ប្រធានាធិបតី ត្រាំ ប្រើសិទ្ធិពិសេសចូលទៅកាន់ហ្គ្រីនឡែនដ៍ ចំពោះការគំរាមកំហែងរបស់ចិន-រុស្ស៊ី

ទីក្រុងដាវ៉ូស៖ មហិច្ឆតារបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅក្នុងការចូលទៅគ្រប់គ្រងមហាកោះហ្គ្រីនឡែនដ៍ ដោយកម្លាំងយោធា បាននាំឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើង នៅក្នុងទំនាក់ទំនងអន្ដរអាត្លង់ទិក រវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និង ប្លុកអឺរ៉ុប ប៉ុន្ដែឥឡូវរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានបន្ទន់ឥរិយាបថ នៅក្នុងការបង្កើតកិច្ចព្រមព្រៀមមួយ ជាមួយអង្គការសម្ពន្ធមិត្តយោធាណាតូ ចំពោះការគំរាមកំហែងណាមួយ កើតចេញពីប្រទេសរុស្ស៊ី និង មហាយក្សចិន។

ទីភ្នាក់ងារសារព័ត៌មានរបស់អង់គ្លេស Reuters (រ៉យទ័រស៍) បានផ្សាយ នៅថ្ងៃសុក្រ ទី២៣ ខែមករា ឆ្នាំ២០២៦ ថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេររិក បានបញ្ជាក់ កាលពីថ្ងៃព្រហស្បតិ៍ ថា គាត់បានទទួលនូវការធានាសិទ្ធិទាំងស្រុង និងជាអចិន្ត្រៃយ៍ សម្រាប់សហរដ្ឋអាមេរិក ចូលទៅកាន់មហាកោះហ្គ្រីនឡែនដ៍ (Greenland) នៅក្នុងកិច្ចព្រមព្រៀង ជាមួយអង្គការណាតូ ដោយសារតែប្រមុខអង្គការសម្ពន្ធមិត្តយោធាដ៏ខ្លាំងក្លារបស់ពិភពលោកមួយនេះ បានសង្កត់ធ្ងន់ ថា សម្ពន្ធមិត្តរបស់អង្គការណាតូ នឹងត្រូវបង្កើនការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះសន្តិសុខ នៅតំបន់អាក់ទិក ដើម្បីទប់ស្កាត់រាល់សកម្មភាពគំរាមកំហែង មកពីប្រទេសរុស្ស៊ី និងមហាយក្សចិន។

ព័ត៌មាននៃកិច្ចព្រមព្រៀងលើក្របខ័ណ្ឌមួយនេះ បានកើតឡើង ស្របពេលលោកប្រធានាធិបតី ត្រាំ បានដកចេញនូវការគំរាមកំហែងលើពន្ធរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងតំបន់អឺរ៉ុប និង លុបចោលការសម្រេចចិត្តប្រើប្រាស់កម្លាំងយោធា ដើម្បីដណ្ដើមគ្រប់គ្រងមហាកោះហ្គ្រីនឡែនដ៏ ដែលនាំទៅរកការបែកបាក់ដ៏ធំបំផុត នៅក្នុងទំនាក់ទំនងអន្ដរអាត្លង់ទិក នៅក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ។

ទោះជាយ៉ាងណាក៏ដោយ ការលម្អិត នៃកិច្ចព្រមព្រៀងណាមួយនោះ នៅមិនទាន់ច្បាស់នៅឡើយ ហើយប្រទេសដាណឺម៉ាក កំពុងតែជំរុញឲ្យសហរដ្ឋអាមេរិក គោរពចំពោះដែនអធិបតេយ្យភាពរបស់ខ្លួន នៅលើមហាកោះហ្គ្រីនឡែន៍ ដែលនឹងមិនត្រូវលើកយកមកពិភាក្សានោះឡើយ។ ដោយឡែក លោកស្រី កាចា កាល់ឡាស (Kaja Kallas) ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប បានបញ្ជាក់ ថា ទំនាក់ទំនង រវាងប្លុកនេះ និង សហរដ្ឋអាមេរិក បានផ្ទុះឡើងនូវភាពតានតឹងយ៉ាងខ្លាំង នៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍កន្លងមកនេះ ខណៈមេដឹកនាំអឺរ៉ុប ក៏បានកោះប្រជុំបន្ទាន់ផងដែរ។

ទន្ទឹមគ្នានេះដែរ លោក ហ្សង់ស៍ ហ្វ្រេដេរីក នៀលសេន (Jens-Frederik Nielsen) នាយករដ្ឋមន្រ្ដីកោះហ្គ្រីនឡែនដ៍ បានស្វាគមន៍ ចំពោះការប្ដេជ្ញាចិត្តរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ប៉ុន្ដែលោកនាយករដ្ឋមន្រ្ដី នៅមិនទាន់ច្បាស់ ចំពោះចំណុចជាច្រើនទៀត។

លោកនាយករដ្ឋមន្រ្ដីកោះហ្គ្រីនឡែនដ៍ បានថ្លែងទៅកាន់ក្រុមអ្នកកាសែត នៅរាជធានីនូក (Nuuk) ថា៖«ខ្ញុំមិនបានដឹង អំពីអ្វីដែលមាននៅក្នុងកិច្ចព្រមព្រៀងនោះ ឬកិច្ចព្រមព្រៀង អំពីប្រទេសរបស់ខ្ញុំ។ យើងត្រៀមខ្លួនរួចជាស្រេចអស់ហើយ សម្រាប់ពិភាក្សា អំពីរឿងរ៉ាវជាច្រើន ហើយយើងត្រៀមខ្លួនរួចជាស្រេច ដើម្បីចរចា នៅក្នុងភាពជាដៃគូ ឲ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត។ ប៉ុន្តែអធិបតេយ្យភាពរបស់យើង កំពុងតែស្ថិតនៅលើបន្ទាត់ក្រហម ខណៈលោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងតែស្វែងរកការគ្រប់គ្រងនៅតំបន់ ជុំវិញមូលដ្ឋានយោធាសហរដ្ឋអាមេរិក នៅហ្គ្រីនឡែនដ៍ ដែលជាផ្នែកមួយ នៃកិច្ចព្រមព្រៀងដ៏ទូលំទូលាយនេះ។ ប៉ុន្ដែយើងមិនអាចឆ្លងបន្ទាត់ក្រហមបានទេ។ យើងត្រូវតែទាមទារឲ្យគោរពនូវបូរណភាពទឹកដីរបស់យើង។ យើងទាមទារឲ្យគោរពច្បាប់អន្តរជាតិ និង អធិបតេយ្យភាពរបស់យើង។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅលើយន្តហោះ Air Force One (អ៊ែរ ហ៊្វស វ៉ន់) ខណៈវិលត្រឡប់ មកពីវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស (Davos) ប្រទេសស្វីស នោះ លោកប្រធានាធិបតី ត្រាំ បានបញ្ជាក់ ថា កិច្ចព្រមព្រៀងថ្មីមួយ កំពុងតែត្រូវចរចា ដែលនឹងមានចិត្តសប្បុរសច្រើន សម្រាប់សហរដ្ឋអាមេរិក ហើយក៏មានចិត្តទូលំទូលាយជាងពេលមុនៗផងដែរ៕

អត្ថបទដែលជាប់ទាក់ទង