ប្រទេសសៀម ដេញតាមមហិច្ឆតាជាតិនិយម ក្រោមឥទ្ធិពលគោលនយោបាយការបរទេសសហរដ្ឋអាមេរិក តាំងពីអតីតកាលរហូតដល់បច្ចុប្បន្ន

រាជធានីភ្នំពេញ៖ តាំងពីអតីតកាល រហូតមកដល់បច្ចុប្បន្ន សៀម ដែលបានផ្លាស់ឈ្មោះមកជា«ថៃ» ចាប់តាំងពីឆ្នាំ១៩៣៩ រហូតមក តែងតែហក់ទៅចាប់ដៃ យកប្រទេសណាដែលខ្លាំង ខណៈឥឡូវ កំពុងតែដេញតាមមហិច្ឆតាជាតិនិយម ក្រោមឥទ្ធិពលគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក អតីតកាល និងបច្ចុប្បន្ន។

លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បានសរសេរសារបង្ហោះ នៅលើទំព័របណ្ដាញសង្គមហ្វេសប៊ុក កាលពីព្រឹក ថ្ងៃអង្គារ ទី២៧ ខែមករា ឆ្នាំ២០២៦ ថា កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ មានព័ត៌មាន ថា ប្រទេសកម្ពុជា បានទទួលយកការអញ្ជើញជាផ្លូវការ ពីរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីចូលរួមជាមួយនឹង«ក្រុមប្រឹក្សាសន្តិភាព» ដែលជាការបង្ហាញអំពីឆន្ទៈដ៏ប្រពៃ និងការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះសន្តិភាពជាសកល។ នេះជាឱកាសជាប្រវត្តិសាស្ត្រ និងជាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត សម្រាប់កម្ពុជា ហើយក៏ជាឱកាសមួយ សម្រាប់ពិភពលោក នៅក្នុងការឈ្វេងយល់ អំពីគំនិតផ្តួចផ្តើមប្រកបដោយថាមពល និងយុទ្ធសាស្ត្រច្នៃប្រឌិតថ្មីៗរបស់រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ។ មិនតែប៉ុណ្ណោះ នេះក៏ជាកិត្តិយស សម្រាប់កម្ពុជា នៅក្នុងការដើរតួនាទីយ៉ាងសំខាន់នៅក្នុងកិច្ចខិតខំប្រឹងប្រែង ចំពោះសន្តិភាពសកលលោក។

ដោយឡែកពីការលើកឡើងខាងលើ នៅមានបញ្ហាដ៏សំខាន់មួយទៀត គឺជម្លោះព្រំដែន រវាងប្រទេសថៃ និងប្រទេសកម្ពុជា ដែលកំពុងតែបន្តកើតមាន និងកំពុងតែបង្កឲ្យមានផលប៉ះពាល់ដល់សន្តិភាព នៅក្នុងតំបន់ និងសកលលោក។ បញ្ហានេះ កើតមាន ដោយសារតែភាពព្រងើយកន្តើយ និងការបំពារបំពានរបស់ប្រទេសថៃ ទៅលើកិច្ចព្រមព្រៀងលើបទឈប់បាញ់ដែលជ្រោមជ្រែង ដោយសហរដ្ឋអាមេរិក។ យោធាថៃ បានកាន់កាប់តំបន់ ចំនួន១៤ទីតាំងដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា។ សកម្មភាពបែបនេះ ផ្ទុយស្រឡះពីកិច្ចព្រមព្រៀងលើបទឈប់បាញ់ ដែលជ្រោមជ្រែងដោយសហរដ្ឋអាមេរិក។

ជម្លោះព្រំដែនកម្ពុជា-ថៃ និងតួនាទីរបស់សហរដ្ឋអាមេរិក ចំពោះសន្តិភាពនៅក្នុងតំបន់ និងពិភពលោក គឺជាប់ពាក់ព័ន្ធជាមួយនឹងកិច្ចព្រមព្រៀងសន្តិភាព ក្រោមការសម្របសម្រួលដោយសហរដ្ឋអាមេរិក តាំងពីខែវិច្ឆិកា ឆ្នាំ១៩៤៦ មកម្ល៉េះ។ នៅក្នុងអំឡុងសង្គ្រាមលោកលើកទី២ ទោះបីជាថៃ បានអះអាង អំពី«អព្យាក្រឹតភាព» របស់ខ្លួនយ៉ាងណាក៏ដោយ ក៏រដ្ឋអាយ៉ងរបស់ខ្លួន នៅទីបំផុត បានចងសម្ពន្ធភាពជាមួយជប៉ុន និង បានប្រកាសសង្គ្រាម ជាមួយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។ យោធាថៃ បានចូលរួមប្រយុទ្ធជាមួយជប៉ុន នៅក្នុងប្រទេសភូមា ហើយថៃបានដណ្តើមយកទឹកដីរបស់កម្ពុជា (ដែលកាលនោះ កម្ពុជាស្ថិតនៅក្រោមអាណាព្យាបាលរបស់បារាំង)។

លោកនាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បានបន្ដ ថា ក្រោយសង្គ្រាមលោកលើកទី២ បានបញ្ចប់ទៅ ដោយសារតែការភិតភ័យរបស់ភាគីថៃ រដ្ឋាភិបាលថៃ ត្រូវបានប្រទេសមហាអំណាច តម្រូវឱ្យប្រគល់ទឹកដីរបស់កម្ពុជា ដែលខ្លួនបានដណ្តើម យកពីអាណាព្យាបាលបារាំង ត្រឡប់មកឱ្យកម្ពុជាវិញ។ ជំពូក នៃប្រវត្តិសាស្ត្រនេះ មានសារសំខាន់ខ្លាំងណាស់ ព្រោះវាមានចំណុចស្រដៀងគ្នាច្រើន ជាមួយនឹងបរិបទបច្ចុប្បន្ន។ ប្រទេសថៃ បានដណ្តើមកាន់កាប់យ៉ាងហោចណាស់ ជាបណ្តោះអាសន្ន លើទឹកដីរបស់កម្ពុជា ដោយការប្រើប្រាស់កម្លាំងយោធា។ សកម្មភាពបែបនេះរបស់យោធាថៃ បានរំលោភលើស្មារតី នៃកិច្ចព្រមព្រៀងលើបឈប់បាញ់ ក្រោមការជួយជ្រោមជ្រែង ដោយសហរដ្ឋអាមេរិក។ សកម្មភាពនេះ មិនមែនធ្វើឡើង ដើម្បីផលប្រយោជន៍សន្តិភាពនោះទេ ប៉ុន្តែថៃ ធ្វើដើម្បីមហិច្ឆតាជាតិនិយមថៃទៅវិញទេ។
ទន្ទឹមនឹងនេះដែរ ស្របពេលប្រទេសថៃ ត្រូវបានអញ្ជើញឱ្យចូលរួម នៅក្នុង«ក្រុមប្រឹក្សាសន្តិភាព» ពីរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នោះ នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរ៉ាកុល បែរជាបន្តុះបង្អាប់ចំពើគំនិតផ្តួចផ្តើមនេះ ថា វាគ្រាន់តែជារឿង «មិនសូវចាំបាច់» ឬផូរផង់មួយ ហើយរដ្ឋាភិបាលថ្មីរបស់ថៃ អាចទទួលយកសំណើនេះបាន លុះត្រាតែក្រុមប្រឹក្សាសន្ដិសុខនេះ អាចនាំមកនូវផលប្រយោជន៍ដ៏ល្អប្រសើរបំផុត សម្រាប់ប្រជាជាតិថៃ។

លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បានបន្ថែម ថា មានចំណុចស្រដៀងគ្នាជាច្រើន រវាងឥរិយាបថរបស់រដ្ឋាភិបាលថៃ នាពេលបច្ចុប្បន្ន និងនាពេលអតីតកាល ដែលហាក់ដូចជា បានកន្លងទៅជាយូរមកហើយ។ នៅក្នុងអំឡុងពេល និងក្រោយសង្គ្រាមលោកលើកទី២ ប្រទេសថៃ បានព្យាយាមជំរុញផលប្រយោជន៍ជាតិរបស់ខ្លួន ដោយធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ក្នុងតំបន់ និងពិភពលោក ហើយក្នុងអំឡុងពេលសព្វថ្ងៃនេះ ទង្វើរបស់ប្រទេសថៃ ក៏មិនខុសប្លែកគ្នា ពីទង្វើពីអតីតកាលប៉ុន្មាននោះដែរ។ រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ គួរតែទាមទារឱ្យប្រទេសថៃ ទទួលខុសត្រូវនូវអ្វីដែលខ្លួន បានយល់ស្រប នៅក្នុងកិច្ចព្រមព្រៀងលើបទឈប់បាញ់ ដូចទៅនឹងការដែលសហរដ្ឋអាមេរិក តម្រូវឱ្យភាគីថៃ អនុវត្តទៅតាមការយល់ស្របរបស់ខ្លួន នៅក្នុងកិច្ចព្រមព្រៀងរដ្ឋធានីវ៉ាស៊ីនតោន នាឆ្នាំ១៩៤៦ ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង