កងទ័ពភូមា ចាប់ផ្ដើមវាយប្រយុទ្ធគ្នាយ៉ាងខ្លាំង ជាមួយនឹងក្រុមឧទ្ធាមការ៉ែន
រដ្ឋធានីណៃពិដោ៖ ទាហានរដ្ឋាភិបាល នៅថ្ងៃចន្ទ ទី២៦ ខែមករា ឆ្នាំ២០២៦ បានវាយប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា ជាមួយនឹងក្រុមឧទ្ធាម ដែលមានឈ្មោះ«កងទ័ពសហភាពជាតិការ៉ែន (KNU)» នៅជិតព្រំដែន ជាមួយប្រទេសថៃ ដោយបានបណ្តាលឱ្យមានការខូចខាតតិចតួច ដល់ផ្ទះសម្បែងជនស៊ីវិលថៃ។ នេះបើតាមការចេញផ្សាយរបស់កាសែតថៃ។

ការវាយប្រយុទ្ធគ្នាដ៏ខ្លាំងក្លានេះ បានកើតឡើង កាលពីព្រឹក ថ្ងៃចន្ទ ទី២៦ ខែមករា នៅភូមិមីនឡាផាន់ (Min La Pan) ប្រទេសមីយ៉ាន់ម៉ា ឈមមុខជាមួយនឹងស្រុកមេសូត (Mae Sot) ខេត្តតាក់ (Tak) របស់ប្រទេសថៃ។
កងពលតូចថ្មើរជើងលេខ២២របស់យោធាមីយ៉ាន់ម៉ា បានប្រើប្រាស់យន្តហោះគ្មានមនុស្សបើក ឬ ដ្រូនទម្លាក់គ្រាប់បែក និង ដ្រូនអត្តឃាត វាយប្រហារលើទីតាំងរបស់កងទ័ពការ៉ែន (KNU) នៅក្នុងតំបន់នេះ។ ការវាយប្រហារនេះ បានកើតឡើង នៅតំបន់ទីនូខ័រ (Tinu Khor) ទីបញ្ចុះសពផាលូ (Phalu) និងផ្លូវប្រសព្វ នៅជិតក្រុងមីយ៉ាវ៉ាដឌី (Myawaddy) ស្ថិតក្នុងរដ្ឋការ៉ែន នៅតាមព្រំដែនរបស់មីយ៉ាន់ម៉ា។ ការវាយប្រហារដោយដ្រូន បានកំណត់គោលដៅលើមូលដ្ឋានដ៏រឹងមាំរបស់ការ៉ែន ស្ថិតនៅចម្ងាយប្រហែល១គីឡូម៉ែត្រ ពីព្រំដែនថៃ នៅក្នុងភូមិមួយ ម៉ាហាវ៉ា (Huay Mahawang) ដែលជាផ្នែកមួយ នៃតំបន់ប្រតិបត្តិការរបស់កងកម្លាំង ប្រឆាំងនឹងរដ្ឋាភិបាលមីយ៉ាន់ម៉ា។ ទោះជាយ៉ាងណាក៏ដោយ ចំនួនជនរងគ្រោះទាំងសងខាង នៅមិនទាន់ច្បាស់នៅឡើយ។

បច្ចុប្បន្ន យោធារដ្ឋាភិបាលមីយ៉ាន់ម៉ា បានព្យាយាមដណ្តើមគ្រប់គ្រងមូលដ្ឋានព្រៃឈើ នៅមីនឡាផាន់ (Min La Pan) ប៉ុន្តែត្រូវបានវាយបកវិញ បន្ទាប់ពីមានការបាញ់តបតគ្នាយ៉ាងខ្លាំងក្លា ដោយអាវុធធុនតូច។ ការវាយប្រហារនេះ បណ្តាលឲ្យផ្ទះពលរដ្ឋថៃមួយខ្នង រងការខាតបង់តិចតួច តែមិនមានអ្នកស្រុកថៃណាម្នាក់ រងរបួសនោះឡើយ។
