អតីតរដ្ឋមន្រ្ដីក្រសួងព័ត៌មាន និយាយអំពីថៃ ច្រណែនឹងប្រជាជាតិខ្មែរ
រាជធានីភ្នំពេញ៖ ការផ្ទុះសង្គ្រាមឈ្លានពានរបស់សៀម រំលោភបំពានមកលើបូរណភាពទឹកដី និង អធិបតេយ្យភាពរបស់កម្ពុជា ចន្លោះពីថ្ងៃទី២៤ដល់២៨ ខែកក្កដា និង ចន្លោះពីថ្ងៃទី៧ដល់២៧ ខែធ្នូ ឆ្នាំ២០២៥ បានបំផុសស្មារតីដល់ជនរួមជាតិខ្មែរគ្រប់និន្នាការនយោបាយ និង សាសនា ទាំងក្នុង និងក្រៅប្រទេស ងាកមករួបរួមសាមគ្គីគ្នា វិញជាធ្លុងមួយ រហូតធ្វើឲ្យប្រជាជនថៃ ច្រណែនយ៉ាងខ្លាំង បើទោះជាកងទ័ពកម្ពុជា មិនមានគ្រឿងសព្វាវុធទំនើបៗយ៉ាងណាក្ដី ក៏ទឹកចិត្តប្រយុទ្ធរបស់ពួកគាត់ មានភាពអង់អាចក្លាហានបំផុត នៅក្នុងការការពារ ទប់ទល់នឹងសត្រូវឈ្លានពាន មកលើប្រទេសជាតិរបស់ខ្លួន។

លោក ខៀវ កាញារីទ្ធ អតីតរដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានសរសេរសារបង្ហោះ នៅលើគណនីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួន កាលពីព្រឹក ថ្ងៃពុធ ទី២៨ ខែមករា ឆ្នាំ២០២៦ ថា៖«បើមើលកម្លាំងទ័ពយើង មិនឈ្នះថៃ តែប្រជាជនយើង មាន១០ចំណុច ដែលថៃ ច្រណែន ចង់បានដែរ ហើយសូមលើកទឹកចិត្តឲ្យធ្វើបន្ត ព្រោះឃើញ ថា បានល្អមែន ជាពិសេសជំនាន់ Gen Z (ប្រជាជនដែលកើតចន្លោះពី១៩៩៧ដល់២០១២) ហ្នឹងតែម្តង។ គ្នាយើងមានតិច ដូច្នេះមានតែយកគុណភាព មកប៉ះប៉ូវលើបរិមាណវិញប៉ុណ្ណោះ រួមមាន៖
១-ការជួយគ្នា រវាងជួរមុខនិងជួរក្រោយ សាកគិតមើលលើលោក មានប៉ុន្មានប្រទេស ដែលពេលស្រុកមានសង្គ្រាម គឺប្រជាជនយកអម្រែកប្រទេសជាតិ មកជួយរ៉ែកគ្នា រៃអង្គាស ជួយជំនួយសព្វបែបយ៉ាង។
២-អាចអាន និយាយ សរសេរ ស្តាប់ភាសាបរទេសបានយ៉ាងហោចមួយដែរ។ នេះជារឿងដែលថៃ ចង់បានខ្លាំងណាស់ ដោយសារតែនៅខ្មែរ យុវជនភាគច្រើន សុទ្ធអាចយល់អង់គ្លេសបាន។
៣-ប្រើប្រាស់បណ្តាញសង្គម បានជាប្រយោជន៍ មិនថា ទាំងស្រុង តែភាគច្រើន មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការប្រើប្រាស់បច្ចេកវិទ្យា និងអាចមានសមត្ថភាពញ៉ែកព័ត៌មានក្លែងក្លាយបាន។
៤-យកការរៀន ជាគោលជាជាងការជេរប្រទេចគ្នា ការអានសៀវភៅ អានព័ត៌មាន ស្តាប់អ្នកជំនាញ ដែលយកចំណេះដឹង មកអះអាងវិញ សូម្បីតែការឌឺដង ក៏ពូកែជាងថៃ ដោយមិនចាំបាច់ប្រើពាក្យអសុរោះ។
៥-ចែករំលែកគ្នា មិនថា លុយកាក់ សម្ភារៈ រហូតដល់ចំណេះដឹង ឬបញ្ញា ក្នុងការឈ្វេងយល់ពីហេតុការណ៍អ្វីមួយ ការចែករំលែកគំនិត ថ្វីត្បិតតែមិនត្រូវទាំងអស់ តែបានបង្ហាញ ពីភាពចម្រុះ នៃការយល់ឃើញល្អៗដល់សង្គមជាតិ។
៦-ចេះសាមគ្គីគ្នា ក្នុងគ្រាលំបាក ជារឿងធម្មតា ដែលយើងមានប្រវត្តិខុសគ្នា ការគិតខុសគ្នា រហូតដល់និន្នាការនយោបាយ និងសាសនាខុសគ្នា ក៏អាចទុកភាពខុសគ្នានៅម្តុំ ហើយមករួបរួមគ្នាបានដែរ។
៧-អាចបើកចំហគំនិត ទទួលយកភាពខុសគ្នាបាន មានវប្បធម៌បរទេសឬបែបបទ នៃការគិតរបស់បរទេស សូម្បីតែរបៀបរបបខ្លះ ក៏បានហូរចូលមកក្នុងសង្គមយើង ហើយការដែលអាចរៀនសូត្រពីចំណុចល្អៗរបស់គេ ក៏ជួយយើងឲ្យដើរលឿនដែរ។
៨-ច្នៃប្រឌិត មិនរអ៊ូរទាំ ថា អត់មានទេ តែព្យាយាមបង្កើតឲ្យមាន ដូចករណីអាវុធអ៊ីចឹង យើងមិនដែលទៅច្រណែនថៃទេ តែក្នុងស្ថានការណ៍បន្ទាន់ យើងអាចជប់បាន។
៩-តស៊ូ ខាំស្មៅជាង ពិសេសក្នុងពេលដែលមិនមានសង្ឃឹម ថា ឈ្នះ យើងមិនដែលគិត ថាយើងនឹងចាញ់នោះដែរ តែយើងព្យាយាមធ្វើគ្រប់យ៉ាង ដើម្បីអាចយកឈ្នះបាន។ នេះជាទឹកចិត្តដ៏ខ្លាំងក្លាមួយ។
១០-ដើរទៅមុខ ដួលក្រោកៗ រៀនពីកំហុស និងធ្វើបានល្អជាងមុន។ កំហុសកាលពីសង្គ្រាមលើកទី១ (ចន្លោះពីថ្ងៃទី២៤ដល់២៨ ខែកក្កដា ឆ្នាំ២០២៥) នៅពេលលើកទី២ ស្ទើរតែគ្មានកំហុស ហើយឥឡូវ ក៏កំពុងតែរៀនសូត្រពីអ្វីដែលយើងខ្វះខាត ហើយខិតខំធ្វើឲ្យបានល្អជាងនេះ នៅលើកក្រោយទៀត។
