មេដឹកនាំអឺរ៉ុប ខ្ទាស់ជើងប្រធានាធិបតីសហរដ្ឋអាមេរិក រហូតប្ដូរយុទ្ធសាស្រ្ដនៅហ្គ្រីនឡែនដ៍
ទីក្រុងដាវ៉ូស៖ នៅក្នុងមួយរយៈពេលចុងក្រោយនេះ បណ្ដាមេដឹកនាំមហាអំណាច នៅអឺរ៉ុប រួមមាន៖ ចក្រភពអង់គ្លេស បារាំង និង អាល្លឺម៉ង់…ជាដើម បានបញ្ចេញប្រតិកម្មយ៉ាងខ្លាំង ចំពោះមហិច្ឆតារបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ចង់ច្បាមយកមហាកោះដ៏ធំបំផុតរបស់ពិភពលោក នៅតំបន់អាក់ទិក ដែលនឹងនាំទៅរកការដួលរលំរបស់អង្គការសម្ពន្ធមិត្តយោធាណាតូ ប៉ុន្ដែឥឡូវ ម្ចាស់សេតវិមានរូបនេះ បានបន្ធូរបន្ថយស្ថានការណ៍ដ៏តានតឹងនេះ ដោយប្ដូរទៅជាសម្ពន្ធមិត្តមាសវិញ។

បណ្ដាញទូរទស្សន៍ គ្រប់គ្រងដោយរដ្ឋបារាំង France 24 បានផ្សាយ នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែមករា ឆ្នាំ២០២៦ ថា លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីថ្ងៃពុធ បានលុបចោលនូវការគំរាមកំហែង ដាក់ពន្ធដ៏ធ្ងន់ធ្ងរ ទៅលើបណ្ដាប្រទេសអឺរ៉ុប ចំនួន៨ ដែលប្រឆាំងនឹងមហិច្ឆតារបស់គាត់ ចំពោះការប្រើប្រាស់អំណាចយោធារបស់សហរដ្ឋអាមេរិក ចូលទៅកាន់កាប់មហាកោះហ្គ្រីនឡែនដ៍នៅឯនាយសមុទ្ររបស់ប្រទេសដាណឺម៉ាក។
លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាក់ ថា គាត់បានឈានដល់កិច្ចព្រមព្រៀងមួយ ជាមួយនឹងអគ្គលេខាធិការ អង្គការណាតូ លោក ម៉ាក រូតតេ (Mark Rutte) ស្តីពីអនាគត នៃទឹកដីស្វយ័តរបស់ដាណឺម៉ាក។ ទោះជាយ៉ាងណាក៏ដោយ លោកប្រធានាធិបតី ដូណាល់ ត្រាំ មិនបានផ្តល់ព័ត៌មានលម្អិត អំពីអ្វីដែលលោកប្រធានាធិបតី បានពិពណ៌នា ថា វាជាក្របខ័ណ្ឌ នៃកិច្ចព្រមព្រៀង នាពេលអនាគតនោះឡើយ។
ចាប់តាំងពីការវិលត្រឡប់ចូលមកគ្រប់គ្រងសេតវិមានជាថ្មី លោកប្រធានាធិបតី ត្រាំ បានដាក់ចេញនូវផែនការ ទិញយកមហាកោះហ្គ្រីនឡែនដ៍ ដែលមានផ្ទៃដីទំហំជាង២,១លានគីឡូម៉ែត្រការ៉េ ពីប្រទេសដាណឺម៉ាក ក្រោមលេស សម្រាប់យុទ្ធសាស្រ្ដសន្ដិសុខជាតិ។ ជាការឆ្លើយតបវិញនោះ ប្រទេសអឺរ៉ុបខាងជើងមួយនេះ ក៏បានប្រកាស ថា ហ្គ្រីនឡែនដ៍របស់ខ្លួន មិនមែនជាទឹកដី សម្រាប់ការទិញលក់នោះឡើយ។ ប៉ុន្ដែមួយរយៈចុងក្រោយនេះ លោកប្រធានាធិបតី ត្រាំ បានដំឡើងសំឡេង កាន់តែខ្លាំង អំពីការរឹបអូសយកកោះហ្គ្រីនឡែនដ៍ឲ្យខាងតែបាន ព្រោះបើសហរដ្ឋអាមេរិក មិនយកមុនទេ ក៏ចិន ឬ រុស្ស៊ី ចូលទៅគ្រប់គ្រងមហាកោះនេះដែរ។
ការអត្ថាធិប្បាយរបស់លោកប្រធានាធិបតី ត្រាំ បានឲ្យមេដឹកនាំអឺរ៉ុប បញ្ចេញប្រតិកម្មយ៉ាងខ្លាំង ហើយបានជំរុញឲ្យសហរដ្ឋអាមេរិក ត្រូវតែគោរពអធិបតេយ្យភាពរបស់ប្រទេសដាណឺម៉ាក។ ទន្ទឹមគ្នានេះ ក្រុមអ្នកវិភាគមួយចំនួន បានលើកឡើង ថា ប្រសិនបើមហិច្ឆតារបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅតែមិនព្រមដកថយ ចេញពីហ្គ្រីនឡែនដ៍នោះទេ សម្ពន្ធមិត្តយោធារបស់អង្គការណាតូ នឹងឈានទៅរកការដួលរលំ ហើយអឺរ៉ុប នឹងបង្កើតសម្ពន្ធភាពយោធាលំនាំនេះ តាមបែបថ្មី គឺ«ក្រុមប្រឹក្សាសន្ដិសុខអឺរ៉ុប» ដោយមិនមានការចូលរួមពីសហរដ្ឋអាមេរិក។

លោក ឃែរ ស្ដារមឺរ (Keir Starmer) នាយករដ្ឋមន្រ្ដីចក្រភពអង់គ្លេស បានបញ្ជាក់ ថា ហ្គ្រីនឡែនដ៍ ជាទឹកដី នៃព្រះរាជាណាចក្រដាណឺម៉ាក ហើយវាក៏ជាផ្នែកមួយ នៃទឹកដីរបស់អង្គការណាតូ ផងដែរ ព្រោះដាណឺម៉ាក ជាសមាជិករបស់អង្គការសម្ពន្ធមិត្តយោធាមួយនេះ។ លោកនាយករដ្ឋមន្រ្ដី ក៏បានពង្រឹកវោហារសាស្ត្ររបស់ខ្លួន ចំពោះលោកប្រធានាធិបតី ត្រាំ ជាមួយនឹងការថ្កោលទោសបន្ថែមទៀត។
ទន្ទឹមគ្នានេះ លោក អេមម៉ាញ៉ែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង បានបញ្ជាក់ ថា បណ្ដាប្រទេសអឺរ៉ុប នឹងគួរមិនចុះញ៉មនឹងការគំរាមកំហែង ឬការបំភិតបំភ័យ នៅក្នុងការរិះគន់យ៉ាងចាស់ដៃ ចំពោះការគំរាមកំហែងរបស់លោកប្រធានាធិបតី ត្រាំ ក្នុងការដាក់ពន្ធដ៏ច្រើន ប្រសិនបើអឺរ៉ុប មិនអនុញ្ញាតឱ្យគាត់ កាន់កាប់ហ្គ្រីនឡែនដ៍។


មហិច្ឆតាកាន់កាប់កោះហ្គ្រីនឡែនដ៍ បាននាំឲ្យមានភាពតានតឹង នៅក្នុងសម្ពន្ធមិត្តរបស់អង្គការណាតូ នៅតំបន់អឺរ៉ុប។ ប៉ុន្ដែឥឡូវ លោកប្រធានាធិបតី ត្រាំ បានថយក្រោយមួយជំហានភ្លាមៗ កាលពីថ្ងៃពុធ ជុំវិញការគំរាមកំហែង ដំឡើងពន្ធ ពាក់ព័ន្ធនឹងបញ្ហាហ្គ្រីនឡែនដ៍ ហើយថែមទាំងបដិសេធការប្រើប្រាស់កម្លាំងយោធា។ ទន្ទឹមគ្នានេះ លោកប្រធានាធិបតី ត្រាំ ក៏បានសង្កត់ធ្ងន់ លើកិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់ជម្លោះ ជាមួយដាណឺម៉ាក ដែលជាការប្រថុយទៅនឹងការបែកបាក់យ៉ាងធ្ងន់ធ្ងរ នៅក្នុងទំនាក់ទំនងឆ្លងមហាសមុទ្រអាត្លង់ទិក នៅក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ។
ភាពតានតឹង ជុំវិញបញ្ហាកោះហ្គ្រីនឡែនដ៍ បានចាប់ផ្ដើមថយកម្តៅឡើងវិញ ក្រោយពេលលោកប្រធានាធិបតី ត្រាំ បានថ្លែងទៅកាន់វេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស ប្រទេសស្វីស កាលពីថ្ងៃពុធ ទី២១ ខែមករា ឆ្នាំ២០២៦ ជាមួយនឹងការសម្រេចចិត្ត អំពីការដកការគំរាមកំហែងលើពន្ធ ប្រឆាំងនឹងប្រទេសដាណឺម៉ាក៕