សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ នាំយកអំណោយមនុស្សធម៌ទៅចែកផ្ដល់ជូនគ្រួសាររងគ្រោះដោយសារភ្លើងឆេះផ្ទះ ចំនួន ៤ ខ្នង ស្ថិតនៅស្រុកពញាក្រែក
( ត្បូងឃ្មុំ ): នៅរសៀលថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២៤ លោក រស់ សុខន នាយករងសាខាកាកបាទក្រហមកម្ពុជាខេត្ត តំណាងលោក វង វ៉ាន់នី នាយកសាខា ដឹកនាំមន្រ្តីសាខា និងលោក លី សុភាលីន អភិបាលនៃគណៈអភិបាលស្រុកពញាក្រែក បានចុះសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ ទៅចែកផ្ដល់ជូនប្រជាពលរដ្ឋរងគ្រោះដោយសារភ្លើងឆេះផ្ទះ ចំនួន៤ខ្នង ស្ថិតនៅភូមិល្អក់ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
អំណោយទាំងនោះ ក្នុងមួយគ្រួសាៗទទួលបាន អង្ករ ៥០ គីឡូក្រាម មី ១ កេស ទឹកត្រី ១ យួរ ទឹកសុីអៀវ ១ យួរ ត្រីខ ១ យួរ តង់ ១ ថវិកា ៨០០,០០០ រៀល ។
សូមជម្រាបថា: នាថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២៤ មានអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋនៅក្នុងស្រុកពញាក្រែកអស់ចំនួន ៤ ខ្នង ដោយឆ្លងចរន្តអគ្គីសនី រួមមាន ទី ១ ម្ចាស់ផ្ទះរងគ្រោះ ឈ្មោះ ខ្លេង ម៉ៅ ភេទប្រុស អាយុ ៦៨ ឆ្នាំ ផ្ទះឈើប្រក់ក្បឿង ទំហំ ៧ ម៉ែត្រ គុណ ៨ ម៉ែត្រ ។
ទី២ ម្ចាស់ផ្ទះរងគ្រោះ ឈ្មោះ ម៉ៅ ចាន់ថេន ភេទប្រុស អាយុ ៤២ ឆ្នាំ ផ្ទះឈើប្រក់ស័ង្កសី ទំហំ ៦ ម៉ែត្រ គុណ ៨ ម៉ែត្រ ។
ទី៣ ម្ចាស់ផ្ទះរងគ្រោះ ឈ្មោះ ម៉ៅ មឿន ភេទប្រុស អាយុ ៤៦ ឆ្នាំ ផ្ទះឈើប្រក់ក្បឿង ទំហំ ៧ ម៉ែត្រ គុណ ៩ ម៉ែត្រ ។
និងទី៤ ម្ចាស់ផ្ទះរងគ្រោះ ឈ្មោះ នៅ សាំង ភេទប្រុស អាយុ ៤៧ ឆ្នាំ ផ្ទះឈើប្រក់ក្បឿង ទំហំ ៦ ម៉ែត្រ គុណ ៧ ម៉ែត្រ ។
ហេតុការណ៍អគ្គីភ័យខាងលើកើតឡើង ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ របស់អធិការដ្ឋាននគរបាលស្រុកពញាក្រែក ១ គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត ២ គ្រឿង ស្រុកមេមត់ ១ គ្រឿង ក្រុងសួង ១ គ្រឿង និងស្រុកតំបែរ ១ គ្រឿង សរុបចំនួន ៦ គ្រឿង និងប្រើប្រាស់ទឹកអស់ ចំនួន ៦ សាទែន និងរថយន្តទឹករបស់ក្រុមហ៊ុនចំការកៅស៊ូក្រែក ចំនួន ៤ គ្រឿង ទើបគ្រប់គ្រងស្ថានការណ៍បានទាំងស្រុងផងដែរ ៕ សុខ ផន