តើជប៉ុន-ចិន នឹងបន្ដតានតឹងដាក់គ្នាឬ ក្រោយលោកស្រី តាកៃឈិ ឈ្នះភ្លូកទឹកភ្លូកដី?
រាជធានីតូក្យូ៖ ទំនាក់ទំនងការទូត រវាងរដ្ឋាភិបាលក្រុងតូក្យូ និង ក្រុងប៉េកាំង បានតានតឹងដាក់គ្នាយ៉ាងខ្លាំង ជុំវិញបញ្ហាកោះតៃវ៉ាន់ ក្រោយពេលនាយករដ្ឋមន្រ្ដីស្រីដំបូងរបស់ជប៉ុន បានឡើងកាន់តំណែង មិនបានប៉ុន្មានសប្ដាហ៍ផង ខណៈឥឡូវ លោកស្រី តាកៃឈិ បានឈ្នះការបោះឆ្នោតសកលភ្លូកទឹកភ្លូកដី កាលពីថ្ងៃអាទិត្យ។
កាសែតដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក New York Times បានផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ថា នាយករដ្ឋមន្រ្ដីជប៉ុន លោកស្រី សាណា តាកៃឈិ (Sanae Takaichi) កាលពីថ្ងៃអាទិត្យ បានចូលរួមប្រកួតប្រជែងដ៏ធំមួយ ដោយលោកស្រី បានរៀបចំការបោះឆ្នោតភ្លាមៗ ក្រោយការឡើងកាន់តំណែង ត្រឹមតែរយៈពេល១១០ថ្ងៃ បន្ទាប់ពីលោកស្រី បានក្លាយជាស្ត្រីដំបូងគេ បានកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់ប្រទេសអាស៊ីបូព៌ាមួយនេះ។ គណបក្សរបស់លោកស្រី បានទទួលជោគជ័យ ដោយអ្នកបោះឆ្នោតបានផ្តល់ការគាំទ្រយ៉ាងពេញទំហឹង សម្រាប់គោលនយោបាយសេដ្ឋកិច្ចរបស់លោកស្រី និងគោលជំហរដ៏តឹងរ៉ឹង លើអន្តោប្រវេសន៍ និងប្រទេសចិន។
គណបក្សប្រជាធិបតេយ្យសេរី (LDP) របស់លោកស្រី តាកៃឈិ បានឈ្នះភ្លូកទឹកភ្លូកដី ដោយបានទទួលសំឡេង ចំនួន៣១៦អាសនៈ នៅក្នុងចំណោមកៅអីសភាជាន់ទាបជប៉ុន ចំនួន៤៦៥អាសនៈ។ នេះជាសំឡេងគាំទ្រដ៏ច្រើនលើសលុបយ៉ាងកម្របំផុត នៅសភាតំណាងរាស្រ្ត ដោយបានកើនលើសពីមុន ដែលមានត្រឹមតែ១៩៨អាសនៈ។ នេះបើតាមការផ្សាយរបស់បណ្ដាញទូរទស្សន៍របស់ជប៉ុន NHK ។
ជ័យជម្នះរបស់គណបក្ស លោកស្រី តាកៃឈិ បានបង្ហាញយ៉ាងច្បាប់ អំពីការអនុម័តរបៀបវារៈអភិរក្សមួយ ស្តីពីការការពារជាតិ និងបញ្ហាសង្គម ហើយក៏ដើម្បីពង្រឹងនូវគោលជំហររបស់លោកស្រី នៅលើឆាកពិភពលោក ដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំបានពេញចិត្ដនឹងបេក្ខភាពនាយករដ្ឋមន្រ្ដីរបស់លោកស្រី។ ការទទួលបានកៅអី ចំនួន៣១៦អាសនៈរបស់គណបក្ស LDP បូករួមទាំងអាសនៈចំនួន៣៦របស់គណបក្សនុវានុវត្តន៍ជប៉ុន ឬ Ishin (អ៊ីស៊ីន) ដែលជាដៃគូរដ្ឋាភិបាលចម្រុះ នាពេលនេះ នឹងធ្វើឲ្យលោកស្រី តាកៃឈិ មានសំឡេងភាគច្រើនលើសលុប រហូតដល់៣៥២អាសនៈនៅក្នុងសភា។ ដូច្នេះ លោកស្រីនាយករដ្ឋមន្រ្ដី នឹងមានភាពងាយស្រួលបំផុត នៅក្នុងការអនុម័តច្បាប់ និងជំរុញរបៀបវារៈលើគោលនយោបាយរបស់លោកស្រី។
គោលនយោបាយរបស់រដ្ឋាភិបាល លោកស្រី តាកៃឈិ បានបង្កើនកញ្ចប់ថវិកាលើវិស័យការពារជាតិយ៉ាងច្រើន ជាមួយនឹងការអះអាង ថា ប្រសិនបើរដ្ឋាភិបាលក្រុងប៉េកាំង ចូលឈ្លានពានទៅលើកោះតៃវ៉ាន់ ក្រុងតូក្យូ នឹងឆ្លើយតបដោយយោធា។ ការលើកឡើងរបស់លោកស្រី បានធ្វើឲ្យប្រទេសមហាយក្សចិន ខឹងសម្បាយ៉ាងខ្លាំង និង ជំរុញឲ្យលោកស្រី លុបចោលនូវការធ្វើអត្ថាធិប្បាយបែបនេះ។ ទន្ទឹមគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក ស៊ីនជីរ៉ូ កូអ៊ីហ្ស៊ូមិ (Shinjiro Koizumi) បានបញ្ជាក់ ថា គាត់ចង់ឱ្យជំរុញគោលនយោបាយពង្រឹងវិស័យការពារជាតិជប៉ុន ខណៈបន្តកិច្ចសន្ទនាជាមួយនឹងចិន៕