កម្ពុជា សម្រេចចូលជាសមាជិកក្រុមប្រឹក្សាសន្ដិភាព ក្រោមគំនិតផ្ដួចផ្ដើមរបស់ដូណាល់ ត្រាំ
រាជធានីភ្នំពេញ៖ ក្រុមប្រឹក្សាសន្តិភាព (ហៅកាត់ BoP) គឺជាអង្គការមួយ ត្រូវបានបង្កើតឡើង ដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ជាមួយនឹងគោលបំណងលើកកម្ពស់នូវការថែរក្សាសន្តិភាព និង ត្រូវបានអនុញ្ញាត ដោយដំណោះស្រាយលេខ២៨០៣ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីត្រួតពិនិត្យនូវការអនុវត្តដំណោះស្រាយនេះ ហើយក្រុមប្រឹក្សាភិបាល ត្រូវបានស្នើឡើង កាលពីខែកញ្ញា ឆ្នាំ២០២៥ និងត្រូវបានបង្កើតឡើងជាផ្លូវការ នៅខែមករា ឆ្នាំ២០២៦ នៅខាងក្រៅវេទិកាសេដ្ឋកិច្ចពិភពលោកលើកទី៥៦ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស ខណៈឥឡូវប្រទេសកម្ពុជា ក៏បានសម្រេចចិត្តចូលជាសមាជិកស្ថាបនិក នៃក្រុមប្រឹក្សានេះផងដែរ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានសរសេរសារបង្ហោះ នៅលើទំព័របណ្ដាញសង្គមហ្វេសប៊ុក Hun Manet កាលពីព្រឹក ថ្ងៃអង្គារ ទី២៧ ខែមករា ឆ្នាំ២០២៦ ថា កម្ពុជា សម្រេចចូលរួមជាសមាជិកស្ថាបនិក នៃក្រុមប្រឹក្សាសន្តិភាព (The Board of Peace) តាមការអញ្ជើញរបស់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ជេ. ត្រាំ (Donald J. Trump) កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦។
ការចូលរួមនេះ គឺដើម្បីបង្ហាញពីឆន្ទៈរបស់កម្ពុជា ក្នុងការគាំទ្រ និងរួមចំណែកដល់ការលើកកម្ពស់ការរក្សាសន្តិភាពសកល។ សុច្ឆន្ទៈ ស្រឡាញ់សន្តិភាព ការគាំទ្រ និង រួមចំណែកដល់ការកសាង ហើយរក្សាសន្តិភាព គឺជាគោលការណ៍ដែលកម្ពុជាតែងតែប្រកាន់ខ្ជាប់ជារៀងរហូតមក ជាពិសេស តាមរយៈការបញ្ជូនកងកម្លាំងរក្សាសន្តិភាព ក្រោមឆត្ររបស់អង្គការសហប្រជាជាតិ ទៅបំពេញបេសកកម្ម នៅតាមបណ្តាប្រទេសមួយចំនួន ដែលរងគ្រោះដោយសារសង្រ្គាម។
សម្ដេច នាយករដ្ឋមន្រ្ដីកម្ពុជា បានបន្ដ ថា ដោយឃើញបងប្អូនប្រជាពលរដ្ឋមួយចំនួន មិនទាន់យល់ច្បាស់ អំពីកាតព្វកិច្ចហិរញ្ញវត្ថុរបស់កម្ពុជា ក្នុងការចូលរួមនេះ ខ្ញុំសូមបញ្ជាក់ ថា ការចូលរួមជាសមាជិកស្ថាបនិក នៃក្រុមប្រឹក្សាសន្តិភាព សម្រាប់អាណត្តិ៣ឆ្នាំ មិនតម្រូវឱ្យបង់ថវិកានោះទេ។ ចំពោះការបង់ថវិកា ចំនួន១ពាន់លានដុល្លារសហរដ្ឋអាមេរិកនោះ គឺសម្រាប់ករណីចូលជាសមាជិក រយៈពេលវែង (ឬអចិន្ត្រៃយ៍) តែប៉ុណ្ណោះ។

រហូតមកដល់ពេលនេះ មានប្រទេសចំនួន៦០ បានទទួលការអញ្ជើញចូលរួម នៅក្នុងក្រុមប្រឹក្សាសន្ដិភាព ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ។ ប៉ុន្ដែប្រទេសបានចូលរួមជាមួយក្រុមប្រឹក្សាសន្ដិភាពនេះ មានចំនួន២០ រួមមាន៖ អាហ្សង់ទីន, អាមេនី, អាស៊ែបៃហ្សង់ (Azerbaijan), បារ៉ែន(Bahrain), ប៊ុលហ្ការី(Bulgaria), ហុងគ្រី (Hungary), ឥណ្ឌូណេស៊ី, ហ្សកដានី (Jordan), កាហ្សាក់ស្ថាន, កូសូវ៉ូ (Kosovo), ម៉ុងហ្គោលី, ម៉ូរ៉ុកកូ (Morocco), ប៉ាគីស្ថាន, បារ៉ាហ្កាយ (Paraguay), កាតារ (Qatar), អារ៉ាប៊ីសាអូឌីត, តួកគី, អារ៉ាប់រួម ឬអារ៉ាប់អេមីរ៉េត (United Arab Emirates), សហរដ្ឋអាមេរិក និង អ៊ុយបែគីស្ថាន ( Uzbekistan)។
