ក្រុមបំបែកខ្លួន វាយប្រហារទៅលើស្ថានីយប្រេងឥន្ធនៈចំនួន១១ នៅខេត្តភាគត្បូងថៃ

ក្រុមបំបែកខ្លួន វាយប្រហារទៅលើស្ថានីយប្រេងឥន្ធនៈចំនួន១១ នៅខេត្តភាគត្បូងថៃ

រាជធានីបាងកក៖ ក្រុមបំបែកខ្លួនជនជាតិម៉ាឡេ-ថៃ បានវាយប្រហារ ទៅលើស្ថានីយប្រេងឥន្ធនៈជាច្រើនកន្លែង នៅខេត្តចំនួន៣ នាភាគខាងត្បូង ប្រទេសថៃ។

សារព័ត៌មានថៃ Khaosod បានរាយការណ៍ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ ថា ស្នងការប៉ូលិសខេត្តប៉ាតានី (Pattani) លោកឧត្តមសេនីយ៍ទោ សានតា ឈួអេភូតតាន់ (Santat Chueaphuttan) បានកោះប្រជុំភ្នាក់ងារសន្តិសុខភ្លាម នៅក្នុងស្រុកចំនួន ដើម្បីវាយតម្លៃអំពីស្ថានការណ៍ និងពិនិត្យភស្តុតាងជាក់ស្តែង ហើយគាត់បានណែនាំឲ្យក្រុមស៊ើបអង្កេតប្រមូលព័ត៌មានជាបន្ទាន់ លើជនសង្ស័យ និង ពិនិត្យមើលវីដេអូ CCTV ពីក្នុងស្ថានីយប្រេងឥន្ធនៈ និង កាមេរ៉ា នៅតាមផ្លូវជុំវិញតំបន់នោះ។

អាជ្ញាធរថៃ ជឿ ថា ការវាយប្រហារ នៅក្នុងខេត្តចំនួន៣ នៅភាគខាងត្បូងបំផុតរបស់ប្រទេសថៃ ត្រូវបានធ្វើឡើង ដើម្បីបង្កើតភាពចលាចល ដោយក្រុមបះបោរផ្តាច់ខ្លួន។ អាជ្ញាធរកំពុងតែវាយតម្លៃ ថាតើឧបទ្ទវហេតុទាំងនេះ ពាក់ព័ន្ធដោយផ្ទាល់ទៅនឹងបញ្ហានយោបាយ ឬការបោះឆ្នោត នៃរដ្ឋបាលឃុំ សង្កាត់ដែរឬទេ? ប៉ុន្ដែអាជ្ញាធរនៅមិនទាន់ច្បាស់លាស់ ហើយនឹងវាយតម្លៃនាពេលក្រោយបន្ដទៀត ដោយអាស្រ័យលើការវិភាគ លើកោសល្យវិច័យ។

បើតាមការស៊ើបអង្កេត បានឲ្យដឹង ថា នៅមុនពេលកើតហេតុ ស្ថានីយប្រេងឥន្ទនៈ និងតូបលក់ទំនិញ បានបិទ នៅម៉ោង១០យប់ ដោយនៅតែសន្តិសុខចំនួន២នាក់ ដែលបំពេញការងារនៅទីនោះ។ ស្របគ្នានោះ ជនដៃដល់ប្រមាណ៥នាក់ ពាក់របាំងមុខ និង ប្រដាប់ដោយអាវុធបានជិះម៉ូតូមកដល់ និងឃាត់ខ្លួនអ្នកយាមទាំងនោះ នៅមុនពេលពេលពួកគេដាក់គ្រាប់បែកនៅតាមបំពង់បង្ហូរប្រេង។ បន្ទាប់មកជនសង្ស័យបានរត់គេចខ្លួនពីកន្លែងកើតហេតុ នៅមុនពេលបំផ្ទុះគ្រាប់បែកយ៉ាងខ្លាំង។ ស្ថានីយប្រេងឥន្ធនៈនេះ ក៏ធ្លាប់ត្រូវបានគេបំផ្ទុះ និងឆេះម្ដងរួចមកហើយ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។

កាសែតថៃដដែលនេះ បានឲ្យដឹងទៀត ថា ក្រុមអ្នកវាយប្រហារមិនស្គាល់អត្តសញ្ញាណ បានទម្លាក់គ្រាប់បែក និងដុតស្ថានីយប្រេងឥន្ធនៈចំនួន១១កន្លែង នៅទូទាំងខេត្តជាប់ព្រំដែន នាភាគខាងត្បូង ចំនួន៣ រួមមាន ខេត្តយ៉ាឡា ប៉ាតានី និងណារ៉ាធីវ៉ាត់។ បច្ចុប្បន្ន អាជ្ញាធរថៃកំពុងតែស៊ើបអង្កេតជាបន្ទាន់ និង បានបិទតំបន់ដែលរងគ្រោះ៕

មានវីដេអូ

https://www.facebook.com/share/v/17oPmcJDWK/

អត្ថបទដែលជាប់ទាក់ទង