សកម្មភាពបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខ័ណ្ឌ នីតិកាលទី ៤ របស់ខេត្តត្បូងឃ្មុំ ទទួលបានជោគជ័យ

( ត្បូងឃ្មុំ ):

ដំណើរការនៃអង្គពិធីបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខ័ណ្ឌ នីតិកាលទី ៤ នៅខេត្តត្បូងឃ្មុំ នាថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៤ ទទួលបានជោគជ័យទាំង ៧ ការិយាល័យ ដោយឈ្មោះបេក្ខជនក្នុងបញ្ជីរចុះឈ្មោះបោះឆ្នោតចំនួន ៥៣៦ នាក់ រួមមាន ស្រុកតំបែរ នៅក្នុងវិទ្យាល័យ ហ៊ុនសែន តំបែរ ស្រុកក្រូចឆ្មារ នៅក្នុងវត្តពោធិ៍ព្រឹក ( ហៅវត្តកញ្ចក់ ) ស្រុកមេមត់នៅក្នុងសាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុនសែន មេមត់ ស្រុកពញាក្រែក នៅក្នុងបឋមសិក្សា អូរាំងឳ ស្រុកពញាក្រែក នៅក្នុងបឋមសិក្សាកហរញ៉ូង ឃុំវាលម្លូរ ស្រុកត្បូងឃ្មុំ នៅក្នុងបឋមសិក្សា ជប់ ក្រុងសួង នៅក្នុង សាលាមត្តេយ្យ រស្មីកុមារ ។
ចុះណែកបណ្ដាគណបក្សនយោបាយដែលបានឈរឈ្មោះបោះឆ្នោត មានចំនួន ៥ គណបក្សនយោបាយ រួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សរួបរួមជាតិ គណបក្សកម្លាំងជាតិ និងគណបក្សហ្វ៊ុនស៉ិនប៉ិច ។
អង្គពិធីបោះឆ្នោតនេះ មានសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ធានាបានល្អ ហើយបិទបញ្ចប់ការបោះឆ្នោតដោយជោគជ័យ ក្នុងបរិយាកាសល្អប្រសើរ ពុំមានគណបក្សណាមួយជំទាស់ ឬក៏មានការគំរាមកំហែង អំពើហិង្សាអ្វីនោះឡើយ ។
លោក ហ៊ាង សុផល ប្រធាន គជប ខេត្តត្បូងឃ្មុំ បានឲ្យដឹងនារសៀលថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៤ ថា អង្គពិធីបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខ័ណ្ឌ នីតិកាលទី ៤ នៅខេត្តត្បូងឃ្មុំ នាថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៤ នេះ ខេត្តត្បូងឃ្មុំ ចំនួនអ្នកមានឈ្មោះក្នុងបញ្ជីរបោះឆ្នោត សរុប ៥៣៦ នាក់ បេក្ខជនដែលបានមកបោះឆ្នោតសរុប ៥៣៥ នាក់ មិនបានមកបោះឆ្នោតចំនួនម្នាក់ បើគឹតជាភាគរយស្មើ ៩៩,៨១% ៕ សុខ ផន

អត្ថបទដែលជាប់ទាក់ទង