គណបក្សឈ្នះឆ្នោតនៅថៃ ដាក់ផែនការសាងសង់របងព្រំដែន ទិញគ្រឿងចម្បាំងយន្ដហោះ-នាវាមុជទឹក

រាជធានីបាងកក៖ ក្រោយទទួលបានជ័យជម្នះ នៅក្នុងការបោះឆ្នោតសកលរបស់ប្រទេសថៃ កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ ជាមួយនឹងការរំពឹងទុក ថា នាយករដ្ឋមន្រ្ដីចាំផ្ទះ លោក អនុទិន នឹងកាន់តំណែងបន្ដទៀតនោះ ការយកចិត្តទុកដាក់ បានងាកទៅរកគោលនយោបាយសំខាន់ៗ នៅក្នុងអំឡុងយុទ្ធនាការរបស់គណបក្សភូមិចៃថៃ (Bhumjaithai) រួមទាំងការកសាងជញ្ជាំងព្រំដែន និង ផែនការទិញយន្តហោះចម្បាំង និងនាវាមុជទឹក តាមរយៈកិច្ចព្រមព្រៀងទិញដូរអង្ករ។

សារព័ត៌មានជាភាសាអង់គ្លេសរបស់ថៃ Khaosod បានផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី១០ ខែកុម្ភៈ ថា លទ្ធផលបង្ហាញយ៉ាងច្បាស់ថា គណបក្សភូមិចៃថៃ ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីថៃ លោក អនុទិន ឆានវីរៈគុល (Anutin Charnvirakul) គ្រោងនឹងដឹកនាំ បង្កើតរដ្ឋាភិបាលចម្រុះថ្មីរបស់ប្រទេសថៃ បន្ទាប់ពីទទួលបានចំនួនអាសនៈច្រើនជាងគេ នៅក្នុងការបោះឆ្នោតសកល កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦។

ទន្ទឹមគ្នានេះដែរ គណបក្សប្រជាជន ដែលជាគណបក្សប្រឆាំងដ៏ធំបំផុតរបស់ប្រទេសថៃ ត្រូវគេរំពឹងទុក ថា នឹងនៅតែដើរតួនាទី ជាកម្លាំងប្រឆាំងដ៏សំខាន់ នៅក្នុងរដ្ឋសភា។

គណបក្សភូមិចៃថៃ ត្រូវគេចាត់ទុក ជាគណបក្សអភិរក្សនិយម ហើយបានធ្វើយុទ្ធនាការលើគោលនយោបាយសំខាន់ៗជាច្រើន ខណៈប្រទេសថៃ កំពុងតែជួបប្រទះនឹងបញ្ហាប្រឈមមុខជាច្រើន រួមទាំង៖ កំណើនសេដ្ឋកិច្ចថយចុះយ៉ាងខ្លាំង នៅក្នុងរយៈពេលយូរ ដែលធ្លាប់តែជាខ្លា ក៏ក្លាយមកជា«អ្នកជំងឺអាស៊ី», ការព្យាករណ៍កំណើនផលិតផលក្នុងស្រុកសរុប ឬ GDP នឹងយឺតយ៉ាវជាងបណ្តាប្រទេសផ្សេងៗ ក្នុងតំបន់អាស៊ាន, ភាពមិនច្បាស់លាស់ ដែលបណ្តាល មកពីគោលនយោបាយពន្ធដាររបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) និងភាពតានតឹងជាថ្មី នៅតាមព្រំដែន រវាងកម្ពុជា-ថៃ។

ការប៉ះទង្គិចគ្នា រវាងកងទ័ពកម្ពុជា និងទាហានថៃ បានបណ្តាលឲ្យមនុស្សស្លាប់ជាច្រើននាក់ ខណៈច្រកព្រំដែនគោក រវាងប្រទេសទាំងពីរ នៅតែបន្ដបិទដដែល។ ជម្លោះ រវាងប្រទេសទាំង២ បានបង្កឲ្យមានផលការប៉ះពាល់យ៉ាងខ្លាំង ដល់ពាណិជ្ជកម្មឆ្លងកាត់ព្រំដែន និងសេដ្ឋកិច្ចក្នុងតំបន់។

បើតាមគេហទំព័ររបស់គណបក្សភូមិចៃថៃ បានរៀបរាប់ អំពីគោលនយោបាយសន្តិសុខ ដោយផ្តោតទៅលើអ្វីដែលគេហៅ«ការសាងសង់ជញ្ជាំង» ដើម្បីការពារប្រទេស បញ្ចៀសពីការគំរាមកំហែងដ៏យូរអង្វែង នៅតាមព្រំដែនរបស់ប្រទេសថៃ។

ថ្វីបើសង្គ្រាមឈ្លានពានចុងក្រោយ កាលពីឆ្នាំ២០២៥ ចន្លោះពីថ្ងៃទី២៤ដល់២៨ ខែកក្កដា និង ចន្លោះពីថ្ងៃទី៧ដល់២៧ ខែធ្នូ បានបង្កឡើង ដោយកម្លាំងទាហានថៃ យ៉ាងណាក្ដី ប៉ុន្ដែបែរជាគណបក្សភូមិចៃថៃ បានអះអាង ថា ការគំរាមកំហែងទាំងនេះ រួមមាន ការទន្ទ្រានយកទឹកដី ការរត់ពន្ធផលិតផលកសិកម្ម ការជួញដូរគ្រឿងញៀន ពលកម្មខុសច្បាប់ និងទំនិញខុសច្បាប់ផ្សេងៗទៀត តាមអ្វីដែលគណបក្សនេះ បានអះអាង ថា បានធ្វើឱ្យខូចខាត ដល់សន្តិសុខ សេដ្ឋកិច្ច និងស្ថិរភាពសង្គមរបស់ប្រទេសថៃ។

បើតាមគណបក្សភូមិចៃថៃ បានសង្កត់ធ្ងន់ ថា របងព្រំដែនដែលត្រូវបានស្នើឡើង មិនត្រូវបានកំណត់ សម្រាប់តែកិច្ចការពារយោធាប៉ុណ្ណោះទេ ប៉ុន្តែវាពង្រីកដល់ការការពារសេដ្ឋកិច្ច និងសង្គម។ របងព្រំដែន នឹងកំណត់គោលដៅ លើការនាំចូលដោយខុសច្បាប់ ដែលធ្វើឱ្យតម្លៃផលិតផលកសិកម្មថៃធ្លាក់ចុះ ក៏ដូចជា បណ្តាញឧក្រិដ្ឋកម្មឆ្លងដែន ដែលភ្ជាប់ទៅនឹងគ្រឿងញៀន ការឆបោកតាមអ៊ិនធើរណេត ល្បែងស៊ីសង កាស៊ីណូ និង អ្វីដែលគេហៅ មូលធនពណ៌ប្រផេះ។ ប្រទេសថៃ មិនទទួលយកការគំរាមកំហែងទាំងនេះទេ ហើយត្រូវតែមានជញ្ជាំងព្រំដែនដ៏រឹងមាំ ដើម្បីការពារអធិបតេយ្យភាព សេដ្ឋកិច្ច និងគុណភាពជីវិតរបស់ប្រជាជនថៃ។

ក្រោមគោលនយោបាយ«កសិកម្មប្រកបដោយសុវត្ថិភាព»គណបក្សភូមិចៃថៃ ស្នើឱ្យប្រើប្រាស់ការជួញដូរទិញដូរ សម្រាប់ការទិញទំនិញសំខាន់ៗរបស់រដ្ឋាភិបាល ពីបរទេស។ គោលនយោបាយនេះ នឹងតម្រូវឱ្យមានការចរចាទិញទំនិញខ្នាតធំ ដូចជា យន្តហោះចម្បាំង នាវាមុជទឹក ឬនាវាចម្បាំង ដើម្បីជាថ្នូរនឹងការទិញកសិផលថៃ រួមទាំងអង្ករ កៅស៊ូ ដំឡូងមី និងពោត។ យុទ្ធសាស្រ្តនេះ ផ្ដោតទៅលើផលប្រយោជន៍ទៅវិញទៅមក ហើយនឹងបង្កើតបណ្តាញបន្ថែមសម្រាប់ស្រូបយកទិន្នផលកសិកម្មថៃ។ ប្រសិនបើអនុវត្តយ៉ាងម៉ឺងម៉ាត់ គោលការណ៍នេះ នឹងជួយការពារឃ្លាំងស្តុកទុកបន្ថែមទៀត និងជំរុញឱ្យតម្លៃកសិដ្ឋាន-ច្រកទ្វារឡើងថ្លៃ៕

អត្ថបទដែលជាប់ទាក់ទង