នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជាអធិបតី ពិធីប្រកាសទទួលស្គាល់ លោកឧត្តមសេនីយ៍ត្រី ចិន នី ជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តត្បូងឃ្មុំថ្មី

( ត្បូងឃ្មុំ ): ថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២៤ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី ១ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តត្បូងឃ្មុំ(ស.អ.ក) នៅសាលប្រជុំធំ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ចិន នី ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តត្បូងឃ្មុំថ្មី បានបេជ្ញាចិត្ត ចំនួន ១៣ ចំណុច ដោយស្មោះត្រង់ ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលកម្ពុជា ពិសេសអនុវត្តន៍យ៉ាងមុឺងម៉ាត់ ទៅតាមគោលការសមាគម ។
ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជាខេត្តត្បូងឃ្មុំ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមាគម ដែលជានិច្ចកាល តែងតែយកចិត្តទុកដាក់ លើកកម្ពស់ ដោយមានការទទួលខុសត្រូវខ្ពស់ តាមតួនាទី ភារកិច្ច ជាបន្តបន្ទាប់ បន្តតាំងពីលោក ម៉ុន មាគ៌ា អតីត ប្រធានគណៈកម្មាធិកាសមាគម ធ្វើឱ្យសមាគម ទទួលបាននូវឧត្តមភាព មោទនភាព និងទំនុកចិត្ត ពីអតីតយុទ្ធជន នៅតាមមូលដ្ឋាន ។
មានប្រសាសន៍នាឱកាសនោះដែរ នាយឧត្តមសេនីយ៍ គន់ គីម ក៏បានប្រាប់បងប្អូនអតីតយុទ្ធជន ដែលមានវត្តមាននៅទីនេះពីការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាជាតិ និងជាប្រធានឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបច្ចុប្បន្ន ។
នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ក៏បានកោតសរសើរ ចំពោះប្រធានសមាគមចាស់ ដែលបានខិតខំបំពេញការងារទទួលបានលទ្ធផលល្អ ដោយសហការលើការងារសន្តិសុខ សុវត្ថិភាពសាធារណ:ជូនប្រជាពលរដ្ឋ នាពេលបច្ចុប្បន្ន ក៏ដូចជាការចូលរួមដោះស្រាយបញ្ហា ជាទុក្ខកង្វល់របស់អតីតយុទ្ធជននាពេលកន្លងមក ។
ជាពិសេសធ្វើយ៉ាងណា ជួយដោះស្រាយជូនពួកគាត់ឱ្យបានទាន់ពេលវេលា យើងត្រូវធ្វើការពិនិត្យ សិក្សាវាយតម្លៃ ស្វែងរកដីសម្បទានសង្គមកិច្ច ដើម្បីចែកជូនអតីតយុទ្ធជនរបស់យើង ដែលគ្មានដី គ្មានផ្ទះស្នាក់នៅពិតប្រាកដ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការចូលរួមកាត់បន្ថយភាពក្រីក្រ នៅកម្ពុជា ៕ សុខ ផន

អត្ថបទដែលជាប់ទាក់ទង