សហរដ្ឋអាមេរិក ទាត់ចោលការកំណត់រយៈពេលសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរ ជាមួយរុស្ស៊ី
រដ្ឋធានីវ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) កាលពីថ្ងៃព្រហស្បតិ៍ បានច្រានចោលការផ្តល់ជូនពីសមភាគីរុស្ស៊ី ដើម្បីបន្តការស្ម័គ្រចិត្ត លើការដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ បន្ទាប់ពីសន្ធិសញ្ញាកាត់បន្ថយអាវុធប្រហារប្រល័យលោក ដែលបានដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យ អស់រយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ បានអស់សុពលភាព។ នេះបើតាមបណ្ដាញទូរទស្សន៍ គ្រប់គ្រងដោយរដ្ឋអារ៉ាប៊ីសាអូឌីត Al Arabiya បានផ្សាយ នៅថ្ងៃសុក្រ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៦។
លោកប្រធានាធិបតី ដូណាល់ ត្រាំ បានសរសេរបង្ហោះ នៅលើបណ្ដាញសង្គម Truth Social (ទ្រូស សូសល) របស់គាត់ ថា ជាជាងការពង្រីកសន្ធិសញ្ញា New START (ញូវស្ដាត)… យើងគួរតែឱ្យក្រុមអ្នកជំនាញនុយក្លេអ៊ែររបស់យើង ធ្វើសន្ធិសញ្ញាថ្មី ឱ្យល្អបំផុត និងមានភាពជឿនលឿន ដែលអាចមានរយៈពេលយូរ ទៅថ្ងៃអនាគត។
លោកប្រធានាធិបតី ដូណាល់ ត្រាំ បានឆ្លើយតបទៅនឹងសំណើរបស់សមភាគីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) សម្រាប់ភាគីនានា ឱ្យប្រកាន់ខ្ជាប់ រយៈពេល១ឆ្នាំ ចំពោះដែនកំណត់ ដោយកិច្ចព្រមព្រៀងឆ្នាំ២០១០ ស្តីពីការដាក់ពង្រាយក្បាលគ្រាប់នុយក្លេអ៊ែរយុទ្ធសាស្ត្រ, មីស៊ីល, យន្តហោះ និងនាវាមុជទឹក ដែលផ្ទុកអាវុធនុយក្លេអ៊ែរ។
New START គឺជាសន្ធិសញ្ញាគ្រប់គ្រងអាវុធចុងក្រោយ រវាងប្រទេសមហាអំណាចនុយក្លេអ៊ែរដ៏ធំបំផុតទាំងពីររបស់ពិភពលោក។ សន្ធិសញ្ញានេះ អនុញ្ញាតឱ្យមានការពន្យាពេលតែមួយប៉ុណ្ណោះ ដែលលោកប្រធានាធិបតី ពូទីន និងអតីតប្រធានាធិបតីអាមេរិក ចូ បៃដិន (Joe Biden) បានព្រមព្រៀងគ្នា សម្រាប់រយៈពេលប្រាំឆ្នាំ កាលពីឆ្នាំ២០២១។
ដោយឡែក អ្នកនាំពាក្យ វិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បានបញ្ជាក់ ថា រុស្ស៊ី បានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមកិច្ចសន្ទនា ជាមួយសហរដ្ឋអាមេរិក ប្រសិនបើក្រុងវ៉ាស៊ីនតោន ឆ្លើយតប ក្នុងន័យស្ថាបនា ចំពោះសំណើរបស់លោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន។
ការលើកឡើងរបស់មេដឹកនាំប្រទេសមហាអំណាចនុយក្លេអ៊ែរទាំង២របស់ពិភពលោក បានកើតឡើង ក្រោយពេលប្រមុខអង្គការសហប្រជាជាតិ បង្ហាញអំពីគ្រោះថ្នាក់ដល់ភពផែនដី ហើយបានជំរុញឲ្យសហរដ្ឋអាមេរិក និង រុស្ស៊ី បង្កើតកិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរឡើងវិញឲ្យបានឆាប់រហ័សបំផុត៕