កាសែតដ៏ចំណាស់អង់គ្លេស ដាក់ចំណងជើងប្រទេសថៃ នឹងក្លាយជាជំងឺអាស៊ី
ទីក្រុងឡុងដ៍៖ ស្ថានភាពនយោបាយអស្ថិរភាពក្នុងប្រទេស គ្មានការកែទម្រង់ហេដ្ឋារចនាសម្ព័ន្ធឲ្យខ្លាំងក្លា និង មិនមានក្បាលម៉ាស៊ីនថ្មី សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច ក៏ដូចជាការបង្កើតជម្លោះជាមួយប្រទេសកម្ពុជា បានធ្វើឲ្យកំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃ ត្រូវជាប់គាំង ខណៈសេដ្ឋកិច្ចរបស់វៀតណាម ត្រូវគេរំពឹង ថា នឹងវ៉ាដាច់ ហើយរុញទម្លាក់ប្រទេសថៃ ដែលមានសេដ្ឋកិច្ចធំលំដាប់លេខ២នៅអាស៊ាន ចេញពីតំណែង ហើយឥឡូវសារព័ត៌មានប្រចាំថ្ងៃរបស់អង់គ្លេស បានដាក់ចំណងជើង ថា «ប្រទេសថៃជាជំងឺអាស៊ី» ខណៈកាសែតរបស់ថៃ The Nation ក៏បានផ្សាយ ថា «សេដ្ឋកិច្ចរបស់ប្រទេសថៃ ធ្លាប់ជាខ្លា ធ្លាក់មកជាអ្នកជំងឺអាស៊ី»។
សារព័ត៌មានជាភាសាអង់គ្លេសរបស់ថៃ Khaosod បានផ្សាយ ថា សារព័ត៌មានដ៏ល្បីល្បាញរបស់អង់គ្លេស Financial Times (ហ្វាយណាន់សល ថែមស៍) បានចុះផ្សាយនូវអត្ថបទមួយរបស់ខ្លួន ជាមួយនឹងចំណងជើង ថា «ប្រទេសថៃ កំពុងក្លាយជាអ្នកជំងឺអាស៊ី» ជាមួយនឹងការព្រមាន ថា សេដ្ឋកិច្ចរបស់ប្រទេសថៃ កំពុងតែជាប់គាំង ជាមួយនឹងកំណើន ប្រហែល២ភាគរយ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ ដោយសារការប្រើប្រាស់ ផលិតកម្ម និងទេសចរណ៍ ធ្លាក់ចុះខ្លាំង។ សេដ្ឋកិច្ចរបស់ប្រទេសថៃ ធ្លាប់ជាខ្លាមួយ នៅអាស៊ី តែឥឡូវប្រទេសអាស៊ានមួយនេះ កំពុងតែថយចុះអំណាចបែបនេះ និងការកើនឡើងសម្ពាធ សម្រាប់ជីវភាពគ្រួសារ។
របាយការណ៍ដដែលនោះ បានលើកឡើង អំពីបញ្ហារចនាសម្ព័ន្ធ ធ្លាក់ចុះកាន់តែខ្លាំង រួមទាំងចំនួនមនុស្សវ័យចំណាស់ បំណុលគ្រួសារជិត៩០ភាគរយ នៃផលិតផលក្នុងស្រុកសរុប ឬ GDP កម្លាំងប្រកួតប្រជែងថយចុះ និងអស្ថិរភាពនយោបាយអូសបន្លាយ រយៈពេលយូរ។ ការផលិត និងវិស័យរថយន្តបានថយចុះ ស្របពេលវិស័យទេសចរណ៍ នៅតែទាបជាងកម្រិត នៅមុនការរាតត្បាតពីជំងឺកូវីដ-១៩ ចំពេលមានការព្រួយបារម្ភ អំពីសុវត្ថិភាព និងការប្រកួតប្រជែងនៅក្នុងតំបន់។
ទន្ទឹមគ្នានេះដែរ សារព័ត៌មានដ៏ចំណាស់ ដែលមានអាយុកាលប្រហែល១៣៨ឆ្នាំរបស់អង់គ្លេស Financial Times ព្រមាន ថា ប្រសិនបើគ្មានការកែទម្រង់ហេដ្ឋារចនាសម្ព័ន្ធឲ្យខ្លាំងក្លាបន្ថែមទៀត និង មិនមានក្បាលម៉ាស៊ីនថ្មី សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចនោះទេ ប្រទេសថៃ អាចប្រឈមនឹងសេដ្ឋកិច្ចធ្លាក់ចុះកាន់តែខ្លាំងឡើងបន្ដទៀត ដោយក្រុមអ្នកសេដ្ឋកិច្ច ព្រមាន ថា យាហោ«ជំងឺអាស៊ី» សមនឹងទទួលយក៕ ប្រែសម្រួល ដោយលោក ណុប ស៊ីនួន