សហរដ្ឋអាមេរិក ដាក់ពង្រាយបិសាចដែនអាកាសគ្មានមនុស្សបើក គ្រប់គ្រងប្រតិបត្ដិការយោធាដ៏គ្រោះថ្នាក់
រដ្ឋធានីវ៉ាស៊ីនតោន៖ ព័ត៌មានទើបនឹងចេញផ្សាយថ្មីៗនេះ បានបង្ហាញ អំពីយន្ដហោះគ្មានមនុស្សបើក ឬដ្រូន RQ-170 Sentinel (អ័រឃ្យូ-១៧០ សេនទីណែល) មានរហស្សនាម«បិសាចដែនអាកាស» ត្រូវបានបង្កើតឡើង ដោយក្រុមហ៊ុនឧស្សាហកម្មការពារជាតិរបស់សហរដ្ឋអាមេរិក Lockheed Martin (ឡក់ឃីដ ម៉ាទីន) ហើយធ្វើប្រតិបត្ដិការដោយកងទ័ពអាកាសសហរដ្ឋអាមេរិក សម្រាប់មជ្ឈមណ្ឌលទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ CIA។

លោកឧត្តមសេនីយ៍ទោ ហូស្ដុន ខានថ្វែល (Houston Cantwell) ដែលធ្លាប់បញ្ជាការដល់អង្គភាព RQ-170 បានផ្ដល់បទសម្ភាសន៍មួយ ជាមួយទស្សនាវដ្តីយោធាអាមេរិក Air & Space Forces (អ៊ែរស្ពេសហ៊្វស) ថា ដ្រូន RQ-170 ជាយន្ដហោះស៊ើបការណ៍សម្ងាត់គ្មានមនុស្សបើក ត្រូវបានដាក់ឲ្យប្រតិបត្ដិការ ដោយកងទ័ពអាកាសសហរដ្ឋអាមេរិក និង ទីភ្នាក់ងារស៊ើបការណ៍ CIA ហើយវាជាអាវុធដ៏សម្ងាត់បំផុតរបស់សហរដ្ឋអាមេរិក ជាមួយបេសកកម្ម និងលក្ខណៈដ៏ជាក់លាក់ ដែលត្រូវបំពេញការងារ នៅក្នុងស្ថានការណ៍ដ៏តានតឹងបំផុត។
ទោះជាយ៉ាងណាក៏ដោយ ព័ត៌មានអំពីការប្រើប្រាស់យន្ដហោះគ្មានមនុស្សបើក Rដ្រូន RQ-170 ទើបនឹងបែកធ្លាយនាពេលនេះ ក្រោយពេលសហរដ្ឋអាមេរិក បានបើកប្រតិបត្ដិការពិសេស ឆ្មក់វាយប្រហារប្រឆាំងនឹងប្រទេសវេណេហ្ស៊ុយអេឡា និង ចាប់ខ្លួនលោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ (Nicolás Maduro) កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦កន្លងទៅថ្មីៗនេះ។ ឃ្លីបវីដេអូនេះ បង្ហាញអំពីការចុះចតអំពីអាវុធដ៏សម្ងាត់ប្រភេទនេះ នៅឯមូលដ្ឋានទ័ពជើងទឹកព័រតូរីកូ (Puerto Rico) ដែលជាដែនកោះមួយរបស់សហរដ្ឋអាមេរិក នៅតំបន់សមុទ្រការីបប៊ីន ហើយត្រូវបានគេយកទៅបង្ហោះ នៅតាមបណ្ដាញសង្គមនានា។

យន្ដហោះគ្មានមនុស្សបើក RQ-170 Sentinel ធ្លាប់បង្ហាញខ្លួនជាលើកដំបូង នៅអាកាសយានដ្ឋានកាន់ដាហារ (Kandahar) នៃប្រទេសអាហ្វហ្កានីស្ថាន នាឆ្នាំ២០០៧ ហើយទើបនឹងបង្ហាញខ្លួនជាថ្មី នៅក្នុងការប្រយុទ្ធជាលើកទី១ នៅក្នុងរយៈពេលជិត២០ឆ្នាំកន្លងមកនេះ។ ប៉ុន្ដែបើតាមសេចក្ដីរាយការណ៍ជាច្រើន បានឲ្យដឹង ថា យន្ដហោះដ៏កំណាច RQ-170 ដើរតួនាទីយ៉ាងសំខាន់បំផុត នៅក្នុងការតាមដានគ្រប់សកម្មភាពរបស់លោកប្រធានាធិបតី ម៉ាឌូរ៉ូ ហើយវាកំពុងតែទាក់ទាញនូវចំណាប់អារម្មណ៍ជាសកល ចំពោះបច្ចេកវិទ្យាយោធារបស់សហរដ្ឋអាមេរិក ដែលនាំទៅដល់ការចាប់ខ្លួនមេដឹកនាំប្រទេសអាមេរិកឡាទីនម្នាក់នេះ ដោយគ្មានគ្រោះថ្នាក់ដល់ជីវិតរបស់ទាហាន។
ជាមួយនឹងការចំណាយយោធា កាលពីឆ្នាំ២០២៥ ប្រហែល៩៩៧ពាន់លានដុល្លារ សហរដ្ឋអាមេរិក ដែលជាមហាអំណាចយោធាកំពូលរបស់ពិភពលោក បានបង្ហាញអំពីឧត្តមភាពរបស់ខ្លួន នៅក្នុងប្រតិបត្តិការវេណេហ្ស៊យអេឡា។ រីឯក្រុមអ្នកជំនាញការពារជាតិ និង មន្ត្រីឧស្សាហ៍កម្មកាពារជាតិ បានសង្កេតឃើញ ថា៖«កម្លាំងយោធារបស់សហរដ្ឋអាមេរិក មិនត្រឹមតែអំណាចយោធាប៉ុណ្ណោះទេ ថែមទាំងមានសមត្ថភាពខ្លាំង សម្រាប់ប្រព័ន្ធប្រមូលទិន្នន័យ នៅតាមសមរភូមិ និង រាប់បញ្ចូលសមត្ថភាពបញ្ជាផងដែរ។ ការលុកលុយរបស់វេណេហ្ស៊ុយអេឡា បានបង្ហាញ ថា ទិន្នន័យ និងបណ្តាញនានា មិនមែនកាំភ្លើងធំទេ ហើយក៏បានកំណត់អំពីជ័យជម្នះ ដែលអាចកែប្រែសង្គ្រាម នាពេលអនាគត។
