តើនឹងមានអ្វីកើតឡើង សម្រាប់សន្ដិសុខពិភពលោក ក្រោយសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរអស់សុពលភាព?
រដ្ឋធានីវ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក និង រុស្ស៊ី បានបង្កើតសន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្រ្ដ ហៅកាត់ START (ស្ដាត) នាអំឡុងឆ្នាំ១៩៩១ ដែលជាកិច្ចព្រមព្រៀងដ៏មានអាទិភាពបំផុតមួយ សម្រាប់ការគ្រប់គ្រងគ្រឿងសព្វាវុធ រវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និង ក្រុងមូស្គូ ដែលតម្រូវឲ្យប្រទេសមហាអំណាចយោធាកំពូលរបស់ពិភពលោកទាំង២ កាត់បន្ថយនូវអាវុធនុយក្លេអ៊ែរយុទ្ធសាស្រ្ដ ប៉ុន្ដែឥឡូវសន្ធិសញ្ញាស្ដាតនេះ នឹងផុតសុពលភាព នៅត្រឹមថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ហើយថា តើនឹងមានអ្វីកើតឡើង សម្រាប់សន្ដិសុខ នៅលើភពផែនដីទាំងមូលនេះ?

សារព័ត៌មាន The Daily Digest (ឌឺ ដេលី ឌីហ្គេស្ដ) បានរាយការណ៍ ថា នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ សន្ធិសញ្ញាទ្វេភាគី «START» ដែលមានគោលបំណង់កំណត់ ទៅលើឃ្លាំងគ្រាប់នុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក និង រុស្ស៊ី ហើយត្រូវផុតកំណត់សុពលភាព។ ប៉ុន្ដែប្រទេសមហាអំណាចយោធាកំពូលរបស់ពិភពលោកទាំង២នេះ នៅតែមិនទាន់មានផែនការបន្ដសន្ធិសញ្ញានេះឡើងវិញ ក្រោយសន្ធិសញ្ញាស្ដាត បានចូលជាធរមាន នៅឆ្នាំ២០១១។
ទំនាក់ទំនងការទូត រវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និង ក្រុងមូស្គូ បានធ្លាកចុះយ៉ាងខ្លាំង ចាប់តាំងពីប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានលើកទ័ព ចូលឈ្លានពានទ្រង់ទ្រាយធំ ទៅលើប្រទេសអ៊ុយក្រែន ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមក។ ភាពតានតឹងដ៏ខ្លាំងនេះ ធ្វើឲ្យពិភពលោក មានការរំពឹងទុកតិចតួច ទៅលើការបន្ដសន្ធិសញ្ញាស្ដាតឡើងវិញ រវាងប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក។ បញ្ហានេះបានបង្កើតឲ្យមានសំណួរលើកឡើង ថា តើនឹងមានអ្វីកើតឡើង? ហើយវានឹងក្លាយជាមូលហេតុ សម្រាប់ការព្រួយបារម្ភ ទាក់ទងនឹងសន្តិសុខពិភពលោកដែរឬណា?

អ្នកវិទ្យាសាស្រ្ដ បានចង្អុលបង្ហាញ ជាលើកដំបូង ចាប់តាំងពីសម័យសង្រ្គាមត្រជាក់ រហូតមក ដោយគ្មានដែនកំណត់ណាមួយ នឹងត្រូវកំណត់ ដោយសន្ធិសញ្ញាអន្តរជាតិ ស្តីពីឃ្លាំងអាវុធនុយក្លេអ៊ែររបស់ប្រទេសមហាអំណាចទាំងពីរនេះ។ ទោះបីជាយ៉ាងណាក៏ដោយ សូម្បីតែនៅកម្រិតខ្ពស់ នៃការប្រឈមមុខគ្នា ហើយសហរដ្ឋអាមេរិក និងសហភាពសូវៀត បានព្រមព្រៀងគ្នា លើតម្រូវការ ដើម្បីកំណត់អំណាចវាយប្រហាររបស់ពួកគេ។
នៅឆ្នាំ១៩៩១ នាចុងបញ្ចប់ នៃសង្រ្គាមត្រជាក់ សន្ធិសញ្ញា START I (ស្ដាត១) ក៏បានបង្កើតឡើង សម្រាប់ការគ្រប់គ្រង ចំនួនក្បាលគ្រាប់នុយក្លេអ៊ែរ ដែលសហរដ្ឋអាមេរិក និងរុស្ស៊ី មាន។ សន្ធិសញ្ញានេះ ត្រូវបានជំនួសជាបន្តបន្ទាប់ ដោយសន្ធិសញ្ញា START II (ស្ដាត២) ដែលបានចុះហត្ថលេខា ដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ប៉ារ៉ាក់ អូប៉ាម៉ា (Barack Obama) និង ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) នៅឆ្នាំ២០១១។

បន្ទាប់មក ដែនកំណត់ ត្រូវបានកំណត់នូវក្បាលគ្រាប់នុយក្លេអ៊ែរ ចំនួន ១ ៥៥0គ្រាប់ សម្រាប់រដ្ឋនីមួយៗ នៃប្រទេសទាំងពីរនេះ។ ប៉ុន្ដែនៅឆ្នាំ២០២១ ជាឆ្នាំ នៅមុនការលុកលុយ នៅអ៊ុយក្រែន ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) និង ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) បានយល់ព្រមលើការបន្ត រយៈពេលប្រាំឆ្នាំ។ ការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន បានបញ្ចប់កិច្ចសហប្រតិបត្តិការទាំងអស់ រវាងក្រុងម៉ូស្គូ និងក្រុងវ៉ាស៊ីនតោន។
កេរដំណែល នៃសង្រ្គាមត្រជាក់ រុស្ស៊ី នៅតែមានឃ្លាំងអាវុធដ៏ធំ ជាមួយនឹងក្បាលគ្រាប់នុយក្លេអ៊ែរ ៥ ៤៥៩គ្រាប់ ខណៈសហរដ្ឋអាមេរិក មានចំនួន ៥ ១៧៧គ្រាប់។ បើតាមសហព័ន្ធន៍អ្នកវិទ្យាសាស្ត្រសហរដ្ឋអាមេរិក បានឲ្យដឹង ថា ប្រទេសទាំងពីរនេះ រួមគ្នាមានទំហំ៨៧ភាគរយ នៃសមត្ថភាពនុយក្លេអ៊ែរយោធារបស់ពិភពលោក។
