កម្ពុជា បណ្ដេញជនបរទេសខុសច្បាប់ ជាង៤០០នាក់

រាជធានីភ្នំពេញ៖ ​អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បានឲ្យដឹង កាលពីល្ងាច ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦​ ថា ជនបរទេសសរុប៤២៨នាក់ ត្រូវបានកងកម្លាំងសមត្ថកិច្ចជំនាញ​ ស្រាវជ្រាវ និង ឃាត់ខ្លួន ដោយសារការចូលមករស់នៅដោយខុសច្បាប់ ហើយបានបណ្ដេញ ចេញពីព្រះរាជាណាចក្រកម្ពុជា​។

​លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ កាលពី​ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦​ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បន្ត​បណ្តេញជនបរទេសសរុប​៤២៨នាក់ ដោយក្នុងនោះមាន​ស្រីចំនួន២៦នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា។ ជនបរទេសទាំងនេះ ​​មានសញ្ជាតិចំនួន១០ រួមមាន៖ នេហ្សេរី​យ៉ា នេប៉ាល់ ឥណ្ឌា  ប៉ាគីស្ថាន ចិន ហ្វីលីពីន ថៃ កូរ៉េ មីប៊ី និងឥណ្ឌូណេស៊ី។

នៅក្នុងចំណោមជនបរទេស​ទាំងនោះ មាន​ជនជាតិចិនចំនួន ៣១២នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ និងមួយចំនួនទៀត ពាក់ព័ន្ធករណីលួចឆ្លងដែន ចូលមកស្នាក់នៅ និង ធ្វើការងារខុសច្បាប់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕​

អត្ថបទដែលជាប់ទាក់ទង