សម្ដេចនាយករដ្ឋមន្រ្ដី អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A

រាជធានីភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា កាលពី​ព្រឹកថ្ងៃអង្គារ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ​បានញ្ជើញ ជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ។ នេះបើតាមទំព័របណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់សម្ដេច។

May be an image of dais and text

May be an image of dais and text

​ជាមួយនឹងសមិទ្ធផលដ៏ល្អប្រសើរនេះ សូមអបអរសាទរចំពោះក្មួយៗជ័យលាភីសិស្សនិទ្ទេស A​ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក៏ដូចជាជ័យលាភីសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ ទាំងអស់ក្នុងឆ្នាំ២០២៥។ លទ្ធផលសិស្សនិទ្ទេសA សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងជ័យលាភីសញ្ញាបត្របច្ចេកទេស​ និងវិជ្ជាជីវៈថ្ងៃនេះ គឺជានិមិត្តរូបនៃភាពជោគជ័យ កើតចេញពីការខិតខំប្រឹងប្រែងរៀនសូត្ររបស់បេក្ខជនផ្ទាល់ ពីការបង្ហាត់បង្រៀនរបស់លោកគ្រូអ្នកគ្រូនិងបុគ្គលិកសិក្សា និងជាពិសេសការជួយគាំទ្ររបស់ឪពុកម្តាយ-អាណាព្យាបាលទៅលើការសិក្សារបស់សិស្សានុសិស្ស និងរហូតទទួលបានជោគជ័យ។

May be an image of one or more people and text

លទ្ធផលកំណែទម្រង់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចាប់ពីឆ្នាំ២០១៤ រហូតដល់ឆ្នាំ ២០២៥ មានការប្រែប្រួលរីកចម្រើនគួឱ្យកត់សម្គាល់។ នៅឆ្នាំ ២០១៤ ការប្រឡងលើកទី១ និងលើក ទី២ មានបេក្ខជនទទួលបានជ័យលាភីនិទ្ទេស A មានតែចំនួន ១១នាក់តែប៉ុណ្ណោះ។ រហូតដល់ឆ្នាំ២០២៥នេះ ចំនួនបេក្ខជនប្រឡងជាប់ និងបេក្ខជនទទួលបាននិទ្ទេស A បានកើនឡើងជាបន្តបន្ទាប់ បេក្ខជនប្រឡងជាប់បានកើនដល់ ៨៤,៥៦% និងមានបេក្ខជន ទទួលបាននិទ្ទេស A មានចំនួន ៣.០២០នាក់៕

អត្ថបទដែលជាប់ទាក់ទង