ចិន ចាប់ផ្ដើមបង្ហាញយានអវកាសផ្ទុកយន្ដហោះដ៏ធំបំផុត នៅលើពិភពលោក
រដ្ឋធានីប៉េកាំង៖ ក្រៅពីការប្រកួតប្រជែងសេដ្ឋកិច្ច ជាមួយនឹងសហរដ្ឋអាមេរិក ដែលជាប្រទេសមហាអំណាចកំពូលរបស់ពិភពលោកនោះមក រដ្ឋាភិបាលក្រុងប៉េកាំង ក៏បាននិងកំពុងតែខិតខំប្រឹងប្រែង ធ្វើយោធូបនីយកម្មឲ្យកាន់តែខ្លាំងក្លាយ៉ាងឆាប់រហ័សបន្ថែមទៀត ខណៈឥឡូវ ចិន បានបង្ហាញ អំពីផែនការជាច្រើន សម្រាប់យានអវកាសផ្ទុកយន្ដហោះ លើកដំបូងបំផុតរបស់ភពផែនដី។
បណ្ដាញទូរទស្សន៍ គ្រប់គ្រងដោយរដ្ឋអាល្លឺម៉ង់ DW បានផ្សាយ នៅថ្ងៃពុធ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ថា ប្រទេសចិន កំពុងតែបង្កើនការផ្សព្វផ្សាយយានអវកាសផ្ទុកយន្ដហោះដ៏ធំសម្បើមរបំផុតបស់ពិភពលោក ព្រោះជាអាវុធទំនើបថ្មី។ តើអាវុធដ៏ទំនើបប្រភេទនេះ នឹងក្លាយជាចក្ខុវិស័យសម្រាប់សង្គ្រាម នៅក្នុងលំហអវកាស ឬក៏គ្រាន់តែជាការប្រឌិតឡើង តាមបែបវិទ្យាសាស្ត្រ?
យានអវកាសផ្ទុកយន្តហោះនេះ នឹងមានទំហំធំជាងនាវាផ្ទុកយន្ដហោះចម្បាំង ដែលកំពុងតែប្រើប្រាស់សព្វថ្ងៃ ហើយវាមានទម្ងន់ធ្ងន់ជាងនាវាផ្ទុកយន្តហោះរបស់សហរដ្ឋអាមេរិកថែមទៀតផង។ យានអវកាសផ្ទុកយន្ដហោះ Luanniao (លួននាវ) របស់ចិន មានគោលបំណង សម្រាប់ប្រតិបត្ដិការ នៅក្នុងសង្គ្រាមលើលំហអាកាស នាពេលអនាគត។ ប៉ុន្តែអ្នកជំនាញ បានពណ៌នាអំពីអាវុធដ៏ទំនើបប្រភេទថ្មីនេះ ថា វាជាឆាកល្ខោនបច្ចេកវិទ្យាកម្រិតខ្ពស់ គួបផ្សំជាមួយនឹងសារនយោបាយផងដែរ។
បច្ចុប្បន្ន ប្រទេសចិន កំពុងតែរៀបចំសមាហរណកម្មផែនការ ជាមួយនឹងប្រព័ន្ធការពារដែនអាកាស និង អវកាស តាមអ្វីដែលគេស្គាល់ ថា Nantianmen (ណានធៀនម៉ែន) ឬច្រកទ្វារឋានសួគ៌។ យានអវកាសផ្ទុកយន្តហោះ Luanniao នេះ មានប្រវែង២៤២ម៉ែត្រ និងប្រវែងស្លាបពីម្ខាងទៅម្ខាងទៀត មានប្រវែង៦៨៤ម៉ែត្រ ហើយត្រូវបានគេរាយការណ៍ ថា ទម្ងន់របស់វា អាចហោះហើរបាន រហូតដល់ ១២0 000 តោន ។ ការហហោះចេញពីយានអវកាសផ្ទុកយន្ដហោះប្រភេទនេះ គឺយន្តហោះចម្បាំងអវកាសគ្មានមនុស្សបើក ដែលគេហៅ Xuannu (ហ្ស៊ាននូ) អាចបាញ់មីស៊ីលល្បឿនលឿនជាងសំឡេង និង វាយប្រហារទៅលើគោលដៅនានា នៅក្នុងលំហអាកាស និងក្នុងគន្លងគោចរ នៃភពផែនដី។
ដោយឡែក លោកស្រី ជូលៀនណា ស៊ូអេស (Juliana Süß) អ្នកជំនាញផ្នែកសន្តិសុខអវកាស មកពីវិទ្យាស្ថានអាល្លឺម៉ង់សម្រាប់កិច្ចការអន្តរជាតិ និងសន្តិសុខ (SWP) បានបញ្ជាក់ នៅក្នុងបទសម្ភាសន៍មួយ ជាមួយទូរទស្សន៍ DW ថា៖«ប្រទេសចិន បានជាប់ចំណាត់ថ្នាក់លេខ២ ជាយូរមកហើយ នៅក្នុងវិស័យលំហអវកាស ដោយនៅតាមពីក្រោយសហរដ្ឋអាមេរិក ប៉ុន្តែចំណាត់ថ្នាក់របស់ចិន មានភាពល្អប្រសើរជាងអឺរ៉ុប។ ទន្ទឹមគ្នានេះ រដ្ឋាភិបាលក្រុងប៉េកាំង បានបណ្តាក់ទុននូវចំនួនទឹកប្រាក់យ៉ាងច្រើន នៅក្នុងវិស័យអវកាស ហើយមានកិត្យានុភាពយ៉ាងច្បាស់ សម្រាប់ការនាំមុខគេ និងមានសារៈសំខាន់យ៉ាងខ្លាំង សម្រាប់បង្កើនសមត្ថភាពយោធា។
យានអវកាសផ្ទុកយន្តហោះ ដែលបានគ្រោងទុកនេះ នឹងមានទម្ងន់លើសពីនាវាផ្ទុកយន្តហោះធំបំផុត ដែលមានស្រាប់ ប្រហែល២០ភាគរយ ខណៈវាមានប្រវែងខ្លីជាង និង មានស្លាបវែងជាងនាវាផ្ទុកយន្តហោះ ដែលកំពុងធ្វើនាវាចរណ៍តាមធម្មតា នៅលើលំហសមុទ្រ។ នាវាផ្ទុកយន្តហោះដ៏ធំបំផុតរបស់ពិភពលោក ដែលកំពុងតែធ្វើប្រតិបត្ដិការ នាពេលបច្ចុប្បន្ននេះ គឺ USS Gerald R. Ford (យូអេសអេស ជេរ៉លដ៍ អ.ហ្វដ) របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក ដោយវាមានប្រវែងប្រហែល ៣៣៧ម៉ែត្រ និងទទឹង ៧៨ម៉ែត្រ និង មានទម្ងន់ប្រហែល ១00 000 តោន រួមទាំងប្រេងឥន្ធនៈ បុគ្គលិក និង ឧបករណ៍យោធាផងដែរ។
បើរបាយការណ៍ខ្លីមួយ ស្តីអំពីកម្មវិធីយោធាលីជាន (Lijian) បានផ្សាយ នៅតាមទូរទស្សន៍ គ្រប់គ្រង ដោយរដ្ឋចិន CCTV ដោយបានពិពណ៌នា អំពីក្រុមហ៊ុនដឹកជញ្ជូន ដែលបានប្រកាស ថា នេះជាគំរូស៊្រីឌី (3D) ដែលអាចថតបានពីការហោះហើយលើផែនដី និង បង្ហាញពីយន្តហោះចម្បាំង ហើយការបាញ់អាវុធ នៅលើទីអវកាស៕ ប្រែសម្រួល ដោយលោក ណុប ស៊ីនួន