សហរដ្ឋអាមេរិក ដាក់ពង្រាយប្រព័ន្ធការពារដែនអាកាស ទប់ទល់នឹងការវាយប្រហាររបស់អ៊ីរ៉ង់
រាជធានីដូហា (Doha)៖ បើតាមរូបភាពពីផ្កាយរណប បង្ហាញ ថា កងកម្លាំងសហរដ្ឋអាមេរិកបានដាក់ពង្រាយប្រព័ន្ធការពារដែនអាកាស Patriot (ផេទ្រីយ៉ូត) ចល័ត នៅឯមូលដ្ឋានកងទ័ព al-Udeid (អាល់យូដេដ) ស្ថិតក្នុងប្រទេសកាតា ចំពេលភាពតានតឹង កាន់តែកើនឡើងខ្លាំង ជាមួយនឹងអ៊ីរ៉ង់ ហើយសកម្មភាពបែបនេះ បង្ហាញ អំពីការបង្កើននូវការត្រៀមលក្ខណៈយោធាទុកជាមុន នៅទូទាំងតំបន់មជ្ឈិមបូព៌ា។ នេះបើតាមបណ្ដាញផ្សព្វផ្សាយរបស់ឥណ្ឌា Firstpost (ហ្វឺស្ដប៉ុស្ដិ៍) បានផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៦។
ភាពតានតឹង រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានកើនឡើងបន្ថែមទៀត ចាប់តាំងពីដើមឆ្នាំ២០២៦ រហូតមក ក្រោយពេលរដ្ឋាភិបាលក្រុងតេអ៊ីរ៉ង់ បានបង្ក្រាបយ៉ាងឃោរឃៅ ប្រឆាំងនឹងការតវ៉ាទ្រង់ទ្រាយធំ នៅទូទាំងប្រទេស ចាប់តាំងពីបដិវត្ដន៍អ៊ិស្លាម នាឆ្នាំ១៩៧៩ រហូតមក ខណៈលោកប្រធានាធិបតី ដូណាល់ ត្រាំ បានគំរាមកំហែងពីអន្ដរាគមន៍យោធា ដើម្បីជួយដល់ក្រុមបាតុករ។ ស្ថិតក្នុងស្ថានការណ៍បែបនេះ កងកម្លាំងសហរដ្ឋអាមេរិក ដែលឈរជើង នៅមូលដ្ឋានកងទ័ពអាកាស al-Udeid ស្ថិតក្នុងប្រទេសកាតា បានបង្កើនកម្លាំងយោធាកាន់តែច្រើនឡើង នៅតំបន់មជ្ឈិមបូព៌ា។ នេះជាការបោះជំហានដ៏ធំមួយមួយទៀត សម្រាប់កែសម្រួលដល់ឥរិយាបថការពាររបស់ពួកគេ។
បើតាមរូបភាពពីផ្កាយរណ បបង្ហាញ ថា ប្រព័ន្ធប្រឆាំងនឹងមីស៊ីលបាញ់ពីលើដីទៅអាកាស Patriot ត្រូវបានដាក់ពង្រាយរួចរាល់អស់ហើយ ដោយមានទាំងផ្ទុកមីស៊ីល ដែលបំពាក់ដោយរថយន្ត ដោយកត់សម្គាល់លើការផ្លាស់ប្តូរ ចេញពីទីតាំង ដែលបានកំណត់ និងផ្តល់ឱ្យអាវុធចល័តទំនើបៗកាន់តែច្រើនឡើងបន្ថែមទៀត។ នេះបើតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរបស់អង់គ្លេស Reuters ៕