អង្គការឃ្លាំមើលសិទ្ធិមនុស្ស ព្រមានពីគ្មានរដ្ឋាភិបាលអាស៊ានណា គាំទ្រការបោះឆ្នោតដ៏គួរឲ្យអាម៉ាស់នៅភូមា
រាជធានីបាងកក៖ ប្រធានអង្គការឃ្លាំមើលសិទ្ធិ ប្រចាំតំបន់អាស៊ី បានព្រមាន កាលពីថ្ងៃព្រហស្បតិ៍ ថា រដ្ឋាភិបាលក្នុងតំបន់អាស៊ាន មិនគួរគាំទ្រដល់លទ្ធផលបោះឆ្នោត ដែលបានរៀបចំឡើង ដោយរបបយោធានៅប្រទេសមីយ៉ាន់ម៉ា នោះឡើយ ព្រោះការបោះឆ្នោតនេះមិនមិនគួរឲ្យទុកចិត្តបាន។ នេះបើតាមសារព័ត៌មានជាភាសាអង់គ្លេសរបស់ថៃ Khaosod បានផ្សាយ នៅថ្ងៃសុក្រ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៦។
លោកស្រី អេឡេន ភាសុន (Elaine Pearson) ប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្ស ប្រចាំតំបន់អាស៊ី បានថ្លែងនៅក្នុងបទបង្ហាញរបាយការណ៍ពិភពលោកប្រចាំឆ្នាំរបស់ខ្លួន សម្រាប់ឆ្នាំ២០២៦ នៅឯក្លឹបឆ្លើយឆ្លងបរទេស នៃប្រទេសថៃ ហៅកាត់ FCCT ថា អស់រយៈពេល៥ឆ្នាំកន្លងមកហើយ ចាប់តាំងពីរដ្ឋប្រហារយោធា នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ រហូតមក អ្វីដែលគេបានមើលឃើញ គឺរបបយោធាមីយ៉ាន់ម៉ា បានពង្រឹងនូវការគ្រប់គ្រងយោធារបស់ពួកគេ។ បច្ចុប្បន្ន នៅប្រទេសមីយ៉ាន់ម៉ា មានអ្នកទោសនយោបាយជាង ៣៣ ០០០នាក់ កំពុងតែជាប់ឃុំឃាំង ហើយអ្នកដែលបានបង្ហោះសាររិះគន់ នៅតាមបណ្ដាញសង្គមហ្វេសប៊ុក អំពីការបោះឆ្នោតនេះ ក៏កំពុងតែត្រូវបានគេដាក់ទោសទណ្ឌ។
បើតាមសេចក្ដីប្រកាសព័ត៌មាន អំពីរបាយការណ៍ដ៏សំខាន់នេះ បានឲ្យដឹង ថា អំពើឃោរឃៅរបស់ពួកយោធា ចាប់តាំងពីមានអំពើរដ្ឋប្រហារយោធានោះមក រួមមាន៖ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ បានកើនឡើង នៅក្នុងអំឡុងឆ្នាំ២០២៥ ខណៈរបបយោធាបានស្វែងរកការពង្រឹងនូវការគ្រប់គ្រងរបស់ពួកគេ តាមរយៈប្រតិបត្តិការយោធាទាំងបំពាន និងការបោះឆ្នោត ដែលគ្រប់គ្រង ដោយពួកគេ។
បើតាមរបាយការណ៍ដដែលនោះ ក៏បានបញ្ជាក់ផងដែរ ថា ការបោះឆ្នោតនេះ បានដើរតួជាចំណុចកណ្តាល សម្រាប់ការប៉ុនប៉ងរបស់របបយោធា ដើម្បីដេញតាមកម្ទេចក្រុមប្រឆាំងនយោបាយទាំងអស់ ហើយបន្ទុកបង្អាក់ដល់កិច្ចខិតខំប្រឹងប្រែង សម្រាប់ការស្តារនូវការគ្រប់គ្រង ដោយរដ្ឋាភិបាលស៊ីវិល និងពង្រឹងរដ្ឋអំណាច ដែលគ្រប់គ្រង ដោយពួកយោធា។ ដោយឡែកលទ្ធផលបោះឆ្នោតតាមការរំពឹងទុក និងតាមរយៈការរៀបចំ បង្ហាញអំពីជ័យជម្នះភ្លូកទឹកភ្លូកដី សម្រាប់គណបក្សសម្ព័ន្ធភាព និងអភិវឌ្ឍន៍របស់តំណាងយោធា។
ទន្ទឹមគ្នានេះដែរ ប្រទេសចិន និងរុស្ស៊ី ដែលជាអ្នកផ្គត់ផ្គង់យន្តហោះ និងគ្រឿងសព្វាវុធដ៏ធំបំផុតដល់របបយោធាមីយ៉ាន់ម៉ា ក៏បានបញ្ជូនក្រុមអ្នកសង្កេតការណ៍បោះឆ្នោតរបស់ខ្លួន ទៅពិនិត្យមើលការបោះឆ្នោត នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ប្រទេសមហាអំណាចទាំងពីរនេះ បានគាំទ្រដល់របបយោធា អស់រយៈពេលជាយូរមកហើយ ហើយបានរារាំងដល់សកម្មភាពរបស់អន្តរជាតិ លើអំពើឃោរឃៅរបស់របបគ្រប់គ្រងយោធា នៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ថែមទៀតផង៕