ក្រុមអ្នកជំនាញ ជំរុញឲ្យរដ្ឋាភិបាលថ្មី ដោះស្រាយសេដ្ឋកិច្ចថៃបន្ទាន់

រាជធានីបាងកក៖ ​ភាពមិនច្បាស់លាស់ខាងនយោបាយក្នុងប្រទេស និង បញ្ហាជាច្រើន ក៏ដូចជា​ការបង្កើតជម្លោះ នៅតាមព្រំដែនជាមួយប្រទេសជិតខាង រួមមាន៖ កម្ពុជា…ជាដើម បានធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រទេសថៃ នៅជាប់គាំង ជាមួយនឹងកំណើនយឺត រយៈពេលយូរត្រឹមតែ២ភាគរយៈ រហូតកាសែតរបស់អង់គ្លេស ដែលមានអាយុកាលជាង១៣៨ឆ្នាំ ដាក់ចំណងជើង «ថៃជាអ្នកជំងឺអាស៊ី» ប៉ុន្ដែឥឡូវក្រុមអ្នកជំនាញសេដ្ឋកិច្ចថៃ ជាពិសេស​ វិស័យឯកជន បានជំរុញឲ្យរដ្ឋាភិបាលថ្មីរបស់ថៃ ត្រូវតែដោះស្រាយបញ្ហាសេដ្ឋកិច្ចជាបន្ទាន់។

ប្រព័ន្ធផ្សព្វផ្សាយជាច្រើនរបស់ប្រទេសថៃ បានផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ថា បើតាមលទ្ធផល នៃការបោះឆ្នោតបឋម កាលពីថ្ងៃអាទិត្យ បង្ហាញ ថា គណបក្សភូមិចៃថៃរបស់​នាយករដ្ឋមន្រ្តីចាំផ្ទះ លោក អានុទីន ឆានវីរៈគុល (Anutin Charnvirakul) បាននាំមុខគេ ហើយនឹងមាន​សិទ្ធិបង្កើតរដ្ឋាភិបាលចម្រុះថ្មី។​

បើតាម​គណៈកម្មការរៀបចំការបោះឆ្នោតថៃ​ បានឲ្យដឹង ថា បើគិតត្រឹមព្រឹក ថ្ងៃចន្ទ  ការិយាល័យបោះឆ្នោតជិត ៩៥ភាគរយ ត្រូវបានរាយការណ៍ អំពីការរាប់សន្លឹកឆ្នោតរួចរាល់អស់​ហើយ ជាមួយនឹងលទ្ធផលបឋម ​បង្ហាញ ថា ​គណបក្សភូមិចៃថៃរបស់លោក អានុទីន បាន​ឈ្នះប្រហែល ១៩២ អាសនៈ, គណបក្សប្រជាជន ​​ទទួលបានចំនួន១១៧ អាសនៈ​ និងគណបក្សភឿថៃ ៧៤ អាសនៈ​។

ស្របគ្នានេះដែរ ក្រុមអ្នកវិភាគសេដ្ឋកិច្ច ​បានលើកឡើង ថា ​លទ្ធផលបោះឆ្នោតថ្មីៗ អាចជំរុញឱ្យប្រទេសថៃ​ មាន​ស្ថិរភាពខាងនយោបាយជាងមុន ហើយ​អាច​​​ស្ដារ​ទំនុកចិត្ត​វិនិយោគិន និងសេដ្ឋកិច្ច ដែលកំពុងតែជាប់គាំង​ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះឡើងវិញ​។ ទន្ទឹមគ្នានេះ គ្រប់ភាគីពាក់ព័ន្ធថៃ ជាពិសេសវិស័យឯកជន បាន​អំពាវនាវទាមទារឱ្យរដ្ឋាភិបាលថ្មី ត្រូវតែដោះស្រាយ​​សេដ្ឋកិច្ច​​បន្ទាន់ ព្រោះបច្ចុប្បន្ន​ សេដ្ឋកិច្ចរបស់ប្រទេសបាន​ធ្លាក់​ចូលទៅក្នុងស្ថានភាព​​ហានិភ័យ កាន់តែខ្លាំង ​ទាំងក្នុង និងក្រៅប្រទេស។

លោក គ្រៀងក្រៃ ធៀននុគុល (Kriengkrai Thiennukul) ប្រធានសហព័ន្ធន៍ឧស្សាហកម្មថៃ (FTI) បានបញ្ជាក់ ​​ថា ក្នុងរយៈពេល៣ខែដំបូង នៃការកាន់តំណែង គឺរដ្ឋាភិបាលថ្មី គួរតែបង្កើតដំណោះស្រាយ​បន្ទាន់ សម្រាប់បញ្ហាសេដ្ឋកិច្ចសង្គម យ៉ាងហោចណាស់ ក៏៣ចំណុច ដែលប្រទេសថៃ កំពុងតែក្លាយជាអ្នកជំងឺអាស៊ី។​ អ្វីដែលអ្នកជំនាញរូបនេះ បានលើកឡើង គឺបានសម្ដៅទៅលើ​កាសែតដ៏ចំណាស់របស់ចក្រភពអង់គ្លេស ​Financial Times បានចុះផ្សាយនូវអត្ថបទរបស់ខ្លួន ជាមួយនឹងចំណងជើង ថា៖«​ ថៃជាអ្នកជំងឺអាស៊ី»។

ប្រធានសហព័ន្ធន៍ឧស្សាហកម្មថៃ បានសង្កត់ធ្ងន់ ថា ​ភាពដុនដាប នៃ​សេដ្ឋកិច្ចរបស់ប្រទេសថៃ ដោយរាប់បញ្ចូលទាំង​បំណុលគ្រួសារកើនឡើងខ្ពស់ រហូតដល់បញ្ហាហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច ដែលធ្វើឱ្យថៃ ប្រឈមនឹង​កំណើនយឺតយ៉ាវខ្លាំង បើធៀបនឹង​ប្រទេសដៃគូប្រជែងក្នុងតំបន់។ ​

​ប្រទេសថៃ មានសេដ្ឋកិច្ចធំបំផុតលំដាប់ទី២ នៅតំបន់អាស៊ាន បន្ទាប់ពីប្រទេសឥណ្ឌូណេស៊ី ដែលធ្លាប់តែជាខ្លា បានធ្លាក់មកជាអ្នកជងឺអាស៊ី ដោយសារតែសេដ្ឋកិច្ចជាប់គាំង ជាមួយនឹងវិបត្ដិនយោបាយក្នុងប្រទេសរបស់ខ្លួន និង ការបង្កើតជម្លោះជាមួយប្រទេសជិតខាង។ ដោយឡែក ប្រទេសវៀណាម វិញ កំពុងតែមានសន្ទុះសេដ្ឋកិច្ចឡើងខ្លាំង ហើយអាចធាក់ប្រទេសថៃ ចេញពីតំណែង នៃប្រទេសដែលមានសេដ្ឋកិច្ចធំលំដាប់លេខ២ នៅក្នុងប្លុកអាស៊ាន៕​​

អត្ថបទដែលជាប់ទាក់ទង