៥ ចំណុច ដើម្បីធ្វើការបង្រ្កាបក៏ដូចជាទប់ស្កាត់បទល្មើសផ្សេងៗនៅក្នុងខេត្តត្បូងឃ្មុំរបស់យើង ។
ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បញ្ជាក់ថា វិធានការទាំង ៥ ចំនុចនោះរួមមាន ទី១ ធ្វើការទប់ស្កាត់និងបង្រ្កាបទៅលើបញ្ហាគ្រឿងញៀន ទី២ ធ្វើការទប់ស្កាត់និងបង្រាបរាល់ល្បែងស៊ីសងខុសច្បាប់ ទី៣ធ្វើការទប់ស្កាត់និងបង្ក្រាបរាល់ការឈូសឆាយទន្ទ្រានតំបន់ដីព្រៃលិចទឹក ទី៤ ទប់ស្កាត់និងកាត់បន្ថយនៅគ្រោះថ្នាក់ចរាចរណ៍ និងទី៥ ទប់ស្កាត់និងបង្រ្កាប់ទៅលើក្មេងទំនើងដែលបង្ករអសន្តិសុខដល់ស្រុក ភូមិ ឃុំ ខេត្តរបស់យើង ។
ឯកឧត្តមបណ្ដិត ជាម ច័ន្ទសោភ័ណ ក៏បានបង្ហាញផងដែរ ពីការវាស់វែងដីនៅស្រុកក្រូចឆ្មារ នឹងពន្លឿនឲ្យបានចប់សព្វគ្រប់នៅចុងឆ្នាំ ២០២៤ នេះ ដើម្បីបង្ការកុំឲ្យមានសកម្មភាពទន្ទ្រានដីព្រៃលិចទឹក លេចចេញជារូបរាងបន្តបន្ទាប់ទៀត ។
ជាចុងក្រោយ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានលើកឡើងនូវគោលនយោបាយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា <<សម្អាតផ្ទះយើង>> ដូច្នេះ គ្រប់អ្នកពាក់ព័ន្ធទាំងអស់ ត្រូវសហការគ្នា ដោយប្រើប្រាស់កម្លាំងសរុប វិធានការសរុប ទើបទទួលបានជោគជ័យ លើការងារនេះ ៕ សុខ ផន