អេស្ប៉ាញ ជំរុញឲ្យបង្កើតកងទ័ពចម្រុះអឺរ៉ុប ចំពេលមានភាពតានតឹងខ្លាំងក្នុងសម្ពន្ធមិត្តណាតូ
រាជធានីម៉ាឌ្រីដ៖ អស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកហើយ សម្ពន្ធមិត្តយោធារបស់អង្គការណាតូ តែងតែពឹងផ្អែកជាចម្បង ទៅលើកម្លាំងយោធាដ៏ខ្លាំងក្លារបស់សហរដ្ឋអាមេរិក សម្រាប់ធ្វើជាឆ្អឹងខ្នងការពារជាតិដ៏រឹងមាំរបស់ខ្លួន ទប់ទល់នឹងការគំរាមកំហែងពីប្រទេសមហាអំណាចកុម្មុយនិស្ដកំពូលរបស់ពិភពលោក ប៉ុន្ដែចាប់តាំងពីលោកប្រធានាធិបតី ដូណាល់ ត្រាំ មានមហិច្ឆតា ចង់ក្រសោបយកមហាកោះហ្គ្រីនឡែនដ៍ ចេញពីដៃរបស់ដាណឺម៉ាក ដែលជាសម្ពន្ធមិត្តរបស់ខ្លួនរួចមក បណ្ដាប្រទេសអឺរ៉ុប ក៏ចាប់ផ្ដើមបាត់បង់ទំនុកចិត្ត ទៅលើរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ខណៈឥឡូវ អេស្ប៉ាញ កំពុងតែជំរុញឲ្យប្លុកសេរីមួយនេះ ត្រូវតែបង្កើតកងទ័ពរួមគ្នាមួយដ៏ខ្លាំងក្លាបំផុត។

សារព័ត៌មានរបស់សិង្ហបុរី The Straits Times ក៏ដោយដូចជា សារព័ត៌មានល្បីៗរបស់ពិភពលោកជាច្រើនទៀត មានជាអាទិ៍៖ ទីភ្នាក់ងារសារព័ត៌មានរបស់អង់គ្លេស Reuters, The Japan Times (ឌឺ ជប៉ុន ថែមស៍), សារព័ត៌មានរបស់អារ៉ាប៊ីសាអូឌីត Arab News (អារ៉ាប់ញូស)…ជាដើម បានផ្សាយព្រោងព្រាត ថា លោក ចូសេ ម៉ាញ៉ូល អាល់បារ៉េស (Jose Manuel Albares) រដ្ឋមន្រ្ដីក្រសួងការបរទេសអេស្ប៉ាញ បានបញ្ជាក់ នៅក្នុងការអត្ថាធិប្បាយ ផ្ញើទៅកាន់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រស៍ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ពោលគឺមួយថ្ងៃ នៅមុនកិច្ចប្រជុំកំពូល នៃវេទិកាសេដ្ឋកិច្ចពិភពលោក នាទីក្រុងដាវ៉ូស (Davos) ប្រទេសស្វីស ថា ប្រទេសអេស្ប៉ាញ កំពុងតែជំរុញដល់សហភាពអឺរ៉ុប ត្រូវតែបោះជំហានទៅមុខ សម្រាប់ការបង្កើតកងទ័ពរួមគ្នាមួយ សម្រាប់ប្លុកនេះ ព្រោះវាជាវិធានការទប់ទល់ ឬបង្ការទុកជាមុន។ តំបន់អឺរ៉ុបគួរណាស់ តែផ្ដោតការយកចិត្តទុកដាក់ជាចម្បង ទៅលើការប្រមូលផ្តុំទ្រព្យសម្បត្តិរួមរបស់ខ្លួន ដើម្បីធ្វើសមាហរណកម្ម លើវិស័យឧស្សាហកម្មការពារជាតិរបស់ខ្លួន ឱ្យកាន់តែខ្លាំងក្លា។ បន្ទាប់មក ប្លុកលោកសេរីមួយនេះ ត្រូវតែប្រមូលសម្ពន្ធភាព ដែលមានឆន្ទៈដូចគ្នាបន្ថែមទៀត។

លោកប្រមុខការទូត អាល់បារ៉េស បានសង្កត់ធ្ងន់ ថា ការព្រួយបារម្ភ អំពីថា តើពលរដ្ឋអឺរ៉ុប នឹងមានឆន្ទៈនៅក្នុងការប្រមូលផ្តុំកម្លាំងយោធារួមគ្នាដែរឬទេ? អឺរ៉ុប ត្រូវតែជជែកពិភាក្សាគ្នា អំពីបញ្ហានេះ ដោយស្របទៅតាមច្បាប់ទម្លាប់។ ប៉ុន្តែឱកាសនៃការប្រមូលផ្តុំកម្លាំងដ៏សំខាន់នេះ គឺខ្ពស់ជាងថ្នាក់ជាតិ សម្រាប់ប្លុកនេះ។ កិច្ចខិតខំប្រឹងប្រែងរួមគ្នាបេបនេះ នឹងមានប្រសិទ្ធភាពខ្ពស់ជាងកងទ័ពរបស់ប្រទេសនីមួយៗ នៅក្នុងចំណោមប្រទេសទាំង២៧របស់សហភាពអឺរ៉ុប។
ការលើកឡើងរបស់ប្រមុខការទូតអេស្ប៉ាញ បានកើតឡើង នៅមុនកិច្ចប្រជុំបន្ទាន់មួយ របស់មេដឹកនាំសហភាពអឺរ៉ុប នៅក្រុងប៊្រូសសែលស៍ (Brussels) ដើម្បីសម្របសម្រួល ចំពោះការឆ្លើយតបរួមគ្នា ជុំវិញការគំរាមកំហែងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅក្នុងការទិញ ឬការដាក់បញ្ចូលមហាកោះហ្គ្រីនឡែនដ៍ ជាទឹកដីរបស់សហរដ្ឋអាមេរិក។
អ្នកនាំពាក្យ ក្រុមប្រឹក្សាអឺរ៉ុប បានអះអាង ថា កិច្ចប្រជុំនេះ នឹងនៅតែប្រព្រឹត្តទៅមុខដដែល ថ្វីបើលោកប្រធានាធិបតី ត្រាំ បានប្រកាស នៅលើបណ្ដាញសង្គម ថា លោកប្រធានាធិបតី និង អគ្គលេខាធិការអង្គការណាតូ លោក ម៉ាក រូតតេ (Mark Rutte) បានជួបពិភាក្សាគ្នារួចហើយ អំពីការបង្កើតក្របខ័ណ្ឌ នៃកិច្ចព្រមព្រៀង ជាប់ពាក់ព័ន្ធនឹងកោះហ្គ្រីនឡែនដ៍របស់ប្រទេសដាណឺម៉ាក យ៉ាងណាក៏ដោយ។
