ពលរដ្ឋ​រាប់ពាន់នាក់មកពីគ្រប់ទិសទី នាំគ្នាចុះចាប់ត្រី នៅលើទឹកដីអង្គរ

ខេត្តសៀមរាប៖ ប្រជាជាតិខ្មែរ តែងតែប្រកាន់ខ្ជាប់នូវប្រពៃណីទំនៀមទម្លាប់​របស់ខ្លួន តាំងពីបុរាណកាលតរៀងមក ហើយកាលពីព្រឹក ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ មានមនុស្សរាប់ពាន់នាក់ មកពីគ្រប់ទិសទី បានចូលរួមនៅក្នុងព្រឹត្ដិការណ៍ចាប់ត្រីរួមគ្នា នៅក្នុងបឹង​​បង្កោង ស្ថិតក្នុងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

​ព្រឹត្ដិការ​ណ៍ចាប់ត្រីរួមគ្នា នៅបឹងបង្កោង នៃទឹកដីអច្ឆរិយៈរបស់ខ្មែរ​ ក្រៅពីការបង្កើតបរិយាកាសសប្បាយរីករាយ សាមគ្គីភាព រវាងប្រជាជាតិខ្មែរនោះ ​ក៏​វាបានបង្ហាញពី​លក្ខណៈពិសេស ជាងការនេសាទធម្មតា ដោយសារត្រូវតែ​​គោរពតាម​ច្បាប់សហគមន៍។ ពិធីនេះតែងតែធ្វើឡើង ជា​រៀងរាល់ឆ្នាំ​ ដោយមានអាជ្ញាធរភូមិ និងគណៈកម្មការវត្ត ​ហាមឃាត់នូវការនេសាទ នៅក្នុងបឹងនេះពេញមួយឆ្នាំ សម្រាប់ការថែ​រក្សាពូជត្រី។ ប៉ុន្ដែការអនុញ្ញាតឱ្យចាប់ត្រីបាន មាន​តែម្តងគត់ ក្នុងមួយឆ្នាំ នាអំឡុងខែមាឃ ក្រោយការប្រមូលផលស្រូវរួច។

ទោះជាយ៉ាងណាក៏ដោយ គណៈកម្មការរៀបចំ ឬអាជ្ញាធរអនុញ្ញាតដល់អ្នកចូលរួម នៅក្នុងព្រឹត្ដិការណ៍ចាប់ត្រីនេះ គឺមានតែការប្រើប្រាស់​ឧបករណ៍បុរាណ មានដូចជា៖ អង្គ្រុត ឈ្នាង សំណាញ់ និង ត្រក…ជាដើម។ ដោយឡែក ការប្រើប្រាស់ឧបករណ៍ឆក់ ឬមធ្យោបាយទំនើបដែលបំផ្លាញដល់ប្រព័ន្ធអេកូឡូស៊ី គឺត្រូវ​ហាមឃាត់យ៉ាងតឹងរ៉ឹងបំផុត។

​នៅក្នុងព្រឹត្ដិការណ៍ចាប់ត្រី នាឆ្នាំ២០២៦ ក្រៅតែពីមានការចូលរួមពីប្រជាជាតិខ្មែរ រាប់ពាន់នាក់នោះ ក៏មាន​ភ្ញៀវទេសចរអន្តរជាតិ ចូលរួមយ៉ាងច្រើនផងដែរ ហើយពួកគេ​ បាន​ផ្តិតយកទិដ្ឋភាព នៃពិធីចាប់ត្រីបឹងបង្កោង ដែល​ជាព្រឹត្ដិការណ៍​ទេសចរណ៍បែបវប្បធម៌ដ៏សំខាន់មួយរបស់ខេត្តសៀមរាប បន្ថែមពីលើ​ប្រាសាទបុរាណផងដែរ៕​

អត្ថបទដែលជាប់ទាក់ទង