ក្រសួងការបរទេស តវ៉ាប្រឆាំងនឹងសកម្មភាពទាហានថៃ យកកុងតឺន័រមកដាក់លើទឹកដីកម្ពុជា
រាជធានីភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានប្រកាសតវ៉ាជាផ្លូវការ ប្រឆាំងនឹងការដាក់កុងតឺន័រចំនួនបី កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយកងកម្លាំងប្រដាប់អាវុធថៃ នៅក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៃព្រះរាជាណាចក្រកម្ពុជា ដោយបានរារាំងដល់ការចូលទៅកាន់ច្រកព្រំដែនអន្តរជាតិអានសេះ។
ក្រសួងការបរទេសកម្ពុជា បានចាត់ទុក ថា សកម្មភាពបែបនេះ ជាការរំលោភបំពានយ៉ាងជាក់ច្បាស់ មកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។ សកម្មភាពរបស់ទាហានថៃ អាចនឹងធ្វើឱ្យមានការផ្លាស់ប្តូរបរិយាកាសសន្តិសុខនៅក្នុង និងជុំវិញតំបន់ស៊ីវិល ពង្រឹងការ គ្រប់គ្រង់ ដោយយោធា ឬបង្កើតស្ថានភាពថ្មី នៅលើទីតាំងជាក់ស្តែង ដែលធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹង ប្រែងកាត់បន្ថយភាពតានតឹង និងរារាំងដល់ការវិលត្រឡប់ ដោយសុវត្ថិភាព និងថ្លៃថ្នូររបស់ប្រជាជនស៊ីវិល ទៅកាន់ផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ពួកគេវិញ។
ក្រសួងការបរទេស បានសង្កត់ធ្ងន់ ថា កម្ពុជា ជំទាស់យ៉ាងដាច់អហង្ការ ចំពោះសកម្មភាពខុសច្បាប់នេះ ដែលជាការពង្រឹងការកាន់កាប់ មកលើទឹកដីកម្ពុជា ដោយប្រទេសថៃ។ សកម្មភាពបែបនេះផ្ទុយនឹងវិធានការកាត់បន្ថយភាពតានតឹង ដែលមានចែង ក្នុងចំណុចទី១ នៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងបំពានទៅនឹងធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។
កម្ពុជា សូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួន និងឥតងាករេ ក្នុងការស្វែងរកដំណោះស្រាយ ប្រកបដោយមិត្តភាព ចំពោះជម្លោះព្រំដែនទាំងអស់ ជាមួយប្រទេសថៃ ក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់ តាមរយៈមធ្យោបាយសន្តិភាព ស្របតាមច្បាប់អន្តរជាតិ ហើយប្រកាន់ខ្ជាប់នូវគោលជំហរ ជាគោលការណ៍ ថា ព្រំដែនមិនត្រូវបានផ្លាស់ប្តូរ ដោយកម្លាំងនោះឡើយ៕